ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហាផ្ទៃ​ថា សមាជ​វិ​សាម​ញ្ញ CNRP បានធ្វើ​ផ្ទុយ​នឹង​លក្ខន្តិកៈ​បក្ស​
23, Mar 2017 , 10:07 am        
រូបភាព
ដោយ: ថ្មីៗ
​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ គឺជា​ការអនុវត្ត​ផ្ទុយ​នឹង​លក្ខន្តិកៈ​ដែល​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​។ នេះ​បើ​យោងតាម​លិខិត​របស់​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ផ្ញើ​ទៅកាន់​លោក យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ CNRP​។​



​លិខិត​របស់​សម្តេច ស ខេង ចុះ​ថ្ងៃទី​២២ ខែមីនា បាន​កត់សម្គាល់ថា សមាជ​វិសាមញ្ញ​របស់ CNRP ដែល​បាន​បោះឆ្នោត​ជ្រើសតាំង​លោក កឹម សុខា ជា​ប្រធាន លោក ប៉ុល ហំ​ម លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន គឺ​បាន​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​៤៧ ត្រេ​ទី​២​នៃ​លក្ខន្តិកៈ​គណបក្ស ដោយ​អាណត្តិ​នៅសល់ មាន​រយៈពេល​តិចជាង​១៨​ខែ គិត​ត្រឹម​កាលបរិច្ឆេទ​ដែល​លោក សម រង្ស៊ី បាន​លាលែង ចេញពី​តំណែង​ជា​ប្រធាន​គណបក្ស​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

​បន្ទាប់ពី​ត្រូវបាន​ជ្រើសរើស ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នា​សមាជ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមីនា លោក កឹម សុខា ក៏​ទទួលបាន​សារ​ជូនពរ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។  តាម​លិខិត​ចុះ​ថ្ងៃ​ដដែល សម្តេច ហ៊ុន សែន បាន​សរសេរ​យ៉ាងខ្លី​ថា​៖ «​នៅក្នុង​ឱកាស​ដែល​ឯកឧត្តម ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​សូម​ជូនពរ​ឯកឧត្តម មាន​សុខ​ភាពល្អ និង​សុភមង្គល​ក្នុង​គ្រួសារ​»​។​

​ជាមួយគ្នានេះ​ផងដែរ នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់ លោក យឹម សុវណ្ណ សម្តេច ស ខេង បានស្នើ​ឲ្យ CNRP ដកចេញ​នូវ​ចំណងជើង «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ដែល​មានចែង​ក្នុង​គោលនយោបាយ​អាទិភាព​៥​ចំណុច​របស់​គណបក្ស​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​នាពេលខាងមុខ​។​

​សម្តេច ស ខេង បាន​គូសបញ្ជាក់ថា ចំណងជើង​នេះ មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ច្បាប់​ស្តីពី​គណបក្សនយោបាយ ច្បាប់​ស្តីពី​ការបោះឆ្នោត​ឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់ ពិសេស​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា និង​គោលការណ៍​នៃ​ប្រព័ន្ធ​បោះឆ្នោត​សមាមាត្រ​។​

​សម្តេច ស ខេង បានស្នើ​ទៅកាន់​លោក យឹម សុវណ្ណ ថា​៖ «​អាស្រ័យហេតុនេះ សូម​លោក​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ជ្រាប និង​ចាត់ចែង​អនុវត្តតាម​ស្មារតី​ខាងលើ​ប្រកបដោយ​ការទទួលខុសត្រូវ​»៕


Tag:
 CNRP
  មហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com