ជាតិ
សេដ្ឋកិច្ច
មជ្ឈមណ្ឌល​កសិកម្ម​អ៊ីស្រាអែល សុំ​បង្កើត​«​កសិដ្ឋាន​គំរូ​»​ដើម្បី​ប្រើ​បច្ចេកទេស​កសិកម្ម​អ៊ីស្រាអែល​ឲ្យ​ត្រូវ​បរិបទ​កម្ពុជា​
21, Mar 2017 , 8:59 pm        
រូបភាព
រូបភាពពីក្រសួងកសិកម្ម
រូបភាពពីក្រសួងកសិកម្ម
ដោយ:
​ភ្នំពេញ​៖  មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​កសិកម្ម​របស់​ប្រទេស​អី​ស្រា​អែល បានស្នើ​ក្រសួងកសិកម្ម​ផ្ដល់​ទីតាំង​ដែលមាន​ទំហំ​ដី ២០​ហិកតា ដើម្បី​បង្កើត​កសិដ្ឋាន​គំរូ​មួយ​នៅ​កម្ពុជា​។ កសិដ្ឋាន​គំរូ​នេះ នឹង​ក្លាយជា​កន្លែង​អនុ​វត​ជាក់ស្ដែង​លើ​ជំនាញ​កសិកម្ម សម្រាប់​និស្សិត​ដែល​បានបញ្ចប់​ការបណ្ដុះបណ្ដាល​ពី​ប្រទេស​អ៊ីស្រាអែល ហើយនឹង​បន្ត​ផ្សព្វផ្សាយ​បច្ចេកទេស​ទាំងនេះ​ដល់​កសិករ​។ នេះ​បើតាម​លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​ការបង្កើត​កសិដ្ឋាន​គំរូ​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់ លោក Yaron Tamir នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ក​សិ​កម្ម​របស់​អ៊ីស្រាអែល ក្នុង​ឱកាសលោក​ជួបពិភាក្សា​ការងារ​ជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២០​ខែមីនា​។

​លោក ឡោ រស្មី ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​នេះ និង​បញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​សាលា​ជាតិ​កសិកម្ម​ព្រែកលាប ​ពិភាក្សា​រក​ទីតាំង​សមស្រប សម្រាប់​គម្រោង​កសិដ្ឋាន​គំរូ​នេះ​។ លោក​បន្ថែមថា ក្រុមការងារ​ នឹង​ពិនិត្យ​លទ្ធភាព ជាអាទិភាព លើ​ទីតាំង​ក្នុង​ស្ថា​យ​នី​យ​ពិសោធន៍​នៅ​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ​។​

​កសិដ្ឋាន​គំរូ​នេះ នឹង​ផ្ដល់ឱកាស​ដល់​និស្សិត ​បាន​ប្រើប្រាស់​បទពិសោធន៍ បច្ចេកទេស​របស់​អ៊ីស្រាអែល ឲ្យ​ស្របតាម​បរិបទ​កសិកម្ម​របស់​កម្ពុជា​។ លោក ឡោ រស្មី ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖«​ការងារ​ស្រាវជ្រាវ ផ្សព្វផ្សាយ​បច្ចេកទេស​ ធ្វើឡើង​ក្នុង​បរិបទ​កម្ពុជា ថា​យើង​បានទទួល​បទពិសោធន៍​ពី​អ៊ីស្រាអែល តែ​យើង​យកមក​ធ្វើ​នៅ​ប្រទេស​កម្ពុជា​។ អ៊ីស្រាអែល​ធាតុអាកាស​ផ្សេង កម្ពុជា​ធាតុអាកាស​ផ្សេង​»​។

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​រូបនេះ រំពឹងថា កសិដ្ឋាន​គំរូ​នេះ​ផ្ដល់ឱកាស មិន​ត្រឹមតែ​សម្រាប់​និស្សិត​ដែល​បាន​ទៅ​សិក្សា​នៅ​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​និស្សិត​កសិកម្ម​កម្ពុជា​ទូទៅ ​បាន​ស្រាវជ្រាវ ពិសោធន៍​លើ​ជំនាញ​កសិកម្ម និង​ផ្សព្វផ្សាយ​បច្ចេកទេស​ទាំងនេះ​ បន្ត​ដល់​កសិករ​រាប់លាន​នាក់​ទូទាំងប្រទេស​កម្ពុជា​។​

​បើតាម លោក ឡោ រស្មី មជ្ឈមណ្ឌល​របស់​អ៊ីស្រាអែល​មួយ​នេះ គិត​ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៦ បានផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ផ្នែក​កសិកម្ម​របស់​កម្ពុជា​ជាង ៣០០​នាក់​ហើយ ដើម្បី​ទៅធ្វើ​កម្មសិក្សា​រយៈពេល ១១​ខែ នៅ​ប្រទេស​អ៊ីស្រាអែល​ ហើយ​មជ្ឈមណ្ឌល​នេះ ​នឹង​បន្ត​ផ្ដល់​អាហា​រូបកណ៍​នេះ​បន្ថែមទៀត​។​

​នៅពេលដែល​កសិដ្ឋាន​គំរូ​នេះ ត្រូវបាន​បង្កើតឡើង វា​នឹង​ក្លាយជា​កន្លែង​ដក​បទពិសោធន៍ ទ្រង់ទ្រាយ​ធំ​លើកដំបូង ដែលជា​ការសហការ​រ​វាង​ក្រសួង និង​ភាគី​បរទេស​។ លោក ឡោ រស្មី បញ្ជាក់ថា​៖«​ខាង​បរទេស (​ផ្សេង​ពី​អ៊ីស្រាអែល​) មិនមាន​ទេ គឺ​មានតែ​តាមរយៈ​គម្រោង​ផ្សេងៗ​។ ដោយឡែក​សម្រាប់​សហប្រតិបត្តិ​ការ របៀប​ដូច​អ៊ីស្រាអែល​នេះ​ មិនមាន​ទេ​។ យើង​មាន​ដែរ​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​របស់​យើង ដែលមាន​ការផ្ដល់​អ្នក​ជំនាញ​ខ្លះៗ តែ​នេះ (​គម្រោង​របស់​អ៊ីស្រាអែល​) គឺ​សម្រាប់​និស្សិត​យើង ​ដែល​ចង់​ផ្សារភ្ជាប់​ទ្រឹស្ដី​ ទៅនឹង​ការអនុវត្ត​ជាក់ស្ដែង​»៕


Tag:
 ឡោ រស្មី​
  កសិដ្ឋាន​គំរូ​
© រក្សាសិទ្ធិដោយ thmeythmey.com