ជាតិ
សុវត្តិភាព ចរាចរណ៍
អាចរងពិន័យ រហូតដល់ជាង៧ម៉ឺនរៀល បើមិនបង្ហាញសញ្ញាអាសន្នពេលយានយន្តខូចលើផ្លូវ
× ភ្នំពេញ៖ អ្នកបើកបរយានយន្តត្រូវរងពិន័យប្រាក់ពី ២ម៉ឺន ដល់៧ម៉ឺនប្រាំពាន់រៀល ប្រសិនបើពួកគេមិនបានប្រើសញ្ញាអាសន្ន ឬមិនបានដាក់សញ្ញាត្រីកោណជាដំណឹង នៅពេលយានយន្តខូចដែលមិនអាចរំកិលចេញពីទ្រូងផ្លូវ។ នេះបើតាមមាត្រា៧ នៃអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ថ្មី រដ្ឋាភិបាលបានបង្គាប់សមត្ថកិច្ចឲ្យពិន័យចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តទឹកប្រាក់ចំនួន ២០០០០ (ពីរម៉ឺន)រៀល, អ្នកបើកបរយានយន្តធុនស្រាលចំនួន ៤០០០០ (បួនម៉ឺន) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ៧៥ ០០០ (ប្រាំពីរម៉ឺនប្រាំពាន់) រៀល។
ក្រៅពីករណីល្មើសខាងលើ អនុក្រឹត្យបញ្ជាក់ថា អ្នកបើកបរយាននឹងរងការពិន័យចំនួនទឹកប្រាក់ដូចគ្នា ប្រសិនបើពួកគេល្មើសច្បាប់ក្នុងករណី ដូចជា ការអូសចន្ទល់លើផ្លូវថ្នល់ ឬព្រលែដៃចង្កូត ឬលើកជើងដាក់ លើដៃចង្កូត, ការបើកបរបង្ហោះ រេចុះរេឡើង ឆាប ឬកៀរ, ការរៀបចំតាំងភ្លើង និងភ្លើងសញ្ញាយានជំនិះ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស, ករណីម៉ាស៊ីនយានយន្តបញ្ចេញសម្លេងខ្លាំង ឬផ្សែងច្រើនខុសពី បទដ្ឋានបច្ចេកទេស, ករណីយានយន្តគ្មាន ឬមិនដំណើការនូវផ្លិតទឹកជូតកញ្ចក់មុខ ឬកញ្ចក់មុខ ឬកញ្ចក់ ក្រោយមានប្រេះស្រាំដែលលំបាកមើលផ្លូវ ឬគ្មានកញ្ចក់មើលក្រោយ។
បន្ថែមលើសពី អ្នកនឹងរងពិន័យចំនួនទឹកប្រាក់ដូចគ្នាផងដែរ ក្នុងករណីពួកគេបើកបរហួសល្បឿនកំណត់ចាប់ពី ២០ ទៅ២៩គីឡូម៉ែត្រក្នុងមួយម៉ោង, ករណីអ្នកបើកបររថយន្តធ្វើអាជីវកម្មដឹកអ្នកដំណើ ឬដឹកទំនិញមិនមាន សញ្ញាសម្គាល់ ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ, ករណីរថយន្តដឹកទំនិញមានគ្រោះថ្នាក់ មិនមានសញ្ញាសម្គាល់ ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ, ករណីល្មើសនឹងបែបបទនៃការសណ្តោងយានដូចមានចែង ក្នុងមាត្រា ១៤ នៃច្បាប់ស្តីព ចរាចរណ៍ផ្លូវគោក និងចុងក្រោយ ករណីអ្នកបើកបរយានយន្តដែលមិនបានប្រើភ្លើងសញ្ញាអាសន្ន ឬមិនបានដាក់សញ្ញាត្រីកោណជាដំណឹង សម្រាប់ការពារគ្រោះថ្នាក់ ក្នុងករណីយានយន្តខូចមិនអាចរំកិលចេញពីទ្រូងផ្លូវបាននៅកន្លែងផ្លូវកោង ឬផ្លូវបត់ ឬផ្លូវចោត។
អនុក្រឹត្យចុះនៅថ្ងៃទី២១ មីនានេះ បានបន្តបញ្ជាក់ថា ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ ប្រសិនបើអនីតិជនមានអាយុ ក្រោម ១៥ឆ្នាំ បានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យ។ តាមអនុក្រឹត្យដដែល បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់មន្ត្រីមានសមត្ថកិច្ចពេលអនុវត្តច្បាប់ មានសិទ្ធិប្តឹងតវ៉ាទៅប្រធានអង្គភាពដែលគ្រប់គ្រងមន្ត្រីអនុវត្តនោះផ្ទាល់នៅទូទាំងប្រទេស រយៈពេល ៣០ថ្ងៃយ៉ាងយូរ គិតពីថ្ងៃទទួលបង្កាន់ដៃពិន័យអន្តរការណ៍៕
Tag:
ច្បាប់
ចរាចរណ៍
មហាផ្ទៃ
សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com