អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​តួ​ក​គី​ព្រមាន​ថា អឺរ៉ុប​គ្មាន​ថ្ងៃ​បាន​សុខ​ទេ​បើ​មិន​ប្តូរ​ឥរិយាបថប្រឆាំង​តួ​ក​គី​
23, Mar 2017 , 8:39 pm        
រូបភាព
​ជម្លោះ​ការទូត​រវាង​តួ​ក​គី​និង​រដ្ឋ​អឺរ៉ុប​ចំនួនពី​រមាន​អាល្លឺម៉ង់​និង​ហូ​ឡង់​នោះ​កាន់តែ​ដុនដាប​ទៅហើយ​។ មេដឹកនាំ​តួ​ក​គី​មិនបាន​អត់ធ្មត់​បញ្ចប់​ការវាយប្រហារ​ដោយ​ពាក្យសម្តី​លើ​ប្រទេស​អឺរ៉ុប​ទាំង​នេះឡើយ ហើយ​សម្តី​ដែល​តួ​ក​គី​ប្រើប្រាស់​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ជាមុន​ទៀត​។ ប្រធានាធិបតី Recep Tayyip Erdogan បាន​ព្រលយ​ពាក្យ​នៅ​ថ្ងៃ​ពុធ​ទី ២២ មីនា​ថា «​ប្រជាជន​អឺរ៉ុប​មិនអាច​ដើរ​លើផ្លូវ​បាន​ដោយមាន​សុវត្ថិភាព​និង​សន្តិភាព​ឡើយ បើ​គេ​មិន​ព្រម​ប្តូរ​ឥ​រិ​យាបថ​ប្រឆាំង​តួ​ក​គី​ដូច​បច្ចុប្បន្ន​​។ ប៉ុន្តែ​មេដឹកនាំ​រូបនេះ​មិនបាន​ពន្យល់​ទេ​ថា​លោក​ចង់​មានន័យ​អ្វី​ឲ្យ​ប្រាកដ​នោះ ប៉ុន្តែ​គេ​ច្បាស់​ក្នុង​ចិត្ត​ថា លោក​ចង់​បញ្ជាក់ថា​តួ​ក​គី​​នឹង​សងសឹក​អឺរ៉ុបវិញ​។​



​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan បន្ត​ប្រើប្រាស់​ពាក្យសម្តី​ទិតៀន និង​ប្រមាថ​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ចំនួនពីរ មាន​ហូ​ឡង់​និង​អាល្លឺម៉ង់ ដែល​វា​កាន់តែ​រុញច្រាន​ឲ្យ​ទំនាស់​ការទូត​នេះ​ធ្លាក់​កាន់តែ​ជ្រៅ​ក្នុងស្ថានភាពពិបាកស្តារឡើងវិញ​។ អ្វីដែល​ធ្ងន់ធ្ងរ​ជាង​នេះ មេដឹកនាំ​តួ​ក​គី​ខាងលើ​បាន​ព្រមាន​អឺរ៉ុប​ចំៗ​ថា ប្រជាជន​អឺរ៉ុប​នឹង​មិនអាច​សូម្បីតែ​ដើរ​តាម​ថ្នល់​ដោយ​សុវត្ថិភាព បើសិនជា​អឺរ៉ុប​បន្ត​ឥរិយាបទ​មិនល្អ​ដាក់​តួ​គី​។​

​ការលើកឡើង​បែបនេះ ដោយសារតែ​មេដឹកនាំ​តួ​ក​គី​ខឹង​អាល្លឺម៉ង់​និង​ហូ​ឡង់​ដាច់​ក្បាល​ដាច់​កន្ទុយ​ព្រោះ​ប្រទេស​ទាំងពីរ​នេះ​ហាម​មន្ត្រីជាន់ខ្ពស់​តួ​ក​គី​ចូល​ទឹកដី​ខ្លួន​ដើម្បី​ជួយ​ប្រជាជន​តួ​ក​គី​និង​ឃោសនា​រក​ការគាំទ្រ​ពី​ប្រជាជន​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​កែ​រដ្ឋធម្មនុញ្ញ​បង្កើន​អំណាច​ប្រធានាធិបតី​តួ​ក​គី​នៅ​ខែក្រោយ​នោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Erdogan បាន​ថ្លែង​ដូច្នេះ​ថា​៖«​ប្រសិនបើ​អឺរ៉ុប​បន្តសកម្មភាព​បែ​ប​នេះ គ្មាន​ប្រជាជន​អឺរ៉ុប​ណា​នៅលើ​ពិភពលោក​អាច​ដើរ​លើផ្លូវ​បាន​ដោយ​សុវត្ថិភាព​ឡើយ​»​។​

​លោក​បាន​បន្ថែមថា​៖« តួ​ក​គី​ទាមទារ​ឲ្យ​ប្រទេស​ទាំងនោះ​គោរព​សិទ្ធមនុស្ស​និង​ប្រជាធិបតេយ្យ​ផងដែរ​»​។​

​ការលើកឡើង​របស់​ប្រធានាធិបតី​រូបនេះ​ជា​សារ​គំរាម​មួយ​សម្រាប់​អឺរ៉ុប ហើយ​គេ​មាន​មន្ទិលសង្ស័យ​ផងដែរ​តើ​លោក Erdogan ចង់​មានន័យ​យ៉ាងដូចម្តេច​ឲ្យ​ប្រាកដ​។ ប៉ុន្តែ​គេ​យល់បាន​ថា អ្វីដែល​លោក​លើកឡើង​ជាការព្រមាន​ជាមុន​និង​ប្រាប់ថា តួ​ក​គី​ក៏​មិន​ស្ទាក់ស្ទើរ​ក្នុងការ​សងសឹក​ប្រទេស​អឺរ៉ុប​ដែល​ហ៊ាន​មើលងាយ​មន្ត្រី​ខ្លួន​ឡើយ​។​

 លោក Erdogan កន្លងមក​បានលើកឡើង​ពី​កង្វល់​របស់លោក​ផ្ទាល់​ផងដែរ​ជុំវិញ​ការកើនឡើង​នៃ​និន្នាការ​ស្អប់​ខ្ពើ​m​ប្រជាជន​ឥស្លាម និង​រើសអើង​ពូជសាសន៍​នៅ​អឺរ៉ុប ដែល​វា​កំពុង​បំផ្លាញ​អត្តសញ្ញាណ​និង​តម្លៃ​អឺរ៉ុប​ផងដែរ​។ លោក​បន្ត​ប្រៀបធៀប​សកម្មភាព​ប្រទេស​អឺរ៉ុប​ជាពិសេស​អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្កែ​ល ទៅនឹង​មេដឹកនាំ​ក្រុម​ផ្តាច់កា​រណា​ស៊ី​អាល្លឺម៉ង់​។​

​លោក Erdogan ក៏​ផ្តាំផ្ញើ​ទៅកាន់​មេដឹកនាំ​អឺរ៉ុប​ផងដែរ​ថា តួ​ក​គី​មិនអាច​ឲ្យ​គេ​មើលងាយ​ជាន់ឈ្លី​និង លែង​សើច​បាន​តាមចិត្ត​ឡើយ ហើយ​លោក​ចាត់ទុកថា រដ្ឋ​អឺរ៉ុប​មួយចំនួនដែលបាន​បិទទ្វារ​មិន​ឲ្យ​រដ្ឋមន្ត្រី​តួ​ក​គី​ចូល​ទឹកដី​ខ្លួន​ជាការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​​ចំពោះ​តួ​ក​គី​។​

​ដោយឡែក ទោះជា​ប្រឈម​បញ្ហា​ក្តី មន្ត្រី​រដ្ឋាភិបាល​ខ្លួន​នឹង​បន្ត​ការឃោសនា​និង​ជួប​ប្រជាជន​ខ្លួន​នៅក្នុង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ប៉ុន្តែ​មិនមាន​ការផ្សព្វផ្សាយ​ពី​ប្រជាមតិ​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​ឡើយ​។​

​អាល្លឺម៉ង់​៖ ប្រធានាធិបតី តួ​ក​គី បំផ្លាញ​ខ្លូន​ឯង

​តាមពិតទៅ តាំងពី​សប្តាហ៍​មុន បណ្តា​មេដឹកនាំ​អឺរ៉ុប​បាន​បន្ត​ទទូច​សុំ​ឲ្យ​ខាង​រដ្ឋាភិបាល​តួ​គី​បញ្ឈប់​រាល់​ការប្រើ​ពាក្យសម្តី​ទិតៀន​និង វាយប្រហារ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​ជាពិសេស​ប្រៀបធៀប​គេឯង​ទៅនឹង​របប​ផ្តាច់កា​រណា​ស៊ី​អាល្លឺម៉ង់ ដើម្បី​កុំ​ឲ្យ​ទំនាក់ទំនង​តួ​ក​គី​ជាមួយ​អឺរ៉ុប​កាន់តែ​ល្អក់​ករក​ខ្លាំង​និង​ស្តារ​លែង​បាន​។ ប៉ុន្តែ​វា​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ព្រោះ​តួ​ក​គី​មិន​យក​ត្រចៀក​ស្តាប់​ឡើយ​។

​មេដឹកនាំ​តួ​ក​គីប​ន្ត​ថ្កោលទោស​និង​ប្រដូច​រដ្ឋាភិបាល​អឺរ៉ុប​ទៅនឹង​របប​ដឹកនាំ​ណា​ស៊ី ហើយ​សារព័ត៌មាន​តួ​ក​គី​ក៏​បង្កើត​រូបភាព​អធិការបតី​អាល្លឺម៉ង់​ក្នុង​ឯកសណ្ឋាន​លោក អា​ដុ​ហ្វ ហ៊ី​ត្លែរ ផងដែរ​។ ហើយ​ក្រោយពេល​ប្រជាមតិ​កែ​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​លោក Erdogan ក៏​ប្រហែលជា​នឹង​ពិនិត្យឡើងវិញ​ពី​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប​ដែរ​។ បច្ចុប្បន្ន​តួ​ក​គី​ជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ តែ​ប្រទេស​នេះ​មិនទាន់​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​ឡើយ​។ ប៉ុន្តែ​តួ​ក​គី​មាន​សារសំខាន់​ខ្លាំង​សម្រាប់​អឺរ៉ុប​នៅពេល​និយាយ​ដល់​វិបត្តិ​ជ​ន​ភៀសខ្លួន​។ ដូច្នេះហើយ​ភាគច្រើន​អឺរ៉ុប​មិនសូវ​ហ៊ាន​ធ្វើ​ឲ្យ​តួ​ក​គី​ខ្នើសចិត្ត​ឡើយ​។

 ពាក់ព័ន្ធ​ការបន្ត​វាយប្រហារ​លើ​សហភាព​អឺរ៉ុប​ដោយ​ពាក្យសម្តី​នេះ ប្រធានាធិបតី​អាល្លឺម៉ង់​លោក​Frank-Walter Steinmeier បាន​រិះគន់​តួ​ក​គី​វិញ​ដែរ ហើយ​លោក​ឆ្លៀត​ប្រា​ប់លោក Erdogan ផងដែរ​ថា លោក​កំពុង​បំផ្លាញ​សមិទ្ធផល​ដែល​ខ្លួន​ខំ​កសាង​។​

​ថ្លែង​ក្នុងពេល​ស្បថ​ចូលកាន់​តំណែង លោក Steinmeirer បានលើកឡើង​ដូច្នេះ​៖« ការ​ក្រឡេក​មើលទៅ​តួ​ក​គី​របស់​យើង​គឺ​ប្រកបដោយ​ក្តីបារម្ភ​។ បារម្ភ​ត្រង់​ថា គ្រប់យ៉ាង​ដែល​តួ​ក​គី​សម្រេចបាន​កន្លងមក​នោះ​អាច​នឹងត្រូវ​ខ្ទេចខ្ទីរ​អស់​ផង​»​។​

​លោក​បន្តថា​៖« ប្រធានាធិបតី Erdogan អ្នក​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​គ្រប់យ៉ាង​ដែល​អ្នក​និង​អ្នក​ឯទៀត​បាន​កសាងឡើង​ឡើយ​។ តែ​យើង​ស្វាគមន៍​សកម្មភាព​ទាំងឡាយណា​ដែល​អាច​ដោះស្រាយ​បញ្ហា​តានតឹង​ផ្នែក​ការទូត​នេះ​»​។​

​បន្ទាប់ពី​ចោទថា​មេដឹកនាំ​តួ​ក​គី​អាច​បំផ្លាញ​ទំនាក់ទំនង​តួ​ក​គី​ជាមួយ​ប្រទេស​អឺរ៉ុប​និង​សមិទ្ធផល​ផ្សេងទៀត​នោះ ប្រធានាធិបតី​អាល្លឺម៉ង់​ខាងលើ​ក៏បាន​ទាមទារ​ឲ្យ​តួ​ក​គី​ឈប់​ប្រៀបធៀប​អឺរ៉ុប​ជាមួយ​ណា​ស៊ី​ទៀត និង​គោរព​សេរីភាព​សារព័ត៌មាន​និង​នីតិរដ្ឋ​ឡើងវិញ​។ លោក​បន្ថែមថា តួ​ក​គី​មិនត្រូវ​ព្យាយាម​ផ្តាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​ដែល​ចង់​ក្លាយជា​ដៃគូ​ជាមួយ​តួ​គី​ឡើយ​៕


Tag:
 Recep Tayyip Erdogan
 ​ ហូ​ឡង់​
  អាល្លឺម៉ង់​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com