កីឡាជាតិ
ជាតិ
កម្ពុជា​ស្វាគមន៍​ឥណ្ឌា​ក្នុងជំនួប​មិត្តភាព​ល្ងាច​នេះ ក្រោយ​ខាន​ជួបគ្នា​១០​ឆ្នាំ​
22, Mar 2017 , 8:39 am        
រូបភាព
ដោយ: រួបរួម
​លោក Leonardo Vitorino នឹង​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​លើកដំបូង​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ឥណ្ឌា នា​វេលា​ម៉ោង​៦ និង​៣០​នាទី ល្ងាច​ថ្ងៃ​ពុធ ទី​២២ ខែមីនា ឆ្នាំ​២០១៧ នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​



​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ឥណ្ឌា ប្រើប្រាស់​ជំនួប​មិត្តភាព​អន្តរជាតិ​នា​ល្ងាច​ថ្ងៃ​ពុធ​នេះ ដើម្បី​ពង្រឹង​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFC Asian Cup ឆ្នាំ​២០១៩ និង​ជាការ​ប្រកួត​លើកដំបូង​របស់​ក្រុម​ទាំងពីរ​ប្រចាំឆ្នាំ​២០១៧​ផងដែរ​។​

​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា កីឡាករ​របស់លោក​នឹង​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នៅលើ​ទីលាន​។ គ្រូបង្វឹក​ដែល​ទើបតែ​ចូលកាន់​តំណែង​ជំនួស​លោក Lee Tae Hoon កាលពី​ដើមខែ​កន្លងមកនេះ បាន​អះអាងថា ក្រុម​របស់លោក​នឹងមាន​ការប្រកួត​ល្អប្រសើរ​។​

​ជាមួយគ្នានេះ​ផងដែរ គ្រូបង្វឹក​អង់គ្លេស លោក Stephen Constantine រំពឹង​យ៉ាង​មុតមាំ​ថា ក្រុម​ឥណ្ឌា​របស់លោក​នឹង​ផ្តល់​មេរៀន​បរាជ័យ​ដល់​កម្ពុជា​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​នេះ​។ លោក​បញ្ជាក់ថា ជ័យជម្នះ​គឺជា​កម្លាំងចិត្ត​ដ៏​សំខាន់​សម្រាប់​ក្រុម​របស់លោក​នៅមុន​ជំនួប​ផ្លូវការ​នាពេលខាងមុខ​។​

​កម្ពុជា និង​ឥណ្ឌា ធ្លាប់​ជួបគ្នា​៤​លើក ដោយ​កម្ពុជា​ឈ្នះ​តែមួយ​លើក​គត់​។ នា​វគ្គ​ជម្រុះ​ពូ​ល A ពានរង្វាន់ Merdeka Cup នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​១៩៦៤ ឥណ្ឌា​បាន​យកឈ្នះ ៤-០ ។ កម្ពុជា​បាន​សងសឹក​វិញ​ក្នុង​លទ្ធផល ៣-១ នា​ការប្រកួត​វគ្គ​ជម្រុះ​បឋម​នៃ​ព្រឹត្តិការណ៍ Asian Cup នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន ប្រទេស​ភូមា (​បច្ចុប្បន្ន​មី​យ៉ាន់​ម៉ា​) កាលពី​ឆ្នាំ​១៩៦៧ ។​

​នៅ​ឆ្នាំ​១៩៧៣ ក្រុម​ទាំង​ពីរបាន​ជួបគ្នា​ម្តងទៀត​នៅក្នុង​ពូ​ល A នៃ​ពានរង្វាន់ Merdeka Cup នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដោយ​ឥណ្ឌា បន្ត​យកឈ្នះ ៣-០ ។ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០០៧ ពោលគឺ​កាលពី​១០​ឆ្នាំមុន ឥណ្ឌា បាន​យកឈ្នះ​ម្តងទៀត​ក្នុង​លទ្ធផល ៦-០ ក្នុង​ទីក្រុង​ញូ​វ​ដេលី នៃ​ពានរង្វាន់ Nehru Cup​។

​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧ ខាងមុខ កម្ពុជា និង​ឥណ្ឌា នឹង​បើក​យុទ្ធនាការ​រៀងៗ​ខ្លួន​ដើម្បី​ដណ្តើមយក​កៅអី​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត​។ ឥណ្ឌា​ស្ថិតនៅក្នុង​ពូ​ល A ជាមួយ​គៀ​ហ្ស៊ី​ស្ថាន មី​យ៉ាន់​ម៉ា និង​ម៉ា​កាវ ខណៈ​កម្ពុជា​នៅក្នុង​ពូ​ល C ជាមួយ​ហ្សកដានី វៀតណាម និង​អា​ហ្វ​ហ្គា​នី​ស្ថាន​៕


Tag:
 មិត្តភាព​អន្តរជាតិ​
  Leonardo Vitorino
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com