អន្តរជាតិ
ចិនស្នើឲ្យអាមេរិកគោរពតំបន់ការពារអាកាសរបស់ខ្លួន បន្ទាប់ពីយន្តហោះ B-1 ហោះបំពាន
× មហាយក្សចិនបានស្នើឲ្យអាមេរិកគោរពតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស(ADIZ) នៅសមុទ្រចិនខាងកើតដែលខ្លូនប្រកាសជាឯកតោភាគីកាលពីឆ្នាំ ២០១៣។ ការទាមទារនេះធ្វើឡើង ក្រោយមានរបាយការណ៍ថា អាមេរិកបង្ហោះយន្តហោះទម្លាក់គ្រាប់បែក B-1 នៅក្បែរព្រំដែនកូរ៉េខាងត្បូងនិងបំពានចូលដែន ADIZ របស់ចិននៅចុងសប្តាហ៍មុន។
ក្រុងប៉េកាំងបានស្នើឲ្យក្រុងវ៉ាស៊ីនតោនគោរពតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់ចិន ក្រោយមានការចុះផ្សាយថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក B-1 ហោះហើររំលោភចូលដែនអាកាសខាងលើនៅសមុទ្រចិនខាងកើតកាលពីចុងសប្តាហ៍កន្លងទៅ។
តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ចិននៅសមុទ្រចិនខាងកើត ត្រូវបានប្រកាសជាលក្ខណៈឯកតោភាគីកាលពីឆ្នាំ ២០១៣ ហើយជប៉ុនមិនបានទទួលស្គាល់ដែនអាកាសនេះឡើយ។
ហើយសារព័ត៌មាន CNN បានស្រង់សម្តីមន្ត្រីទីបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក(PACOM)ថា យន្តហោះទម្លាក់គ្រាប់បែក B-1 អាមេរិកបានហោះហើយនៅជិតព្រំដែនកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ហើយអ្នកបើកយន្តហោះនោះបានឆ្លើយតបទៅកាន់ភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសចិនថា ខ្លួនហោះហើរក្នុងប្រតិបត្តិការជាទម្លាប់និងស្ថិតក្នុងដែនអាកាសអន្តជាតិប៉ុណ្ណោះ។ អ្នកបើកយន្តហោះក៏បញ្ជាក់បន្ថែមផងដែរថា យន្តហោះនេះមិនបានហោះហើរខុសផ្លូវឡើយ។
ដោយឡែក យោងតាមទីភ្នាក់ងារព័ត៌មាន Reuters អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា លោកស្រីមិនទាន់បានទទួលព័ត៌មានពាក់ព័ន្ធការហោះហើរនៃយន្តហោះទម្លាក់គ្រាប់អាមេរិកនេះឡើយ។ ប៉ុន្តែលោកស្រីបានឆ្លៀតឱកាសស្នើសុំត្រង់ៗទៅក្រុងវ៉ាស៊ីនតោនឲ្យគោរពតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសនៅសមុទ្រចិនខាងកើត។
លោកស្រីបានបញ្ជាក់ដូច្នេះ៖ «ប៉ុន្តែជាទូទៅ ខ្ញុំសង្ឃឹមថា នៅក្នុងតំបន់នោះ រាល់សកម្មភាពប្រទេសទាំងអស់អាចក្លាយជាក្តីកង្វល់ផ្នែកសន្តិសុខសម្រាប់ប្រទេសផ្សេងទៀត ហើយខ្លះទៀតវាក្លាយជាផលប្រយោជន៍សម្រាប់ប្រទេសពាក់ព័ន្ធដូចជាធានាសន្តិសុខ ស្ថិរភាព និងសន្តិភាពរវាងប្រទេសទាំងនោះ។
លោកស្រីបានបញ្ជាក់បន្ថែម៖ « សហរដ្ឋអាមេរិកក៏មានតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសផ្ទាល់ខ្លួនដែរ។ ដូច្នេះខ្ញុំគិតថា ប្រសិនបើបញ្ហានេះវាជាការពិត គេគួរតែគោរពតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ចិនដូចគ្នា»៕
Tag:
B-1
ADIZ
Hua Chunying
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com