កីឡាអន្តរជាតិ
អន្តរជាតិ
Schweinsteiger ចេញពី Man Utd ទៅ​ចូលរួម​ជាមួយ​ក្រុម​នៅ​អាមេរិក​
21, Mar 2017 , 4:19 pm        
រូបភាព
Bastian Schweinsteiger នឹងចូលរួម​ជាមួយ​ក្រុម Chicago Fire ដែលមាន​មូលដ្ឋាន​នៅ​លី​ក​កំពូល​អាមេរិក (MLS) នៅ​សប្តាហ៍​ក្រោយ​នេះហើយ បន្ទាប់ពី​រួមរស់​ជាមួយ​បិសាច​ក្រហម Manchester United ពីរ​រដូវ​កាល​កន្លងមក​។​



​ក្លិប​ដែល​ស្ថិតក្នុង​ក្របខណ្ឌ​កំពូល​អាមេរិក Chicago Fire នឹង​ចុះកិច្ចសន្យា​នាំយក​កីឡាករ​ជើងចាស់​សញ្ជាតិ​អាល្លឺម៉ង់ Bastian Schweinsteiger ពី​ក្លិប Man Utd នៅ​សប្តាហ៍​ក្រោយនេះ ដោយ​សន្យាថា​នឹង​ផ្តល់​តម្លៃ​ពលកម្ម​រហូតដល់ បួន​លាន​ប្រាំ​សែន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧​នេះ​។​

​បើតាម​ការចុះផ្សាយ​រប​ស់ Goal.com អតីត​ខ្សែបម្រើ​របស់​អាល្លឺម៉ង់​រូបនេះ​បាន​និយាយថា​៖« ពេញ​មួយ​អាជីព​របស់ខ្ញុំ ខ្ញុំ​តែងតែ​សង្ឃឹមថា​អាច​រក​ឱកាស​នៅ​ទីកន្លែង​មួយ ដែល​អាចជួយ​ខ្ញុំ​ឲ្យ​បង្កើត​អ្វីដែល​អស្ចារ្យ​»​។​

​មុន​ផ្លាស់​ចេញទៅ Man Utd កាលពី​ឆ្នាំ​២០១៥ Schweinsteiger ធ្លាប់ជួយ​ឲ្យ​ក្លិប Bayern Munich ឈ្នះ​ពាន​កំពូល​អាល្លឺម៉ង់ ៨​សម័យកាល និង​ជួយ​ក្រុម​នេះ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League កាលពី​ឆ្នាំ​២០១២-២០១៣​។​

 ​
ខ្សែបម្រើ​ជើងចាស់​វ័យ​៣២​ឆ្នាំ​ដែល​ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​បាល់ទាត់​អាល្លឺម៉ង់​កាលពី​រដូវក្តៅ​កន្លងទៅ ក៏​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ក្រុម​ជម្រើសជាតិ​១២១​ដង និង​ជួយ​ឲ្យ​អាល្លឺម៉ង់​ឈ្នះ World Cup កាលពី​ឆ្នាំ​២០១៤​ផងដែរ​៕

Tag:
 បាល់ទាត់​
  Bastian Schweinsteiger
  Chicago Fire
  Man Utd
© រក្សាសិទ្ធិដោយ thmeythmey.com