អន្តរជាតិ
តៃវ៉ាន់ ប្រាប់​ចិន និង​អាមេរិក​ថា «​កុំ​យក​ខ្លួន​ជា​កូនអុក​ដើម្បី​តថ្លៃ​ប្រយោជន៍​ផ្ទាល់ខ្លួន​»
21, Mar 2017 , 8:39 am        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ជួបគ្នា​នៅពេល​ខាងមុខ​។​ជំនួប​នេះ នឹង​ផ្ដោត​សំខាន់​លើ​ទំនាក់ទំនង​រវាង​រដ្ឋ​បាល​អាមេរិក​ថ្មី និង​ចិន ខណៈដែល​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​កោះ​តៃវ៉ាន់ ក៏​ទំនងជា​ត្រូវបាន​លើកឡើង​ផងដែរ​។ ដោយសារ​រឿងនេះ រដ្ឋាភិបាល​តៃវ៉ាន់​ក៏បាន​ប្រាប់​ទាំង​ចិន ទាំង​អាមេរិក​ជាមុន​ថា មិន​ត្រូវយក​បញ្ហា​ឯករាជ្យ​កោះ​តៃវ៉ាន់ ធ្វើជា​កូនអុក​ដើម្បី​ប្រយោជន៍​ខ្លួនឯង​ឡើយ ព្រោះ​តៃវ៉ាន់​ក៏មាន​ប្រយោជន៍​ផ្ទាល់​ខ្លូន​ដែរ​។​



​បញ្ហា​កោះ​តៃវ៉ាន់ ជា​រឿងចម្រូងចម្រាស​មួយ​ដែល​បង្ក​ការខ្វែងគំនិត​រវាង​មហាអំណាច​អាមេរិក និង​មហា​យក្ស​ចិន ជាពិសេស​ចាប់តាំងពី​លោក ដូ​ណា​ល់ ត្រាំ ចូលកាន់​តំណែង​មក​នោះ​។ ទាំង​ក្រុង​ប៉េកាំង ទាំង​ក្រុង​វ៉ាស៊ីនតោន ហាក់​យក​សន្លឹក​បៀ​តៃវ៉ាន់ ដើម្បី​ទាញយក​ប្រយោជន៍​រៀងៗ​ខ្លួន​។ រដ្ឋបាល​លោក ត្រាំ ទំនង​យក​រឿង​តៃវ៉ាន់ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ចិន​ដំឡើងថ្លៃ​ប្រាក់​យ័ន និង​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង ឯ​ចិន​ចាត់ទុក​តៃវ៉ាន់ ជា​រឿង​ផ្ទៃក្នុង​សុទ្ធសាធ​។​

​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ ព្រួយបារម្ភ​ខ្លាំង ព្រោះ​មហាអំណាច​កំពុង​ប្រើប្រាស់​ខ្លួន​ដើម្បី​កេង​យក​ផលប្រយោជន៍ ជាជាង​ដោះស្រាយ​បញ្ហា​ដោយ​ចិត្ត​ស្មោះ​។ យ៉ាងណាក្ដី តៃវ៉ាន់ នឹងមិន​សុខចិត្ត​ធ្វើជា​កូនអុក​របស់​អាមេរិក និង​ចិន ហើយ​សុខចិត្ត​បោះបង់​ប្រយោជន៍​របស់ខ្លួន​នោះដែរ​។ រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ចិនដីគោក​របស់​កោះ​តៃវ៉ាន់ Catherine Chang បានស្នើ​​មហាអំណាច​ទាំងពីរ មិនត្រូវ​ប្រើប្រាស់​តៃវ៉ាន់ ជា​កូនអុក​ដើម្បី​ស្ដារ​ទំនាក់ទំនង​របស់ខ្លួន​ឡើយ​។​

​អាមេរិក ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់បំផុត​របស់​កោះ​តៃវ៉ាន់ ហើយក៏​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំជាងគេ​របស់​កោះ​មួយ​នេះដែរ​។ កន្លងមក អាមេរិក តែង​ប្រកាសថា​ខ្លួន​ទទួលស្គាល់​នយោបាយ​ចិន​តែមួយ តែ​ទន្ទឹមគ្នា​នោះ​អាមេរិក ក៏បាន​ពង្រឹង​ទំនាក់ទំនង​មិន​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​ដែរ និង​បាន​ជួយ​ដែន​កោះ​មួយ​នេះ​រហូតមក​។ ចិន ខឹង​ខ្លាំង ពេល​អាមេរិក​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ម្ដងៗ ដែលខុស​ការប្ដេជ្ញាចិត្តរបស់ខ្លួន។ ហើយ​ជារឿយៗ​ចិនក៏​ប្រកាសថា ខ្លួនមិន​រួញរា​ក្នុងការ​ប្រើ​កម្លាំង​ទ័ព​ដណ្ដើមយក​តៃវ៉ាន់​វិញ​ឡើយ​។​

​តាមពិតទៅ ក្រុង​ប៉េកាំង តែង​ចេញមុខ​ប្រឆាំង​ដាច់ខាត​សកម្មភាព​លក់​អាវុធ​របស់​អាមេរិក ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ហើយ​តែង​ប្រាប់​អាមេរិក​ពី​ផលប៉ះពាល់​នៃ​សកម្មភាព​បែបនេះ​។ មិនតែប៉ុណ្ណោះ ប៉េកាំង ក៏​តែង​ប្រាប់​ឲ្យ​អាមេរិក​ប្រយ័ត្នប្រយែង និង​ត្រូវ​ដឹងថា បញ្ហា​កោះ​តៃវ៉ាន់​ជា​រឿង​រសើប ដែល​មិនអាច​មិន​អើពើ​បានឡើយ​។ ចិន តែង​ចាត់ទុក​តៃវ៉ាន់​ជា​អាណាខេត្ត​មួយ​របស់ខ្លួន។ ដូច្នេះ​ការ​មាន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ គឺជា​ការមើលស្រាល​ខ្លួន​តែម្ដង​។​

​ក្រុង​ប៉េកាំង រឹតតែ​ក្ដៅស្លឹកត្រចៀក ពេល​រដ្ឋបាល​ប្រ​ធា​ធិបតី ត្រាំ យល់ព្រម​ឲ្យ​យន្តហោះ​ប្រធានាធិបតី​តៃវ៉ាន់ ចូល​ចត​ទឹកដី​អាមេរិក ដោយ​មិន​អើពើ​ការអំពាវនាវ​របស់​ចិន​។ រឹតតែ​ធ្ងន់ធ្ងរ លោក ត្រាំ ថែមទាំង​និយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​ទៅទៀត​។ យ៉ាងណាក្ដី លោក ត្រាំ ក៏​បែរជា​ប្រាប់​ចិន​ថា ខ្លួន​នៅតែ​ប្រកាន់ខ្ជាប់​នយោបាយ​ចិន​តែមួយ​ដដែល តែ​ចិន​ត្រូវធ្វើ​សម្បទាន​ខ្លះមក​ឲ្យ​អាមេរិក​វិញ​ដែរ​។​


Tag:
 តៃវ៉ាន់​
  ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com