អន្តរជាតិ
ថៃ​ថា មេក្រុម​អាវ​ក្រហម​ដែលមាន​គម្រោង​ធ្វើឃាត​លោក​ប្រា​យុទ្ធ សំងំលាក់ខ្លួន​នៅ​កម្ពុជា​
20, Mar 2017 , 9:19 pm         29501
រូបភាព
​ប៉ូលិស​ថៃ​បាន​អះអាងថា ខ្លួន​បាន​បំបែក​គម្រោង​បង្កើត​ចលាចល​និង​ធ្វើឃាត​ឧ​ត្ត​ម​សេនីយ៍​ប្រមុខ​រដ្ឋាភិបាល ប្រា​យុទ្ធ ចន្ទ​អូ​ចា នា​ថ្ងៃ ១៩​មីនា ដោយ​អាជ្ញាធរ​ចាប់ខ្លួន​មនុស្ស ៩ នាក់ និង​រឹបអូស​បាន​សព្វាវុធ​ជាច្រើន​មាន​ទាំង​កាំភ្លើង​និង​គ្រាប់បែក​។ មេ​ប៉ូលិស​ថៃ Chakthip Chaijinda បញ្ជាក់ថា អាវុធ​ទាំងនោះ​ត្រូវគេ​រកឃើញ​នៅផ្ទះ​មេដឹកនាំ​ក្រុម​អាវ​ក្រហម​លោក Wuthipong Kochathamakun ដែល​មនុស្ស​មាន​ស្វាមីភក្តិ​ចំពោះ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។ អ្វីដែល​សំខាន់​មេ​ប៉ូលិស​ថៃ​ខាងលើ​អះអាងថា Wuthipong ដែល​បាន​រត់គេចខ្លួន​តាំងពី​ឆ្នាំ ២០១៤​ក្រោយ​រដ្ឋប្រហារ​យោធា​នោះ​កំពុង​លាក់ខ្លួន​នៅ​ប្រទេសជិតខាង​ថៃ ដែល​គេ​ជឿជាក់ថា​ជា​កម្ពុជា ប៉ុន្តែ​លោក​បដិសេធ​និយាយ​ឈ្មោះ​ប្រទេស​ចំៗ​។


​ប៉ូលិស​ថៃ​បានបញ្ជាក់​ខ្លួន​បាន​រឹបអូស​សព្វាវុធ​ជាច្រើន​ប្រភេទ​មាន​ទាំង​កាំភ្លើង និង​គ្រាប់បែក​ផងដែរ​នៅក្នុង​ប្រតិបត្តិការ​មួយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​មនុស្ស​៩​នាក់​ក៏ត្រូវ​បាន​ចាប់ខ្លួន​ដូចគ្នា​។ គេ​សន្និដ្ឋាន​អាវុធ​ទាំងនោះ​ត្រូវបាន​គេ​ត្រៀម​ទុក​ដើម្បី​វាយប្រហារ​ប្រឆាំង​អាជ្ញាធរ​ថៃ​ដែល​ហ៊ុមព័ទ្ធ​វត្ត Phra Dhammakaya និង​តាម​ចាប់ខ្លួន​ចៅអធិការ​វត្ត​ដែល​គាំទ្រ​ក្រុមគ្រួសារ​ស៊ីណាវ៉ាត្រា ដោយ​ចោទថា លោក​អង្គ​នេះ​ជាប់​ពាក់ព័ន្ធ​ការលាង​លុយកខ្វក់​។​បន្ថែម​ពី​នោះ អាជ្ញាធរ​ក៏​ជឿជាក់​ដែរ​ថា  អាវុធ​ទាំងនោះ​ក៏​ស្ថិតក្រោម​គោលដៅ​នៃ​ការប្រើប្រាស់​ក្នុង​ផែនការ​ធ្វើឃាត​នាយករដ្ឋមន្ត្រី​ថៃ​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា​ដូចគ្នា​។​

​យោងតាម​សារព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ៍​ ​ឃ្លាំង​អាវុធ​ទាំងនោះ​ត្រូវគេ​រកឃើញ​នៅ​ផ្ទះមួយ​ស្ថិតនៅ​ខេត្ត Pathum Thani ដែល​វា​របស់​មេដឹកនាំ​ក្រុម​អាវ​ក្រហម​និង​ជាម​នុស្ស​ស្មោះស្ម័គ្រ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា លោក Wuthipong Kochathamakun នោះ​។ Wuthipong ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា​ជា​សហ​ស្ថាបនិក​រណសិរ្ស​រួបរួម​ដើម្បី​ប្រជាធិបតេយ្យ​ប្រឆាំង​របប​ផ្តាច់ការ (UDD) ហើយ​លោក​បាន​រត់គេចខ្លួន​ក្រោយ​របប​សឹក​ចេញ​ដីកាចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ប្រមាថ​ព្រះមហាក្សត្រ​ក្នុង​ខែមេសា​ឆ្នាំ​២០១៤​។​

​មេប៉ូលីស​ជាតិ​ថៃ Chaktip Chaijinda បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា អាវុធ​ខ្លះ​ដែល​គេ​ដក​ហូ​បាន​នេះ​គឺជា​អាវុធ​ដែល​ដណ្តើមបាន​ពី​ក្រុម​យោធា​ក្នុងពេល​មាន​ហិង្សា​ដែល​បង្កឡើង​ដោយ​ចលនា​បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម​នា​ក្រុង​បាងកក​នៅ​ឆ្នាំ ២០១០​នោះ​។ លោក​អះអាង​ផ្ទាល់មាត់​ថា គេ​ត្រៀម​អាវុធ​ទាំងនេះ​ដើម្បី​វាយប្រហារ​ប្រឆាំង​អាជ្ញាធរ និង​ឈានទៅ​ធ្វើឃាត​នាយករដ្ឋមន្ត្រី​ថៃ​ផងដែរ​។ វា​ជាការ​គំរាមកំហែង​សន្តិសុខ​ជាតិ​និង​សណ្តាប់ធ្នាប់​សាធារណ​ដែល​ចាំបាច់​ត្រូវមាន​ការដោះស្រាយ​។​

​ខណៈដែល​មានការ​ចោទប្រកាន់​នោះ បុរស​ម្នាក់​ដែល​អះអាងថា​ខ្លួន​ជា​លោក Wuthipong បាន​ថត​វីដេអូ​បង្ហោះ​និង​បកស្រាយ​ថា​លោក​មិនបាន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​អាវុធ​ដែល​គេ​រឹបអូស​បានឡើយ​។  លោក​បន្ថែមថា គ្រប់យ៉ាង​គឺជា​ការរៀបចំ​ឡើង​រប​ស់​របប​សឹក​ដើម្បី​បង្ខូចឈ្មោះ​ក្រុម​អាវ​ក្រហម​និង​លាប​ព៌​ណ​ថា ក្រុម​អាវ​ក្រហម​កំពុង​រៀបចំ​ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​ប្រឆាំង​អាជ្ញាធរ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ វា​ហាក់ដូចជា​មិនមាន​អ្វី​ចម្លែក​ទេ​ព្រោះ​តាំងពី​រដ្ឋប្រហារ​យោធា​កើតឡើង​ឆ្នាំ ២០១៤ របប​សឹក​ថៃ​បាន​បន្ត​រឹបអូស​សព្វាវុធ​ដោយ​ដាក់​កំហុស​លើ​ក្រុម​អាវ​ក្រហម​ដោយ​ចោទថា​ពួកគេ​មាន​គម្រោង​បង្ក​អស្ថេរភាព អសន្តិសុខ និង​ដើម្បី​ដណ្តើម​អំណាច​មកវិញ​ជាដើម​។​

-​ប៉ូលិស​ថៃ​ចោទថា មេដឹកនាំ​អាវ​ក្រហម​ម្នាក់នេះ​លាក់ខ្លួន​នៅ​កម្ពុជា​

​បើតាម​សារព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ៍​ដដែល មេ​ប៉ូលិស​ថៃ​បញ្ជាក់ថា លោក Wuthipong កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ទឹកដី​ប្រទេសជិតខាង​ថៃ (​ដែល​គេ​សន្និដ្ឋានថា​ជា​កម្ពុជា ទោះជា​មេ​ប៉ូលិស​ថៃ​បដិសេធ​ហៅ​ឈ្មោះ​ប្រទេស​នោះ​ចំ​ក៏ដោយ​) ហើយ​អាជ្ញាធរ​ថៃ​កំពុង​ស្វែងរក​ការសហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ឈានទៅ​ចាប់ខ្លួន​ជននេះ​ផង​។​

​មូលហេតុ​ដែល​គេ​សន្និដ្ឋានថា លោក Wuthipong កំពុង​លាក់ខ្លួន​នៅ​កម្ពុជា​ដោយសារ ដើមខែ​កម្ភៈ​ឆ្នាំ ២០១៤ លោក Wuthipong បាន​រត់​ភៀសខ្លួន​ចេញ​កម្ពុ​ជាមុន​ការបោះឆ្នោត​នៅ​ថៃ​។ ការរត់​ភៀសខ្លួន​នេះ​កើតឡើង បន្ទាប់ពី​លោក​និយាយ​វាយប្រហារ​និង​ចោទថា​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បញ្ជា​ឲ្យ​គេ​សម្លាប់​លោក​។ ហើយពីរ​ខែក្រោយ​មក របប​សឹក​ចេញ​ដីកាចាប់ខ្លួន​លោក​ជា​ផ្លូវការ​ដោយ​ចោទប្រកាន់ថា​លោក​ប្រមាថ​ព្រះមហាក្សត្រ​តែម្តង​។​

​ខណៈដែល​មេ​ប៉ូលិស​ថៃ​មិន​ហៅ​ឈ្មោះ​កម្ពុជា​ចំៗ​ក៏ដោយ លោក​បាន​បន្ថែមថា​៖« អាជ្ញាធរ​ថៃ​បាន​ព្យាយាម​ទាក់ទង ខាង​ភាគី​ប្រទេសជិតខាង​ថៃ (​កម្ពុជា​) ដើម្បី​សុំ​ធ្វើ​បត្យាប័ន​លោក Wuthipong មក​កាត់ទោស ប៉ុន្តែ​ខាង​ភាគី​ប្រទេសជិតខាង​មិន​ផ្តល់​ចម្លើយ​វិជ្ជមាន​ជុំវិញ​ការសហការ​គ្នា​នេះឡើយ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev123next