អន្តរជាតិ
ភាព​តានតឹង​ឧបទ្វីប​កូរ៉េ​៖ ចិន​ប្រកាសថា អ្នកណា​ចង អ្នក​ហ្នឹង​ស្រាយ​ទៅ​
23, Mar 2017 , 3:19 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying (រូបថត Xinhua)
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying (រូបថត Xinhua)
​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​គ្រាប់​នៅ​ថ្ងៃទី​២៣ ខែមីនា​។ ការបាញ់​នេះ ត្រូវគេ​មើលឃើញថា កូរ៉េខាងជើង មិនបាន​ស្ដាប់​សម្ដី​របស់​ចិន ដែលជា​បងធំ​របស់ខ្លួន​ដូច​មុន​ទៀតឡើយ ទោះ​ចិន​ធ្លាប់​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង ឈប់​ធ្វើ​សកម្មភាព​បង្ករឿង និង​បាន​ប្រាប់​អាម​រិ​ក និង​កូរ៉េខាងត្បូង​ឲ្យ​ឈប់​ធ្វើ​សមយុទ្ធ​ដូចគ្នា​ដែរ​។ ខណៈដែល​ភាព​តានតឹង​កាន់តែ​ឡើងក​ម្ដៅ ចិន​បន្ត​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ការខ្វែងគំនិត​គ្នា និង​ចៀសវាង​ធ្វើ​សកម្មភាព​ផ្គើន ដែល​នាំ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគស្មាញ​។​



​បន្ថែម​ពីលើ​ទណ្ឌកម្ម​រាប់មិនអស់​ដែល​ដាក់​លើ​កូរ៉េខាងជើង​នាពេល​កន្លងមក ចិន ក៏បាន​បញ្ចេញ​គំនិត​ថ្មី​មួយទៀត គឺ «Suspension for Suspension»​។ មានន័យថា ចិន​ស្នើ​ឲ្យ​កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ និង​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន ហើយ​ជា​ថ្នូរ​មកវិញ ចិន​ទទូច​ឲ្យ​អាមេរិក និង​កូរ៉េខាងត្បូង ឈប់​ធ្វើ​សកម្មភាព​យោធា​រួមគ្នា ដែល​កូរ៉េខាងជើង​គិតថា ជាការ​ត្រៀមលក្ខណៈ​វាយប្រហារ​មកលើ​ខ្លួន​។ បន្ទាប់​ពីនេះ ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក៏ត្រូវ​វិល​ចូល​តុ​ចរចា​ឡើងវិញ​ដែរ​។​

​យ៉ាងណាមិញ​គំនិត​ផ្ដួចផ្ដើម​របស់​ចិន មិនត្រូវ​បាន​គេ​ស្ដាប់​ឡើយ​។ ស្ថានការណ៍​នៅ​ឧ​ប​ទ្វី​កូរ៉េ​នៅតែ​ក្ដៅ​ខ្លាំង និង​ឈាន​ជិត​ដល់​ចំណុច​ផ្ទុះ​ទៅហើយ​។ ក្រុង​ប៉េកាំង ក៏​នៅតែ​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់ ចៀសវាង​សកម្មភាព​ប្រថុយប្រថាន ដែល​អាច​បង្ក​ជាការ​វិនិច្ឆ័យ​ខុស​លើ​ស្ថានការណ៍​តំបន់​។ ចិន ក៏​ប្រាប់​ភាគី​ទាំងអស់​ត្រូវមាន​ទំនួល​ខុសត្រូវ​លើ​សកម្មភាព​របស់ខ្លួន ដើម្បី​កាត់បន្ថយ​កម្ដៅ​នៅ​ឧបទ្វីប​កូរ៉េ​។​

​បើតាម​ចិន បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជា​រឿង​យូរអង្វែង និង​ស្មុគស្មាញ​ខ្លាំងណាស់​។ ចិន ដែល​តែង​ជួយ​គាំទ្រ​កូរ៉េខាងជើង​តាំងពីដើម​មក​នោះ ក៏​ហាក់ដូចជា​ដកខ្លួន​ឆ្ងាយ​ពី​ការទទួលខុសត្រូវ​ចំពោះ​ការ​កើន​កម្ដៅ​ក្នុង​តំបន់​។ ចិន​បែរជា​និយាយថា បញ្ហា​កើតឡើង​ដោយ​ការមិនចុះសម្រុង ព្រមទាំង​គម្លាត​នៃ​ការយល់​ចិត្ត​គ្នា​រវាង​កូរ៉េខាងជើង និង​អាមេរិក​-​កូរ៉េខាងត្បូង​។

​ក្នុង​សន្និសីទកាសែត​ថ្ងៃទី​២២ ខែមីនា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​លើក​សុភាសិត​មួយ​ថា «​ចំណង​គួរ​ស្រាយ​ដោយ​អ្នក​ចង​»​។ ចំណង គឺ​បញ្ហា​ឧបទ្វីប​កូរ៉េ​ដែល​កើតចេញពី​មហិច្ឆតា​នុយក្លេអ៊ែរ​បស់​កូរ៉េខាងជើង និង​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ដែលជា​ការត្រៀម​លក្ខណៈ​ការពារ​ពី​ការវាយប្រហារ​ណាមួយរ​បស់​កូរ៉េខាងជើង​។ សកម្ម​ភាពជា​ឯកតោភាគី​ណាមួយ សុទ្ធតែ​អាច​ដុត​បញ្ឆេះ​កម្ដៅ​ឲ្យ​ពុះកញ្ជ្រោល​បាន​។​

​អ្នកនាំពាក្យ​ដដែល​នេះ​បន្តថា អ្វី​ត្រូវធ្វើ​នោះ គឺ​ដោះស្រាយ​បញ្ហា​ឲ្យ​ដល់​ឫសគល់ និង​ស្វែងរក​ដំណោះស្រាយ​សមស្រប​ដែល​អាចបំពេញ​ចិត្ត​ភាគី​ទាំងអស់​។ ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការសម្រេច​ឲ្យ​បាន​យន្តការ​សន្តិភាព​យូរអង្វែង ជា​អ្វីដែល​ចិន​ចង់បាន​។ ដោយសារ​រឿងនេះ ទើប​ចិន​ស្នើ​ជាគោលការណ៍ Suspension for Suspension ឡើង ហើយ​វា​ជា​ជំហាន​សំខាន់​ក្នុងការ​កាត់បន្ថយ​កម្ដៅ​ក្នុង​តំបន់ និង​អាចឈាន​ទៅដល់​ការចូល​តុ​ចរចា​៦​ភាគី​ឡើងវិញ​។​

​បើទោះជា​សំណើ​នេះ​មិនត្រូវ​បានទទួល​យក​នៅ​ពេលនេះ​ក្ដី ក្រុង​ប៉េកាំង បាន​និយាយ​ការពារ​សំណើ​របស់ខ្លួន ថា​ជា​សំណើ​ដែល​មិន​លម្អៀង​, មាន​ទិសដៅ​ច្បាស់លាស់​, ស្របតាម​ច្បាប់ និង​សម​ហេតុផល​ទៀតផង​។ ប៉េកាំង​ក៏​អួត​ដែរ​ថា គំនិត​របស់ខ្លួន ជា​ជម្រើស​ត្រឹមត្រូវ​ដែល​អាច​បញ្ចៀស​ការកើនឡើង​កម្ដៅ​នៅ​ឧបទ្វីប​កូរ៉េ​បាន និង​ស្នើ​ភាគី​ទាំងអស់​ឲ្យ​ពិចារណា​លើ​គំនិត​របស់ខ្លួន ដើម្បី​ស្រាយចំណង​ដ៏​តឹង​នេះ​៕  


Tag:
 ចិន​
  អាមេរិក​
  ឧបទ្វីប​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com