សេដ្ឋកិច្ច
សហព័ន្ធ​ស្រូវ​អង្ករ​ប្រាប់​ឈ្មួញ​កុំ​ឲ្យ​នាំចេញ​អង្ករ​ដែលមាន​ជាតិ​ថ្នាំ​គីមី​ម្យ៉ាង ចូលទៅ​ទីផ្សារ EU
23, Mar 2017 , 8:46 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រាប់​ឈ្មួញ​កុំ​ឲ្យ​នាំចេញ​អង្ករ​ដែលមាន​ជាតិ​ថ្នាំ​គីមី​ទ្រី​ហ្ស៊ី​ក្លា​ហ្សូ​ល ចូលទៅ​ទីផ្សារ​សហភាព​អឺរ៉ុប (EU)​។ ការណែនាំ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បែបនេះ ស្រប​ពេលដែល​សហភាព​អឺរ៉ុប គ្រោង​ហាម​ការ​នាំចូល​អង្ករ​ពី​បណ្ដា​ប្រទេស​នានា​ទៅ​ទីផ្សារ​ខ្លួន ចំពោះ​អង្ករ​ដែលមាន​កាកសំណល់​ថ្នាំ​កសិកម្ម ទ្រី​ហ្ស៊ី​ក្លា​ហ្សូ​ល (Tricyclazole) លើសពី ០,០១​មី​លី​ក្រាម​ក្នុង​អង្ករ​១​គីឡូក្រាម ចាប់ពី​ខែកក្កដា​ឆ្នាំនេះ​តទៅ​។​


 
​ការកម្រិត​នេះ គឺជា​ការ​ប្រែ​បទបញ្ញត្តិ​ថ្មី​ចំពោះ​ការនាំ​ចូល​អង្ករ​ទៅ​ទីផ្សារសហភាពអឺរ៉ុប ខណៈ​មានការ​បារម្ភ​លើ​ផល​ប៉ះ​ពាល់​សុខភាព​ ដោយ​ការ​ទទួលទាន​អង្ករ​មាន​សារធាតុ Tricyclazole នេះ​។​Tricyclazole គឺជា​ថ្នាំ​គីមីកសិកម្ម​ម្យ៉ាង ដែល​គេ​ប្រើប្រាស់​លើ​ដំណាំ​ស្រូវ ដើម្បី​ការពារ​ជំងឺផ្សិត​។​
 
​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ឲ្យ​ដឹងថា មុន​បញ្ញត្តិ​ថ្មី​ចូល​ជាធរ​មាននៅ​ខែកក្កដា​ខាងមុខនេះ EU បានអនុញ្ញាត​ឲ្យ​នាំចូល​អង្ករ​ដែល​មានកា​ក​សំណល់ Tricyclazole មិន​លើសពី ១​មី​លី​ក្រាម ​ក្នុង​១​គីឡូក្រាម​។ មានន័យថា ​បញ្ញត្តិ​ថ្មី​បាន​បន្ថយ​កម្រិត​សារធាតុ Tricyclazole ដល់​ទៅ ១០០​ដង​ទាប​ជាង​មុន​។ 
 
​នៅ​ថ្ងៃ​ម្សិលមិញ​នេះ CRF និង​អង្គការ​គម្រោង​ខ្សែសង្វាក់​កសិកម្ម​កម្ពុជា (Cavac) បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ជុំវិញ​ការប្រើប្រាស់​ថ្នាំ​គីមីកសិកម្ម Tricyclazole នេះ ដែលមាន​ការចូលរួម​ពី​តំណាង​សហភាព​អឺរ៉ុប ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម ​ក្រុមហ៊ុននាំចេញ​អង្ករ​ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​តំណាង​ក្រុមហ៊ុន​លក់​ជី​កសិកម្ម​ជាច្រើនរូប​។ 
 
​នៅក្នុង​កិច្ចពិភាក្សា​នេះ មន្ត្រី​ជំនាញ​មកពី​ក្រសួងកសិកម្ម បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុននាំចេញ និង​រោង​ម៉ាស៊ីនកិនស្រូវ​ នៅក្នុង​ស្រុក​អនុវត្ត​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ដែល​ងាយស្រួល​គ្រប់គ្រង និង​ចៀសវាង​បានការ​ប្រើប្រាស់​ថ្នាំ​ផ្សិត Tricyclazole ។ តំណាង​ក្រសួងកសិកម្ម​បន្តថា ក្នុងករណី​ក្រុមហ៊ុន​ទិញស្រូវ​ពី​ប្រភព​មិន​ច្បាស់លាស់ រួច​កិន​កែច្នៃ ហើយ​នាំចេញ​ទៅកាន់​ទីផ្សារ EU ដែល​អង្ករ​មាន​ផ្ទុក​កាកសំណល់ Tricyclazole នោះ វា​នឹង​ប៉ះពាល់​ដល់ទី​ផ្សារ​នាំចេញ​អង្ករ​របស់​កម្ពុជា ។​
 
​លោក នង វាសនា អនុប្រធាន CRF បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការ​ចរាចរ​ថ្នាំ​ផ្សិត​នេះ ​មាន​ភាពទូលំទូលាយ​ដែរ ដោយ​ថ្នាំ​នេះ​ មានតម្លៃ​ទាប​។ លោក​បន្ថែមថា​៖«​តាម​ការបង្ហាញ​របស់​ក្រុមហ៊ុននាំចេញ​មួយចំនួន ដែល​បាន​យក​សំណាក​អង្ករ​មក​ពិនិត្យឃើញ​មាន​សា​ធាតុ Tricyclazole នោះ តំបន់​ខ្លះ​មាន តំបន់​ខ្លះ​អត់​។ តំបន់​ដែលមាន​គឺ​ហួស​កម្រិត​គេ​អនុញ្ញាត​»​។​
​អនុប្រធាន CRF រូបនេះ​មិនអាច​បញ្ជាក់ថា បើ EU រកឃើញ​សារធាតុ Tricyclazole ក្នុង​អង្ករ​របស់​ក្រុមហ៊ុន​ណាមួយ ក្នុង​កម្រិត​ដែល​គេ​ហាមឃាត់ តើ EU នឹងមាន​វិធានការ​បែបណា​នោះទេ​?
 
លោក នង វាសនា បញ្ជាក់ថា មាន​ប្រភេទ​ថ្នាំ​ផ្សេងទៀត​ដែល​អាច​ប្រើ​ជំនួស Tricyclazole នេះ​បាន​។ ជាមួយគ្នានេះ លោក​បានស្នើ​ឲ្យ​មានការ​បញ្ឈប់​នាំចូល​ថ្នាំ Tricyclazole និង​ហាមឃាត់​ការប្រើប្រាស់​ថ្នាំ​នេះ ​ក្នុង​ដំណាំ​ស្រូវ​។ លោក​ក៏​ស្នើ​ឲ្យ​ប្រមូល​ថ្នាំ​ប្រភេទ​នេះ​ ចេញពី​ទីផ្សារ​វិញ​ផងដែរ​។ ទន្ទឹមនឹងនេះ លោក នង វាសនា បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ចាត់វិធានការ​ជាបន្ទាន់    ​ជុំវិញ​បញ្ហា​នេះ​៕ 

Tag:
 អង្ករ​
  នង វាសនា​
  EU
  ថ្នាំ​ផ្សិត​
© រក្សាសិទ្ធិដោយ thmeythmey.com