អន្តរជាតិ
បក្សសម្ព័ន្ធណាតូ សុខចិត្តដូរថ្ងៃប្រជុំដើម្បីបំពេញចិត្តរដ្ឋបាល ដូណាល់ ត្រាំ
× កាលបរិច្ឆេទនៃកិច្ចប្រជុំរដ្ឋមន្ត្រីសម្ព័ន្ធយោធាណាតូ ដែលគ្រោងធ្វើនៅដើមខែមេសា ទំនងជាត្រូវផ្លាស់ប្ដូរហើយ ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson សម្រេចចិត្តមិនចូលរួមកិច្ចប្រជុំនេះដើម្បីរង់ចាំទទួលទស្សនកិច្ចប្រធានាធិបតីចិន ស៊ី ជីនភីង វិញ។ ប្រមុខសម្ព័ន្ធយោធាណាតូ បានសម្រេចចិត្តយល់ព្រមតាមសំណើរបស់អាមេរិក ក្នុងការផ្លាស់ប្ដូរថ្ងៃប្រជុំ ដើម្បីសម្រួលឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកមានវត្តមានក្នុងជំនួបសំខាន់នេះ។
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jan Stoltenberg បានឯកភាពជាមួយគំនិតរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ក្នុងការស្វែងរកកាលបរិច្ឆេទថ្មីនៃកិច្ចប្រជុំរដ្ឋមន្ត្រីណាតូ ដែលគ្រោងធ្វើនៅថ្ងៃទី៥ និងទី៦ ខែមេសានោះ។ រដ្ឋសមាជិកណាតូ មិនសប្បាយចិត្តឡើយ ពេលលឺថា លោក Tillerson មិនមកប្រជុំជាមួយសម្ព័ន្ធមិត្តតំបន់អឺរ៉ុបនោះ ដ្បិតនេះក៏ជាកិច្ចប្រជុំទី១ ទល់មុខគ្នារវាងប្រមុខការទូតអាមេរិក និងដៃគូណាតូទៀតផង។
រដ្ឋមន្ត្រីការបរទេស Tillerson មិនចូលរួមប្រជុំនៅដើមខែមេសាឡើយ ដ្បិតកាលបរិច្ឆេទនេះ ជាន់គ្នាជាមួយពេលវេលានៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនភីង នីអាមេរិកនៅថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមេសា។ ការណ៍ដែលមិនទៅជួបសម្ព័ន្ធណាតូ និងរង់ចាំជួបប្រមុខរដ្ឋចិន បង្ហាញពីការមិនសូវឲ្យតម្លៃសម្ព័ន្ធមិត្តចាស់ ចំពេលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក៏មានជំហររឹងត្អឹងដាក់ណាតូរឿងលុយចំណាយទៅទៀត។
លោកប្រធានាធិបតី ត្រាំ នឹងចាំជួបមេដឹកនាំចិន នៅឯ Mar-a-Lago ប៉ុន្តែវាគ្រាន់តែជាជំនួបក្រៅផ្លូវការដើម្បីបន្ធូរបន្ថយភាពតានតឹង និងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងយវិញ។ កម្មវិធីនុយក្លេអ៊ែរ និងបញ្ហាកោះតៃវ៉ាន់ ព្រមទាំងការបញ្ចុះតម្លៃប្រាក់យ័ន គឺជាបញ្ហាប្រឈមខ្លាំងនៃទំនាក់ទំនងរវាងមហាអំណាចទាំង២ ហើយលោក ត្រាំ តែងវាយប្រហារចិនខ្លាំងៗលើរឿងនេះ។ គេរំពឹងថា ជំនួបដែលគ្រោងទុកនេះ អាចជួយសម្រួលការខ្វែងគំនិតគ្នារវាងមហាអំណាចទាំង២ទៀតផង។
យ៉ាងណាក្ដី ទំនងមិនចង់អវត្តមានក្នុងជំនួបដំបូងនេះ លោក Tillerson ក៏បានស្នើកាលបរិច្ឆេទថ្មីដើម្បីអនុញ្ញាតឲ្យលោកចូលរួមដែរ។ សំណើនេះ ត្រូវបានទទួលយកដោយប្រមុខណាតូ Jan Stoltenberg ហើយលោកនឹងស្វែងរកពេលវេលាថ្មីដែរ។ លោក ប្រាប់អ្នកសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ថា លោកច្បាស់ណាស់ថា កាលបរិច្ឆេទថ្មីនឹងលេចជារូបរាង ដែលសមាជិកសម្ព័ន្ធយោធាណាតូ អាចធ្វើការជាមួយគ្នាបាន។
ទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធយោធាណាតូ ហាក់រង្គោះរង្គើខ្លាំង នៅដើមអាណត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដ្បិតលោកនិយាយវាយប្រហារខ្លាំងៗលើអង្គការយោធាមួយនេះ ជាពិសេសរឿងលុយតែម្ដង។ លោកធ្លាប់ហៅសម្ព័ន្ធយោធាណាតូ ជាអង្គការហួសសម័យ និងប្រឹងគាបគាបសមាជិកណាតូទាំងអស់ឲ្យបង់ថ្លៃចំណាយឲ្យបាន២ភាគរយទៀតផង។ ប៉ុន្តែជានិច្ចកាល លោកក៏បង្ហាញការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងជួយណាតូដដែល៕
Tag:
NATO
អាមេរិក
Rex Tillerson
© រក្សាសិទ្ធិដោយ thmeythmey.com