ជាតិ
សេដ្ឋកិច្ច
មិនមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចូលរួមដេញថ្លៃយកប្រាក់រៀលរបស់ NBC ក្នុងខែមីនានេះទេ
× ភ្នំពេញ៖ ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលដាក់ឲ្យដេញថ្លៃជារៀងរាល់ខែ មិនត្រូវបានបញ្ចេញឡើយ ក្នុងខែនេះ ដោយសារគ្មានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមដេញថ្លៃ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ NBC នៅថ្ងៃទី២១ខែមីនានេះ។
នៅខែនេះ NBC បានប្រកាសដាក់ឲ្យដេញថ្លៃប្រាក់ ៤០ពាន់លានរៀល (ប្រមាណ១០លានដុល្លារ) ដូចខែមុនៗដែរ។ ប៉ុន្តែការដេញថ្លៃយកប្រាក់រៀលលើកទី៦នេះ មិនមានសកម្មភាពឡើយ។ ការដេញថ្លៃ ដែលប្រព្រឹត្តទៅជារៀងរាល់ខែនេះ គឺស្ថិតក្នុងប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) ដែល NBC ដាក់ឲ្យអនុវត្តចាប់ពីចុងឆ្នាំ២០១៦ ដើម្បីបង្កើនការចរាចរប្រាក់ក្នុងទីផ្សារ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុដែលគ្មានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមដេញថ្លៃប្រាក់រៀលនេះ ទំនងមកពីការកំណត់អត្រាការប្រាក់ ១៨ភាគរយរបស់រដ្ឋាភិបាល ក្នុងពេលថ្មីៗនេះ។ លោកលើកឡើងយ៉ាងដូច្នេះថា៖«អ្នកទិញប្រាក់រៀលភាគច្រើនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្ដល់កម្ចីតូចៗ។ ប៉ុន្តែការដាក់ពិដាន ១៨ភាគរយនេះ នឹងធ្វើឲ្យស្លាប់មុនគេគឺកម្ចីប្រាក់រៀលខ្នាតតូចនេះហើយ»។
លោក ង៉ែត ជូ បន្តយ៉ាងដូចនេះទៀតថា៖«ថ្លៃដើមហិរញ្ញវត្ថុ (កម្ចីប្រាក់រៀល) លើសដុល្លារ ៤ឬ៥ភាគរយ ហើយបើដាក់ពិដានស្ដង់ដារតែមួយទៀតនោះ ហើយកម្ចីប្រាក់រៀលកាន់តែតូចទៅទៀត ដូច្នេះគ្រឹះស្ថានហិរញ្ញវត្ថុគ្មានបំណងឯណាទិញប្រាក់រៀលមកធ្វើអ្វីនោះទេ»។
ក្នុងការដេញថ្លៃទាំង៥លើកមុន មានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមដេញពី ១គ្រឹះស្ថាន ទៅ៣គ្រឹះស្ថាន ហើយទឹកប្រាក់ដេញបានពី ៨ពាន់លានរៀល ទៅ១២ពាន់លានរៀល នៃប្រាក់រៀលដាក់ឲ្យដេញ ៤០ពាន់លានរៀល ជាមួយអត្រាការប្រាក់៣ភាគរយក្នុង១ឆ្នាំ៕
Tag:
ប្រាក់រៀល
ង៉ែត ជូ
lpco
© រក្សាសិទ្ធិដោយ thmeythmey.com