ជាតិ
ក្រោយ​កាត់ទោស​ជួប សម្លាប់ តុលាការ​បន្ត​ស្វែងរក​ជនសង្ស័យ​ផ្សេងទៀត ក្នុង​រឿង​ឃាតកម្ម​លោក កែម ឡី
23, Mar 2017 , 12:07 pm        
រូបភាព
​ភ្នំពេញ​៖ ក្រៅពី​លោក ជួប សម្លាប់ តុលាការ កំពុង​ស្វែងរក​បុគ្គល​ពីរ​នាក់​ផ្សេងទៀត ដែល​សង្ស័យថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ លោក កែម ឡី​។ បុគ្គល​ទាំងពីរ​នាក់​នោះ គឺ​អ្នក លក់​កាំភ្លើង​ឲ្យ​លោក ជួប សម្លាប់ និង​អ្នក​នាំ​លោក ជួប សម្លាប់ ឲ្យ​ស្គាល់​លោក កែម ឡី​។



​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០៧​នេះ ​​ឲ្យ​លោក អឿ​ត អាង ហៅ​ជួប សម្លាប់ ជាប់ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី ដែលជា​អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​។ លោក ជួប សម្លាប់ បាន​រង​ពីបទ​ចោទ «​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ខុសច្បាប់​»​។​

​ក្រោយ​ប្រកាស​ទោសកំហុស របស់លោក ជួប សម្លាប់ រួចហើយ ចៅក្រម​ជំនុំជម្រះ ក៏បាន​សម្រេច​បំបែកសំណុំរឿង​នេះ ជា​ពីរ​ផ្សេងគ្នា តាម​សំណើ​របស់​ព្រះរាជអាជ្ញា ដែល​ដើរតួនាទី​ជាដើម​បណ្តឹង​។ សំណុំរឿង​ដែល​ត្រូវ​បំបែក​នោះ គឺ​ព្រះរាជអាជ្ញា សុំ​បន្ត​ស្វែងរក អ្នក​ដទៃទៀត ដែល​ជាប់​ពាក់ព័ន្ធ​ ក្នុង​អំពើ​ឃាតកម្ម​លើ លោក កែម ឡី​។

​លោក យុង ផានិត មេធាវី​របស់លោក ជួប សម្លាប់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មាន​បុគ្គល​ពីរ​នាក់ ដែល​ព្រះរាជអាជ្ញា នឹង​បន្ត​ស្វែងរក និង​ស៊ើបអង្កេត​។ លោក បន្ថែមថា បុគ្គល​ទាំងពីរ​នាក់​នោះ គឺ​អ្នកដែល​លក់​អាវុធ ឲ្យ​លោក ជួប សម្លាប់ និង​អ្នក​ដែល​នាំ​ឲ្យ លោក ជួប សម្លាប់ ស្គាល់​លោក កែម ឡី​។

​លោក​មេធាវី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ជា​នីតិវិធី ការ​បំបែកសំណុំរឿង​នេះ គឺជា​សំណើ​របស់​ព្រះរាជអាជ្ញា​។ គាត់ ចង់​ស្វែងរក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត គាត់​ក៏​សុំ​ឲ្យ​បំបែកសំណុំរឿង​ទៅ ព្រោះ​វាសិទ្ធិផ្តាច់មុខ​របស់គាត់​។ គាត់ ចង់ដឹងថា អ្នកណា ជា​អ្នកលក់​កាំភ្លើង​ឲ្យ​ជួប សម្លាប់ ហើយ​អ្នកណា ជា​អ្នក​នាំ​ជួប សម្លាប់ ឲ្យ​ស្គាល់​លោក​បណ្ឌិត កែម ឡី​?»​។

​ចាប់តាំងពី​លោក កែម ឡី ត្រូវបាន​បាញ់សម្លាប់ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ រហូតមកដល់​ពេលនេះ តុលាការ មិនទាន់​រកឃើញ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ក្រៅតែពី​លោក ជួប សម្លាប់ នោះទេ​។ សមត្ថកិច្ច បាន​ចាប់​លោក ជួប សម្លាប់ នៅក្នុង​ថ្ងៃ ដែល​កើត​​​ឃាតកម្ម​តែម្តង​។ លោក ជួប សម្លាប់ ធ្លាប់​សារភាពថា លោក ពិតជា​បាន​បាញ់សម្លាប់​លោក កែម ឡី មែន​៕


Tag:
 ជួប សម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com