អន្តរជាតិ
តៃវ៉ាន់ ប្រាប់ចិន និងអាមេរិកថា «កុំយកខ្លួនជាកូនអុកដើម្បីតថ្លៃប្រយោជន៍ផ្ទាល់ខ្លួន»
× ប្រធានាធិបតីចិន ស៊ី ជីនភីង និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបគ្នានៅពេលខាងមុខ។ជំនួបនេះ នឹងផ្ដោតសំខាន់លើទំនាក់ទំនងរវាងរដ្ឋបាលអាមេរិកថ្មី និងចិន ខណៈដែលបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងកោះតៃវ៉ាន់ ក៏ទំនងជាត្រូវបានលើកឡើងផងដែរ។ ដោយសាររឿងនេះ រដ្ឋាភិបាលតៃវ៉ាន់ក៏បានប្រាប់ទាំងចិន ទាំងអាមេរិកជាមុនថា មិនត្រូវយកបញ្ហាឯករាជ្យកោះតៃវ៉ាន់ ធ្វើជាកូនអុកដើម្បីប្រយោជន៍ខ្លួនឯងឡើយ ព្រោះតៃវ៉ាន់ក៏មានប្រយោជន៍ផ្ទាល់ខ្លូនដែរ។
បញ្ហាកោះតៃវ៉ាន់ ជារឿងចម្រូងចម្រាសមួយដែលបង្កការខ្វែងគំនិតរវាងមហាអំណាចអាមេរិក និងមហាយក្សចិន ជាពិសេសចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងមកនោះ។ ទាំងក្រុងប៉េកាំង ទាំងក្រុងវ៉ាស៊ីនតោន ហាក់យកសន្លឹកបៀតៃវ៉ាន់ ដើម្បីទាញយកប្រយោជន៍រៀងៗខ្លួន។ រដ្ឋបាលលោក ត្រាំ ទំនងយករឿងតៃវ៉ាន់ ដើម្បីដាក់សម្ពាធឲ្យចិនដំឡើងថ្លៃប្រាក់យ័ន និងដោះស្រាយបញ្ហាកូរ៉េខាងជើង ឯចិនចាត់ទុកតៃវ៉ាន់ ជារឿងផ្ទៃក្នុងសុទ្ធសាធ។
រដ្ឋាភិបាលកោះតៃវ៉ាន់ ព្រួយបារម្ភខ្លាំង ព្រោះមហាអំណាចកំពុងប្រើប្រាស់ខ្លួនដើម្បីកេងយកផលប្រយោជន៍ ជាជាងដោះស្រាយបញ្ហាដោយចិត្តស្មោះ។ យ៉ាងណាក្ដី តៃវ៉ាន់ នឹងមិនសុខចិត្តធ្វើជាកូនអុករបស់អាមេរិក និងចិន ហើយសុខចិត្តបោះបង់ប្រយោជន៍របស់ខ្លួននោះដែរ។ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់ Catherine Chang បានស្នើមហាអំណាចទាំងពីរ មិនត្រូវប្រើប្រាស់តៃវ៉ាន់ ជាកូនអុកដើម្បីស្ដារទំនាក់ទំនងរបស់ខ្លួនឡើយ។
អាមេរិក ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេរបស់កោះមួយនេះដែរ។ កន្លងមក អាមេរិក តែងប្រកាសថាខ្លួនទទួលស្គាល់នយោបាយចិនតែមួយ តែទន្ទឹមគ្នានោះអាមេរិក ក៏បានពង្រឹងទំនាក់ទំនងមិនផ្លូវការជាមួយកោះតៃវ៉ាន់ដែរ និងបានជួយដែនកោះមួយនេះរហូតមក។ ចិន ខឹងខ្លាំង ពេលអាមេរិកលក់អាវុធឲ្យតៃវ៉ាន់ម្ដងៗ ដែលខុសការប្ដេជ្ញាចិត្តរបស់ខ្លួន។ ហើយជារឿយៗចិនក៏ប្រកាសថា ខ្លួនមិនរួញរាក្នុងការប្រើកម្លាំងទ័ពដណ្ដើមយកតៃវ៉ាន់វិញឡើយ។
តាមពិតទៅ ក្រុងប៉េកាំង តែងចេញមុខប្រឆាំងដាច់ខាតសកម្មភាពលក់អាវុធរបស់អាមេរិក ទៅឲ្យកោះតៃវ៉ាន់ ហើយតែងប្រាប់អាមេរិកពីផលប៉ះពាល់នៃសកម្មភាពបែបនេះ។ មិនតែប៉ុណ្ណោះ ប៉េកាំង ក៏តែងប្រាប់ឲ្យអាមេរិកប្រយ័ត្នប្រយែង និងត្រូវដឹងថា បញ្ហាកោះតៃវ៉ាន់ជារឿងរសើប ដែលមិនអាចមិនអើពើបានឡើយ។ ចិន តែងចាត់ទុកតៃវ៉ាន់ជាអាណាខេត្តមួយរបស់ខ្លួន។ ដូច្នេះការមានទំនាក់ទំនងជាមួយតៃវ៉ាន់ គឺជាការមើលស្រាលខ្លួនតែម្ដង។
ក្រុងប៉េកាំង រឹតតែក្ដៅស្លឹកត្រចៀក ពេលរដ្ឋបាលប្រធាធិបតី ត្រាំ យល់ព្រមឲ្យយន្តហោះប្រធានាធិបតីតៃវ៉ាន់ ចូលចតទឹកដីអាមេរិក ដោយមិនអើពើការអំពាវនាវរបស់ចិន។ រឹតតែធ្ងន់ធ្ងរ លោក ត្រាំ ថែមទាំងនិយាយទូរសព្ទជាមួយប្រធានាធិបតីតៃវ៉ាន់ទៅទៀត។ យ៉ាងណាក្ដី លោក ត្រាំ ក៏បែរជាប្រាប់ចិនថា ខ្លួននៅតែប្រកាន់ខ្ជាប់នយោបាយចិនតែមួយដដែល តែចិនត្រូវធ្វើសម្បទានខ្លះមកឲ្យអាមេរិកវិញដែរ។
Tag:
តៃវ៉ាន់
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com