កីឡាជាតិ
ជាតិ
មិត្តភាព​អន្តរជាតិ​៖ កម្ពុជា​ចាញ់​ឥណ្ឌា ៣-២ ក្នុង​ទម្រង់​លេង​មួយ​ដ៏​ទាក់ទាញ​
22, Mar 2017 , 10:07 pm        
រូបភាព
ឈរក្រោយពីឆ្វេងទៅស្តាំ (សំអឿន, សេរីរ័ត្ន, វឌ្ឍនាកា, បូរ៉ាវី, ពិសិដ្ឋ, ធារី) ជួរមុខ (ពលរដ្ឋ, មុន្នីឧត្តម, បារាំង, វិសាល, ផល្លីន)
ឈរក្រោយពីឆ្វេងទៅស្តាំ (សំអឿន, សេរីរ័ត្ន, វឌ្ឍនាកា, បូរ៉ាវី, ពិសិដ្ឋ, ធារី) ជួរមុខ (ពលរដ្ឋ, មុន្នីឧត្តម, បារាំង, វិសាល, ផល្លីន)
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​រង​បរាជ័យ ៣-២ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ឥណ្ឌា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃ​ពុធ ទី​២២ ខែមីនា នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ទម្រង់​លេង​ក្រោម​ការដឹកនាំ​លើកដំបូង​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល Leonardo Vitorino ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ជាពិសេស​អ្នកគាំទ្រ​ជាង​៤​ម៉ឺន​នាក់​ដែល​បាន​ទស្សនា​ផ្ទាល់​។​



​ទម្រង់​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា មានការ​ខុសប្លែក​យ៉ាងខ្លាំង​នា​រយៈពេល​៤៥​នាទី​ដំបូង តាមរយៈ​ការបញ្ជូន​បាល់​ខ្លីៗ និង​ការព្យាយាម​ទាញ​កម្លាំង​កីឡាករ​ឥណ្ឌា​។ ទោះបីជា​យ៉ាងណាក៏ដោយ នៅ​នាទី​៣៥ ខ្សែបម្រើ Eugeneson Lyngdoh ទាត់​បាល់​ចេញពី​ជ្រុង ហើយ​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន ចាប់​បាល់​ផ្លាត​ទៅ​ធ្លាក់ចំ​ជើង​ខ្សែប្រយុទ្ធ Sunil Chhetri ដែល​នាំ​ឲ្យ​ក្រុម​ភ្ញៀវ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​១​គ្រាប់​។​

​ពីរ​នាទី​ក្រោយមក ប្រាក់ មុន្នី​ឧ​ត្ត​ម និង​សឿត បារាំង សហការគ្នា​បាន​យ៉ាង​ល្អ ទីបំផុត ឧ​ត្ត​ម បាន​អូស​បាល់​ចូលទៅ​កាន់​ប្រអប់​គ្រោះថ្នាក់ មុននឹង​បញ្ជូន​ឲ្យ ខ្សែប្រយុទ្ធ​ជើងចាស់ ឃួន ឡា​បូ​រ៉ាវី ស៊ុត​បាល់​បញ្ចូល​ទី​តាម​ស្មើ ១-១ ។​

​ឈានដល់​តង់​ទី​ពីរ ក្រុម​ឥណ្ឌា​ចាប់ផ្តើម​លេង​យល់ចិត្ត​គ្នា ជាពិសេស​កម្លាំង​ថ្មីៗ ដោយ​គ្រាន់តែ​បី​នាទី​ប៉ុណ្ណោះ​ពួកគេ រកបាន​ពីរ​គ្រាប់​។ នៅ​នាទី​៤៩ Jackichand Singh Talem បាន​អូស​កាត់​ខ្សែការពារ​កម្ពុជា មុននឹង​បន្ទាបខ្លួន​រុញ​បាល់​ឲ្យ  Jeje Lalpekhlua ស៊ុត​នាំមុខ​សារជាថ្មី ២-១ ។ បី​នាទី​ក្រោយមក ខ្សែការពារ Sandesh Jhingan បានតែ​តបាល់​បញ្ចូល​ទី បង្កើន​ការនាំ​មុខ ៣-១ ក្រោយ​ការបញ្ជូន​ពី​ជ្រុង​របស់ Eugeneson Lyngdoh​។​

​នៅ​នាទី​៦១ កម្ពុជា បាន​កាត់បន្ថយ​គម្លាត​នាំមុខ​របស់​ឥណ្ឌា ដោយ ទិ​ត្យ ឌី​ណា បញ្ជូន​បាល់​ទៅ​ឲ្យ ចាន់ វឌ្ឍនាកា ដើម្បី​បំប៉ោង​សំណាញ់​ពី​ចម្ងាយ​ជាង​២០​ម៉ែត្រ​។ កម្ពុជា​មានឱកាស​មួយចំនួន​ក្នុងការ​វាយបក​តាម​ស្មើ ប៉ុន្តែ​មិនបាន​សម្រេច​ដែល​នាំ​ឲ្យ​ឥណ្ឌា ទទួល​ជ័យជម្នះ ៣-២ ពី​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​។​

​នៅក្នុង​ការប្រកួត​នេះ សឿត បារាំង ដែល​លេង​នៅ​តំបន់​ស្លាប​ខាងឆ្វេង ទទួលបាន​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង ដោយ​កីឡាករ​ដែល​ចេញពី​យុវជន​ថ្នាល​ភ្នំពេញ​ក្រោ​ន​មួយ​នេះ គ្រប់គ្រង​បាល់​យ៉ាង​ល្អ និង​បញ្ជូនទៅ​មិត្ត​រួម​ក្រុម​ចំ​គោលដៅ ហើយ​បន្ថែម​ពីលើ​នេះ កីឡាករ​ឥណ្ឌា​រង​ការពិន័យ​យ៉ាង​ញឹកញាប់​នៅពេល​ពួកគេ​ព្យាយាម​ប្រជែង​យក​បាល់​ជាមួយ​បារាំង​។​

​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧ ខាងមុខ កម្ពុជា និង​ឥណ្ឌា នឹង​បើក​យុទ្ធនាការ​រៀងៗ​ខ្លួន​ដើម្បី​ដណ្តើមយក​កៅអី​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត​។ ឥណ្ឌា​ស្ថិតនៅក្នុង​ពូ​ល A ជាមួយ​គៀ​ហ្ស៊ី​ស្ថាន មី​យ៉ាន់​ម៉ា និង​ម៉ា​កាវ ខណៈ​កម្ពុជា​នៅក្នុង​ពូ​ល C ជាមួយ​ហ្សកដានី វៀតណាម និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​កីឡាករ​កម្ពុជា​៖ អ៊ុំ សេរី​រ័ត្ន (​អ្នកចាំទី​) រស់ សំអឿន​, សរ ពិសិដ្ឋ​, សឿ​យ វិសាល​, ប្រាក់ មុន្នី​ឧ​ត្ត​ម (​កែវ សុខ​ផេង ៧៦), ហូ​យ ផល្លី​ន (​សុះ ស៊ូ​ហា​ណា ៨១), ឃួន ឡា​បូ​រ៉ាវី (​អុល រ៉ាវី ៨៩), ចាន់ វឌ្ឍនាកា (​សួង វិ​រៈ ៨៣), ច្រឹង ពលរដ្ឋ (​ទិ​ត្យ ឌី​ណា ៥៦), សឿត បារាំង​, ប៊ិន ធា​រី (​ប្រធាន​ក្រុម​)​។​

​កីឡាករ​ដែល​មិនបាន​ចូល​លេង​៖ កែវ សុខ​សិលា​, ពុំ តុលា​, សំអឿន ពិដោរ​, ណុប តុលា​, ឆុំ ពិសា​, ឆេង ម៉េង​, អោម ឧ​ត្ត​ម​៕




Tag:
 បាល់ទាត់
  ជម្រើសជាតិកម្ពុជា
  មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com