ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជូ​ង ជូ​ងី ប្តឹង​សាទុក្ខ​ភ្លាមៗ ក្រោយ​ឧទ្ធរណ៍​សម្រេច​មិន​ឲ្យ​លោក គឹម សុខ នៅក្រៅ​ឃុំ​
22, Mar 2017 , 10:35 am        
រូបភាព
​ក្រោយ​បើកសវនាការ​ជាង​១​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា​នេះ សាលាឧទ្ធរណ៍ បានសម្រេច​បដិសេធ​មិន​ឲ្យ​លោក គឹម សុខ បាន​នៅក្រៅ​ឃុំ​ឡើយ​។ លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​លោក គឹម សុខ បញ្ជាក់​ដូច្នេះ​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ចេញពី​បន្ទប់​សវនាការ​។



​ការបដិសេធ​នេះ ត្រូវបាន​តុលាការ លើក​ហេតុផល​ថា ដើម្បី​ធានា​ដល់​នីតិវិធី​របស់​តុលា ម្យ៉ាង​សាលាឧទ្ធរណ៍​បារម្ភ​ក្នុង​ការបន្ត​នីតិវិធី ឬ​មាន​បញ្ហា​ណាមួយ​កើតឡើង​ប្រសិនបើ​អនុញ្ញាត​ឲ្យ​លោក គឹម សុខ​នៅក្រៅ​ឃុំ​។ នេះ​ជាការ​បញ្ជាក់បន្ថែម របស់លោក​មេធាវី ជូ​ង ជូ​ងី​។​

​យ៉ាងណាក៏ដោយ​លោក ជូ​ង ជូ​ងី មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​នេះឡើយ និង​បានដាក់​ពាក្យ​ប្តឹង​សាទុក្ខ​ភ្លាមៗ ប្រឆាំងនឹង​ការសម្រេច​នេះ​។ លោក ជូ​ង ជូ​ងី ចាត់ទុក​ការសម្រេច​នេះ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់ លោក គឹម សុខ កូនក្តី​របស់ខ្លួន​។​

​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ត្រូវបាន​សម្តេច ហ៊ុន សែន ដាក់ពាក្យ​ប្តឹង ទារ​សំណង​ជំងឺ​ចិត្ត ពី​លោក គឹម សុខ ចំនួន​៥០​ម៉ឺន​ដុល្លារ ដោយសារតែ​លោក គឹម សុខ និយាយថា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​ឃាតកម្ម​លើ​លោក កែម ឡី​។ 

​លោក គឹម សុខ ត្រូវបាន​បញ្ជូនទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ក្រោម​បទ​ចោទ ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»៕


Tag:
 គឹម សុខ​
 ​ គី តិច​
 ​ ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com