អន្តរជាតិ
មេក្រុម​អាវ​ក្រហម​ដែល​ប៉ង​សម្លាប់​លោក ប្រា​យុទ្ធ មិន​សំងំ​នៅ​ខ្មែរ​ឡើយ តែ​ជ្រកកោន​នៅ​ឡាវ
23, Mar 2017 , 9:39 pm        
រូបភាព
រូបភាព៖ បាងកកប៉ុស្តិ៍
រូបភាព៖ បាងកកប៉ុស្តិ៍
ដោយ: ថ្មីៗ
​ស្ថាប័ន​ប៉ូលិស​ថៃ​បានប្រកាសថា ក្រុមការងារ​លោក​កំពុង​ស្វែងរក​ចាប់ខ្លួន​មនុស្ស​៦ នាក់​ក្នុងនោះ​មាន​ទាំង​លោក Wuthipong Kochathamakun ដែល​បាន​រត់គេចខ្លួន​តាំងពី​ឆ្នាំ ២០១៤​នោះ​ពាក់ព័ន្ធ​គម្រោង​ធ្វើឃាត​លោកនាយក​រដ្ឋមន្ត្រី​ថៃ​។ លើក​នេះ​សារព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ៍ ស្រង់​សម្តី​មេ​ប៉ូលិស​ជាតិ​ថៃ​រង និង​បកស្រាយ​ខុសពី​មុន​ដោយ​បញ្ជាក់ថា​មេដឹកនាំ​ក្រុម​អាវ​ក្រហម​ខាងលើ​ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅ​ឡាវ មិនមែន​នៅ​សំងំ​លាក់ខ្លួន​នៅ​កម្ពុជា​ឡើយ​។



​សារព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ៍​បាន​ចុះផ្សាយ​ព័ត៌មាន​ថ្មី  មួយទៀត​ពាក់ព័ន្ធ​គម្រោង​ធ្វើឃាត​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្រោយ​ការ​រឹបអូស​បាន​អាវុធ​ជាច្រើន​នៅផ្ទះ​មួយ​ស្ថិតនៅ​ខេត្ត Pathum Thani ដែលជា​របស់​មេដឹកនាំ​ក្រុម​អាវ​ក្រហម​លោក Wuthipong Kochathamakun កាលពី​សប្តាហ៍​នោះ​។

​សារព័ត៌មាន​នេះ​បាន​ស្រង់​សម្តី​ស្នងការរង​ប៉ូលិស​ជាតិ​ថៃ​លោក Srivara Ransibrahmanakul ថា ចលនា​ឈ្មោះថា «​វិទ្យុ​ក្រហម​» ជា​ក្រុម​ដែល​រៀបចំ​គម្រោង​អស់​ពេល​ជាច្រើន​ខែ​ហើយ​ដើម្បី​ធ្វើឃាត​នាយករដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចន្ទ​អូ​ចា និង​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon​។ ហើយ​ស្ថាប័ន​ប្រឆាំង​ឧក្រិដ្ឋកម្ម​របស់លោក​កំពុង​ស្នើសុំ​ដីកាចាប់ខ្លួន​ជនសង្ស័យ ៦​នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ការរៀប​គម្រោងការ​ដ៏​កខ្វក់​នេះ​ផង​។​

​បើតាម​ស្នងការរង​ប៉ូលិស​ខាងលើ ជនសង្ស័យ​ទាំង ៦​អ្នកនោះ​ស្ថិតក្រោម​ការចាប់ខ្លួន​ស្ថិតក្រោម​ការចោទប្រកាន់​ច្រើន​ពាក់ព័ន្ធ​ករណី​ការ​លាក់ទុក​អាវុធ​ធ្វើសង្គ្រាម សម្ភារៈ​យោធា និង​គ្រឿងញៀន​ជាដើម ហើយ​បន្ថែម​ពី​នោះ​ពួកគេ​ជាប់​ពាក់ព័ន្ធ​ការរៀប​គម្រោង​បង្ក​ឧក្រិដ្ឋកម្ម​ផងដែរ​។​

១.​មេក្រុម​អាវ​ក្រហម​មិន​នៅ​កម្ពុជា​ដូច​ការសន្និដ្ឋាន​ពីមុន​ឡើយ តែ​គេ​បាន​សិទ្ធិ​ជ្រកកោន​នៅ​ឡាវ​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មេបញ្ជាការរង​ប៉ូលីស​ជាតិ​ថៃ​ខាងលើ​បាន​អះអាងថា​ក្នុងចំណោម​មនុស្ស ៦​នាក់​នោះ​មាន លោក Wuthipong Kochathamakun ដែលជា​មនុស្ស​ស្និ​ទ្ធិ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ផងដែរ​។ គេ​អះអាងថា លោក Withipong នេះ​ទទួលបាន​សិទ្ធិ​ជ្រកកោន​នៅក្នុង​ទឹកដី​ឡាវ​ដែលជា​ប្រទេសជិតខាង​ថៃ​ឯណោះ​ទេ​។

​ការលើកឡើង​នេះ វា​ខុសពី​ការបកស្រាយ​កាលពីដើម​សប្តាហ៍​ពាក់ព័ន្ធ​ទីកន្លែង​ដែល​មេដឹកនាំ​ក្រុម​អាវ​ក្រហម​ខាងលើ​លាក់ខ្លួន​។ សារព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ៍ ដដែល​ធ្លាប់​ផ្សាយ​កាលពីដើម​សប្តាហ៍​កន្លង​ទៅដោយ​សន្និដ្ឋាន​សម្តី​មេ​ប៉ូលិស​ថៃ Chaktip Chaijinda ថា លោក Wuthipong កំពុង​សម្ងំ​លាក់ខ្លួន​នៅក្នុង​ទឹកដី​កម្ពុជា​។ មេ​ប៉ូលិស​ថៃ​រូបនេះ​បដិសេធ​ហៅ​ឈ្មោះ​ប្រទេស​នោះ​ចំ​ដោយ​គ្រាន់តែ​អះអាងថា នៅ​ប្រទេសជិតខាង​ប៉ុណ្ណោះ​។

​តាមពិតទៅ មូលហេតុ​ដែល​សារព័ត៌មាន​សន្និដ្ឋានថា លោក Wuthipong កំពុង​លាក់ខ្លួន​នៅ​កម្ពុជា ដោយសារតែ​ដើមខែ​កម្ភៈ​ឆ្នាំ ២០១៤ លោក Wuthipong បាន​រត់​ភៀសខ្លួន​ចេញ​កម្ពុ​ជាមុន​ការបោះឆ្នោត​នៅ​ថៃ​។ ការរត់​ភៀសខ្លួន​នេះ​កើតឡើង បន្ទាប់ពី​លោក​និយាយ​វាយប្រហារ​និង​ចោទថា​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បញ្ជា​ឲ្យ​គេ​សម្លាប់​លោក​។ ហើយពីរ​ខែក្រោយ​មក របប​សឹក​ចេញ​ដីកាចាប់ខ្លួន​លោក​ជា​ផ្លូវការ​ដោយ​ចោទប្រកាន់ថា​លោក​ប្រមាថ​ព្រះមហាក្សត្រ​។​

​កាលពី​ចុង​សប្តាហ៍​មុន ប៉ូលិស​ថៃ​បាន​បើក​ប្រតិបត្តិការ​មួយ​ដោយ​រឹបអូស​សព្វាវុធ​ជាច្រើន​ប្រភេទ​មាន​ទាំង​កាំភ្លើង និង​គ្រាប់បែក​ផងដែរ ហើយ​មនុស្ស​៩​នាក់​ក៏ត្រូវ​បាន​ចាប់ខ្លួន​ដូចគ្នា​។ គេ​សន្និដ្ឋាន​អាវុធ​ទាំងនោះ​ត្រូវបាន​គេ​ត្រៀម​ទុក​ដើម្បី​វាយប្រហារ​ប្រឆាំង​អាជ្ញាធរ​ថៃ ដែល​កំពុង​បន្ត​ហ៊ុមព័ទ្ធ​វត្ត Phra Dhammakaya និង​តាម​ចាប់ខ្លួន​ចៅអធិការ​វត្ត​ដែល​គាំទ្រ​ក្រុមគ្រួសារ​ស៊ីណាវ៉ាត្រា​។ លោក​ស្ថិតក្រោម​ការចោទប្រកាន់​ថា លោក​ជាប់​ពាក់ព័ន្ធ​ការលាង​លុយកខ្វក់​។

​ក្រោយ​មានការ​ឃាត់ខ្លួន​មនុស្ស និង​រឹបអូស​អាវុធ ខាង​វត្ត Phra Dhammakaya បាន​ចេញមុខ​បកស្រាយ​ថា​ខ្លួន​មិនបាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មេក្រុម​អាវ​ក្រហម​ខាងលើ ឬ​វិទ្យុ​ក្រហម​ឡើយ​។ ហើយ​ប៉ូលិស​ថៃ​ខ្លួនឯង​ក៏​មិនទាន់​អាចសន្និដ្ឋាន​បាន​នៅឡើយ​ដែរ​ថា កា​រៀបចំ​គម្រោង​នៃ​វិទ្យុ​ក្រហម​របស់លោក Withipong នេះ​ទាក់ទង​ជាមួយ​រណសិរ្ស​រួបរួម​ដើម្បី​ប្រជាធិបតេយ្យ​ប្រឆាំង​របប​ផ្តាច់ការ (UDD) ឬ​ក្រុម​អាវ​ក្រហម​ឬ​អត់​ឡើយ​។​

២.​ប្រា​យុទ្ធ មិន​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន​ឡើយ តែ​បារម្ភ​ពី​ការផ្សព្វផ្សាយ​បំប៉ោង​ព័ត៌មាន​

​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ​អូ​ចា​ដែលជា​តួអង្គ​សំខាន់​ក្នុង​រឿងនេះ បាន​អះអាងថា លោក​បារម្ភ​ខ្លាំងជាងគេ​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​រឿង​រសើប​បែបនេះ ហើយ​លោក​មិនបាន​បារម្ភ​ពី​រឿង​គេ​លួច​ធ្វើឃាត​ឡើយ​។​

​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ដដែល លោក ប្រា​យុទ្ធ បារម្ភ​ខ្លាំង​លើ​ការ​បំប៉ោង​ព័ត៌មាន​ពាក់ព័ន្ធ​បញ្ហា​រសើប​ដូចជា​ការ​រឹបអូស​អាវុធ​សម្រាប់​ធ្វើសង្គ្រាម និង​ការ​បំបែក​គម្រោង​ធ្វើឃាត​មេដឹកនាំ​នេះ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការវិនិយោគ​ពី​បរទេស​។ ពួកគេ​នឹង​បាត់បង់​ទំនុកចិត្ត​ក្នុងការ​ចូលមក​រកស៊ី​នៅ​ថៃ​ផង​។ លោក​បាន​កត់សម្គាល់ថា សារព័ត៌មាន​ខ្លះ​ហ៊ាន​ផ្សាយ​ថា អាវុធ​ដែល​គេ​រឹបអូស​បាន​នោះ​មាន​ច្រើនណាស់ ហើយ​ខ្លះទៀត​ផ្សាយ​ថា អាវុធ​មាន​ប្រហែល ១០​ដើម​ប៉ុណ្ណោះ​។ លោក​ចង់​ឲ្យ​សារព័ត៌មាន​ទាំងនោះ​ចៀសវាង​ការ​បំប៉ោង​ទិន្នន័យ​និង​ការពិត​ទាក់ទង​នឹង​ព័ត៌មាន​ដែល​ពួកគេ​ទទួលបាន​ផងដែរ​៕


Tag:
 Wuthipong Kochathamakun
  Srivara Ransibrahmana
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com