ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ ខុសពី​ប្រភេទ​ទី​២ ដូចម្តេច​ខ្លះទៅ​?
22, Mar 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​សង្គម​ស្រុក​ខ្មែរ​យើង​នាពេល​បច្ចុប្បន្ន ក៏​មិនសូវ​ខុសពី​ប្រទេស​គេ​ទេ គឺមាន​អ្នកជំងឺ​ទឹកនោមផ្អែម​ច្រើនណាស់ ដោយសារតែ​កង្វះ​ការយល់ដឹង​អំពី​របៀប​រស់នៅ ជាពិសេស​ការទទួល​ទាន​អាហារ​តែម្តង​។ យ៉ាងណាមិញ តាម​ទ្រឹស្តី​វេជ្ជសាស្ត្រ​គេ​បាន​រកឃើញថា ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​ទាក់ទង​នឹង​ការរំលាយ​អាហារ ដែល​វា​ត្រូវបាន​ចែកចេញជា​ពីរ​ប្រភេទ​គឺ​ប្រភេទ​ទី​១ និង​ទី​២​។​



​ចំពោះ​រោគសញ្ញា​របស់​វា​វិញ​អាចមាន​ដូចជា​៖

•    នោម​ញឹក ជាពិសេស​ពេលយប់​
•    រមាស់​ប្រដាប់ភេទ ឬ​មាន​ការបង្ក​រោគ​ផ្សិត​
•    ស្រេកទឹក​
•    អស់កម្លាំង និង​ល្ហិតល្ហៃ​
•    ស្រក​ទម្ងន់​
•    របួស​ក្រ​ជា​
•    ព្រឹល​ភ្នែក​

​ដូច្នេះ​ដើម្បី​ចង់ដឹងថា​ជំងឺ​ទឹកនោមផ្អែម​ទាំងពីរ​ប្រភេទ​នេះ​មាន​លក្ខណៈ​ខុសគ្នា​ដូចម្តេច​នោះ សូម​តាមដាន​ជាមួយ​ខ្ញុំ​ដូចតទៅ​៖

​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១
​អត្រា​នៃ​អ្នក​កើត​ជំងឺ​នេះ​មាន​ប្រហែល ៥ ទៅ​១០​ភាគរយ​ប៉ុណ្ណោះ​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម​ទាំងអស់ ហើយ​ជំងឺ​នេះ​ច្រើនតែ​កើត​ឡើងលើ​មនុស្ស​អាយុ​ក្រោម ៣០​ឆ្នាំ ហើយ​ពេលខ្លះ​ចាប់ផ្តើម​កើតមុន​អាយុ ១៥​ឆ្នាំ​ក៏មានដែរ ដូច្នេះ​ទើប​គេ​ឲ្យ​ឈ្មោះ​វា​ម្យ៉ាង​ទៀតថា Juvenile Diabetes​។ យ៉ាងណាមិញ ជំងឺ​នេះ​ក៏ត្រូវ​បាន​គេ​រកឃើញ​ទៀតថា មានការ​កើតឡើង​លើ​ក្មេងប្រុស​ច្រើនជាងគេ​។​

​វា​គឺជា​ប្រភេទ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការខុស​ប្រក្រតី​រ៉ាំរ៉ៃ ដែល​ច្រើនតែ​កើតឡើង​តាមរយៈ​ដំណរ​ពូជ ខូច​ប្រព័ន្ធ​ភាពស៊ាំ ជាពិសេស​កោសិកា​ផលិត​អ័រម៉ូន​អាំង​ស៊ុយ​លីន​ក្នុង​លំពែង​ខូច​តែម្តង​។ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនអាច​ចូលទៅ​ចិញ្ចឹម​កោសិកា​បាន និង​ឡើង​ខ្ពស់​ក្នុង​ឈាម​តែម្តងទៅ​។​

​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២
​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​គឺជា​ជំងឺ​ដែល​កើត​ញឹកញាប់​ជាងគេ ហើយ​ភាគរយៈ​របស់​វា​មាន​ប្រហែល ៩០​ភាគរយ​ឯណោះ​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម​ទាំងអស់​។ ជំងឺ​នេះ​ភាគច្រើន​ឃើញ​មាន​លើ​អ្នក​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើងទៅ​។​

​ទាក់ទង​នឹង​ជំងឺ​នេះដែរ មូលហេតុ​របស់​វា​អាច​ដោយសារតែ​លំពែង​មិនអាច​ផលិត​អាំង​ស៊ុយ​លីន​បាន​គ្រប់គ្រាន់ ឬ​កោសិកា​ទាំងអស់​មិនអាច​ប្រើប្រាស់​អាំង​ស៊ុយ​លីន​ដើម្បី​អនុញ្ញាតិ​ឲ្យ​ជាតិ​ស្ករ​ចេញពី​ចរន្តឈាម​ចូល​កោសិកា​បាន​។​

​សម្រាប់​មនុស្ស​ធាត់​ជ្រុល ជាពិសេស​ធាត់​ក្បាលពោះ អាច​នឹងធ្វើ​ឲ្យ​សមត្ថភាព​របស់​កោសិកា​ចាប់យក​អាំង​ស៊ុយ​លីន​ថយចុះ​បាន​។ ហើយ​វា​ក៏​ជា​ហេតុផល​ដ៏​ចំបង​បំផុត​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com