ជាតិ
កម្ពុជា រំ​ឮ​ក​សមាជិកសភា​ម៉ាឡេស៊ី គោរព​គោលការណ៍​អាស៊ាន​ឲ្យ​បាន​ត្រឹមត្រូវ​
23, Mar 2017 , 8:19 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស
​ភ្នំពេញ​៖ កម្ពុជា រំ​ឮ​ក​ប្រាប់​ទៅ​សមាជិកសភា​នៃ​ប្រទេស​ម៉ាឡេស៊ី​ម្នាក់ ដែលជា​ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHP) ឲ្យ​គោរព​ចំពោះ​គោលការណ៍​របស់​អា​ស៊ាន​ឲ្យ​បាន​ត្រឹមត្រូវ​។ ប្រតិកម្ម​របស់​កម្ពុជា​បែបនេះ ក្រោយពី​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស បាន​វាយតម្លៃ​ទាប​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​។​



​ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​នេះ បានចាត់ទុក​បញ្ហា​សិទ្ធមនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ននេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ស្នូល​របស់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា បើសិនជា​គ្មាន​កិច្ច​អន្តរ​គម​ន៍​ពី​អន្តរជាតិ​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ហៅ​ការ​របាយការណ៍​របស់​អង្គការ​ខាងលើនេះ​ថា​ជា ការវាយតម្លៃ​ខ្មៅ​ងងឹត ដែល​មិនអាច​ជឿជាក់​បានឡើយ ពីព្រោះ​ក្នុង​របាយការណ៍​របស់​APHP នេះ គឺ​គ្រាន់តែ​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​ក្រុម​មួយចំនួន​តូច ដែល​ពុំបាន​យោង​លើ​ការពិត​ជាក់ស្ដែង មុននឹង​ចោទប្រកាន់​មកលើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏បាន​ណែនាំ​ឲ្យ​ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស គោរព​តាម​គោលការណ៍​របស់​អាស៊ាន​ផងដែរ​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី​២២ មីនា បានបញ្ជាក់​ដូច្នេះ​ថា ៖« សំខាន់​ជាងនេះទៀត ចាំបាច់​ត្រូវ​រំ​ឮ​កលោក Charl Santaigo ដែលជា​សមាជិកសភា​នៃ​ប្រទេស​ម៉ាឡេស៊ី និង​ជា​ប្រធាន​នៃ​ក្រុម​នេះ ត្រូវគោរព​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​គោលការណ៍​ពិសិដ្ឋ​របស់​អាស៊ាន​ស្តីពី ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក​អាស៊ាន ដូចដែល​មានចែង​ក្នុង​មាត្រា​២ នៃ​ធម្មនុញ្ញ​អាស៊ាន​»​។​

​ក្រសួង​ការបទេស បាន​លើកឡើងថា ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHP)​នេះ គឺ​គ្រាន់តែ​ជា​ក្រុម​តូច​មួយ​នៃ​អតីត និង​សមាជិកសភា​បច្ចុប្បន្នរ​បស់​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន និង​ពុំ​ត្រូវ​ទទួលស្គាល់​ជា​អង្គភាព​របស់​អាស៊ាន​ឡើយ​។ ទស្សនៈ​របស់​ក្រុម APHP មិនបាន​ឆ្លុះបញ្ចាំង​ពី​ការយល់ឃើញ​របស់​អាស៊ាន ហើយក៏​ពុំមាន​ន័យ​ណាមួយ​តំណាង​ឲ្យ​ការវាយតម្លៃ​របស់​អាស៊ាន​នោះដែរ​។ ហើយ​ការវាយតម្លៃ​របស់ APHP នេះ គឺមាន​ការជាប់​ពាក់ព័ន្ធ​របស់លោក Phil Robertson នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែលជា​ជន​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​អ្នក​ដែល​តែងតែ​វាយប្រហារ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​។​

​បើតាម​ក្រសួង​ការបទេស​នោះ គឺ​មានតែ​អន្តរ​សភា (AIPA) តែមួយគត់ ដែលជា​ស្ថាប័ន​និតិ​បញ្ញត្តិ​របស់​អាស៊ាន​។ ហើយ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស (AICHR) គឺជា​អង្គភាព​ផ្លូវការ​របស់​អាស៊ាន មាន​តួនាទី​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​៕


Tag:
 កម្ពុជា​
  ​អាស៊ាន​
 ​ សិទ្ធិមនុស្ស​
  APHP
© រក្សាសិទ្ធិដោយ thmeythmey.com