ជាតិ
សេដ្ឋកិច្ច
សណ្ឋាគារ​ផ្កាយ​៥ តម្លៃ ១០០​លាន​ដុល្លារ ចាប់ផ្ដើម​សាងសង់​នៅ​ភ្នំពេញ​
24, Mar 2017 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​សណ្ឋាគារ Hyatt ពី​សហរដ្ឋអាមេរិក បើក​ការដ្ឋាន​សាងសង់​សណ្ឋាគារ​ផ្កាយ ៥ Hyatt Regency Phnom Penh នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២​ខែមីនា​កន្លងមក​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។​



​កាលពី​ខែកញ្ញា ក្រុមហ៊ុន Hyatt Hotels Corporation   ប្រកាសថា​ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Chip Mong Group បង្កើត​សណ្ឋាគារ Hyatt Regency Phnom Penh ក្នុងតម្លៃ​វ​ង្វ​ង់ ១០០​លាន​ដុល្លារ និង​បើក​ដំណើរការ​នៅ​ឆ្នាំ ២០២០ ។ សណ្ឋាគារ​នេះ មាន​កម្ពស់ ១៤​ជាន់ និង​២៥០​បន្ទប់ ត្រូវបាន​ស្ថាបនា​លើ​ផ្ទៃដី​សរុប​ជាង ៧​ពាន់​ម៉ែត្រក្រឡា ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ស​ណ្ឋា​រ​គារ​នេះ នឹង​រួមបញ្ចូល​នូវ​សាលប្រជុំ​ធំៗ​លំដាប់​អន្តរជាតិ ហាង​ទំនិញ ភោជនីយដ្ឋាន កន្លែង​រៀបចំ​ពិធី​ផ្សេងៗ និង​អគារ​ការិយាល័យ​។​
​លោក លាង ឃុន ម្ចាស់​សណ្ឋាគារ Hyatt Regency Phnom Penh បាន​មានប្រសាសន៍ថា លោក​ជឿជាក់ថា សណ្ឋាគារ​នេះ នឹង​អាច​ទាក់ទាញ​ទេសចរ និង​អ្នកជំនួញ​មក​ទីក្រុង​ភ្នំពេញ​កាន់តែច្រើន ដែល​ជួយ​ជំរុញ​សេដ្ឋកិច្ច និង​មុខមាត់​ប្រទេស​កម្ពុជា​។​

​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដែល​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​នេះ បាន​ថ្លែងថា ការសម្រេចចិត្ត​វិនិយោគ​នេះ បានបង្ហាញ​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​លើ​សក្ដានុពល​សេដ្ឋកិច្ច វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍​កម្ពុជា​។​

​បើតាម​របាយការណ៍​ពី​ក្រសួង​ដែនដី គិត​ត្រឹម​ឆ្នាំ​២០១៦ កម្ពុជា​មា​នស​ណ្ឋា​ការសរុប ៦៤៧​កន្លែង ក្នុងនោះ​សណ្ឋាគារ​ផ្កាយ​៥​មាន​ចំនួន ២១ ។​
​គិត​ត្រឹម​ឆ្នាំ​២០១៦ សណ្ឋាគារ Hyatt ដែលមាន​ទីតាំង​គោល​នៅ​សហរដ្ឋអាមេរិក មាន​ចំនួន​សរុប ៦៦៣ នៅក្នុង​ប្រទេស ៥៦​ជុំវិញ​ពិភពលោក​៕


Tag:
 សណ្ឋាគារ
© រក្សាសិទ្ធិដោយ thmeythmey.com