ជាតិ
គ​.​ជ​.​ប ស្នើ​ឲ្យ​មូលនិធិ កូហ្វី អាណាន់ ដាក់​អ្នកសង្កេតការណ៍ ពេល​បោះឆ្នោត​
22, Mar 2017 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ គ​.​ជ​.​ប ចង់​ឲ្យ​មូល​និ​ធី កូហ្វី អាណាន់ ដាក់​អ្នកសង្កេតការណ៍ ក្នុងអំឡុង​ការបោះឆ្នោត នាពេលខាងមុខ​។ គ​.​ជ​.​ប ចាត់ទុក​អ្នកសង្កេតការណ៍ ថា​ជា​សាក្សី​ដ៏​សំខាន់ ក្នុងការ​ឃ្លាំមើល​ពី​ការបោះឆ្នោត នៅ​កម្ពុជា​។



​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មាន​ជំនួប ជាមួយនឹង​តំណាង​នៃ​មូលនិធិ កូហ្វី អាណាន់ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧​។ ក្នុងជំនួប​នោះ ភាគី គ​.​ជ​.​ប បានស្នើ​ឲ្យ​តំណាង​នៃ​មូលនិធិ កូហ្វី អាណាន់ ដាក់​អ្នកសង្កេតការណ៍ ដើម្បី​តាមដាន​ដំណើរការ​នៃ​ការបោះឆ្នោត​ថា្នក់​ឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ នេះ​បើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប ដែល​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​ជំនួប​ខាងលើ​។

​អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ពី​គោលបំណង​នៃ​ការស្នើសុំ​ដូច្នេះ​ថា​៖«​គ​.​ជ​.​ប ស្នើ​ឲ្យ​មូលនិធិ កូហ្វី អាណាន់ បញ្ជូន​អ្នកសង្កេតការណ៍​របស់​ខ្លួន ដើម្បី​ជា​សាក្សី ដើម្បី​ជាការ​ក្រើនរម្លឹក​ដល់​អ្នកពាក់ព័ន្ធ​បោះឆ្នោត​ទាំងអស់ គោរព​ឲ្យ​ល្អ​នូវ​តួនាទី និង​ការទទួលខុសត្រូវ​រៀងៗ​ខ្លួន​»​។

​លោក ហង្ស ពុទ្ធា បន្តទៀតថា គ​.​ជ​.​ប ក៏បាន​សុំ​ឲ្យ​មូលនិធិ កូហ្វី អាណាន់ ជួយ​ធ្វើ​បទ​បង្ហាញ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​គណបក្សនយោបាយ ជុំវិញ​សារសំខាន់​នៃ​សុ​ចរិតភាព​ក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត​។ បើតាម​លោក ហង្ស ពុទ្ធា តំណាង​នៃ​មូលនិធិ កូហ្វី អាណាន់ បានសម្រេច​យក​សំណើ​ទាំងនេះ ទៅ​ពិចារណា​។​

​លោក ហង្ស ពុទ្ធា អះអាងថា គ​.​ជ​.​ប ពុំបាន​ស្នើសុំ​ថវិកា​ពី​មូលនិធិ កូហ្វី អាណាន់ ឡើយ​។ អ្នកនាំពាក្យ​ខាងលើ សង្កាត់​ធ្ងន់​ថា រហូតមកដល់​ពេ​នេះ គ​.​ជ​.​ប លែង​បារម្ភ​ពី​បញ្ហា​ថវិកា និង​សម្ភារ​បច្ចេកទេស ទៀតហើយ​។ លោក ប្រាប់ថា គ​.​ជ​.​ប មាន​ថវិកា​ប្រមាណ​ជា ៥៣​លាន​ដុល្លារ  ដែល​បានមកពី​រដ្ឋាភិបាល​ក​ម្ពុ​ជា រួមទាំង​បរទេស ជា​ម្ចាស់ជំនួយ ដើម្បី​ទ្រទ្រង់​ដំណើរការ​នៃ​បោះឆ្នោត​៕


Tag:
 គជប​
  បោះឆ្នោត​
  មូល​និ​ធី​កូហ្វី​អាណាន់
© រក្សាសិទ្ធិដោយ thmeythmey.com