កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ចិន ត្រៀមប៉ូលិស១ម៉ឺននាក់ដើម្បីការពារអ្នកគាំទ្រជម្រើសជាតិកូរ៉េខាងត្បូង
× អាជ្ញាធរចិន បានត្រៀមប៉ូលិសដល់ទៅ១ម៉ឺននាក់ ដើម្បីថែរក្សាសន្តិសុខ អំឡុងពេលការប្រកួតវគ្គជម្រុះ World Cup រវាងក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន និងជម្រើសជាតិកូរ៉េខាងត្បូង។ ការប្រកួតដែលរៀបចំនៅកីឡដ្ឋាន Helong ក្នុងខេត្តហឺណាន ធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង ល្អក់កករខ្លាំងដោយសារការពង្រាយប្រព័ន្ធការពារ THAAD នៅកូរ៉េខាងត្បូង។ ដោយសារបារម្ភពីសុវត្ថិភាពអ្នកគាំទ្រ ទើបខាងកូរ៉េខាងត្បូង ស្នើចិនឲ្យពង្រឹងសន្តិសុខឲ្យបានខ្លាំង។
សមាគមកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) បាននិយាយនៅថ្ងៃទី២២ ខែមីនា ថា អាជ្ញាធរចិន បានសម្រេចចិត្តពង្រាយប៉ូលិស១ម៉ឺននាក់នៅក្នុងកីឡដ្ឋាន Helong ខេត្តហឺណាន ជាទីដែលក្រុមកីឡាករបាល់ទាត់ជម្រើសជាតិចិនត្រូវប្រកួតជាមួយអ្នកជិតខាងកូរ៉េខាងត្បូងនៅថ្ងៃទី២៣ ខែមីនា។ កូរ៉េខាងត្បូង និងចិន ស្ថិតក្នុងពូល A នៃវគ្គជម្រុះ World Cup 2018 ជាមួយក្រុម៤ទៀត គឺអ៊ីរ៉ង់, ស៊ីរី, កាតា និងអ៊ូសបេគីស្ថាន។
ជាមួយនឹងការព្រួយបារម្ភខ្លាចថាមានសកម្មភាពរើសអើងកើតឡើងនោះ សមាគមកីឡាបាល់ទាត់កូរ៉េខាងត្បូង ក៏បានស្នើសមភាគីចិន និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ឲ្យបង្កើតកន្លែងសុវត្ថិភាពសម្រាប់អ្នកគាំទ្រជម្រើសជាតិកូរ៉េខាងត្បូង ក៏ដូចជាបង្កើនចំនួនមន្ត្រីសន្តិសុខផងដែរ។ ចំណែកស្ថានទូតកូរ៉េខាងត្បូងប្រចាំក្រុងប៉េកាំង ក៏ចេញបម្រាមសុវត្ថិភាពសម្រាប់អ្នកគាំទ្រជនជាតិកូរ៉េខាងត្បូង ដែលគ្រោងមកទស្សនាការប្រកួតនេះដែរ។
បើតាមសារព័ត៌មាន Yonhap សមាគមកីឡាបាល់ទាត់កូរ៉េខាងត្បូងបញ្ជាក់ថា កីឡដ្ឋាន Helong អាចផ្ទុកទស្សនកិច្ចបានចំនួន៥៥០០០នាក់ ប៉ុន្តែអាជ្ញាធរចិន នឹងអនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនាតែ៣១០០០នាក់ប៉ុណ្ណោះ ដើម្បីងាយស្រួលរក្សាសន្តិសុខ។ បន្ថែមលើនេះ អាជ្ញាធរចិន នឹងពង្រាយប៉ូលិស១ម៉ឺននាក់ក្នុងកីឡដ្ឋាន ដើម្បីការពារការប៉ះទង្គិចជាយថាហេតុណាមួយរវាងអ្នកគាំទ្រក្រុមជម្រើសជាតិទាំង២ ។
ក្នុងការប្រកួតវគ្គជម្រុះលើកនេះ អ្នកគាំទ្រក្រុមជម្រើសជាតិកូរ៉េខាងត្បូង ទទួលបានកៅអីតែ២៥០ប៉ុណ្ណោះ ហើយប៉ូលិសនៅក្បែរពួកគេដើម្បីការពារសុវត្ថិភាព។ ការពង្រឹងសុវត្ថិភាពនេះ ធ្វើឡើង ក៏ព្រោះតែធ្លាប់មានហេតុការណ៍មិនល្អកើតឡើងរួចទៅហើយ។ កាលពីឆ្នាំ២០០៤ ជនជាតិកូរ៉េខាងត្បូងម្នាក់រងរបួស បន្ទាប់ពីត្រូវអ្នកគាំទ្រចិនគប់មួយដបទឹកសុទ្ធ អំឡុងពេលការប្រកួតជម្រុះកីឡាអូឡាំពិកក្នុងកីឡដ្ឋាន Helong ដដែលនេះ។
ការពង្រាយកម្លាំងសន្តិសុខច្រើនសន្ធឹកសន្ធាប់បែបនេះ ក៏បណ្ដាលមកពីការធ្លាក់ចុះទំនាក់ទំនងការទូតទ្វេភាគី ដែលមូលហេតុចម្បងគឺការពង្រាយប្រព័ន្ធការពារ THAAD ។ ជាការសងសឹកលើកូរ៉េខាងត្បូងដែលចចេសពង្រាយប្រព័ន្ធការពារនេះ ចិន ក៏បានចេញវិធានការសងសឹកវិញដែរ ដោយបានហាមឃាត់ និងរឹតត្បិតដំណើរទេសចរណ៍របស់ជនជាតិកូរ៉េខាងត្បូងលើទឹកដីចិន និងថែមទាំងបិទអាជីវកម្មរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងទៀតផង៕
Tag:
បាល់ទាត់
ចិន
កូរ៉េខាងត្បូង
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com