អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយ​សោយសុខ​ជាច្រើន​ឆ្នាំ ដល់ពេល​អង់គ្លេស​រង​គ្រោះ​ដោយ​ភេរវកម្ម​ម្ដង​
24, Mar 2017 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​ទីក្រុង​ធំៗ​របស់​អឺរ៉ុប​ដូចជា​ប៉ារីស​, ព្រុ​ច​សែ​ល និង​នី​ស បាន​រង​ការវាយប្រហារ​ជា​ញឹកញាប់​ពី​សំណាក់​ក្រុម​ភេរវកម្ម​នាពេល​កន្លងមក​។ ដោយឡែក​ទីក្រុង​ឡុង​ដ៍​របស់​ចក្រភព​អង់គ្លេស មាន​ស្ថានភាព​ស្ងប់ស្ងាត់​ស្រួល​ជាងគេ និង​មិនដែល​រង​ការវាយប្រហារ​អ្វី​សោះ​អស់​ពេល​ជាង​១០​ឆ្នាំ​មកនេះ​។ ពោល គឺ​រហូតមក​ការវាយប្រហារ​ថ្ងៃទី​២២ ខែមីនា ដែល​សម្លាប់​មនុស្ស​ចំនួន​៥​នាក់ និង​ជាង ៤០​នាក់​ផ្សេង​រងរបួស​។ ការវាយប្រហារ​លើក​នេះ ក៏​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​វាយប្រហារ​របស់​ក្រុម​ភេរវកម្ម​ផងដែរ​។​

 
​ភេរវកម្ម​ក្បែរ​សភា​អង់គ្លេស​ថ្ងៃទី​២២ ខែមីនា ជាការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ចាប់តាំងពី​ភេរវកម្ម​ឆ្នាំ​២០០៥ មក​។ ការវាយប្រហារ​នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍ របស់​អង់គ្លេស បានធ្វើ​ឲ្យ​តក់ស្លុត និង​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ទីក្រុង​នេះ បានរស់នៅ​ដោយ​ស្រួល​អស់​ពេល​ជាច្រើន​មកហើយ​ដែរ​។ មេដឹកនាំ​ប្រទេស​ជាច្រើន បាននាំគ្នា​ថ្កោលទោស​ករណី «​ភេរវកម្ម​»​នេះ ហើយក៏​បង្ហាញ​ជំហរ​គាំទ្រ និង​ការ​សាមគ្គី ជាមួយ​ប្រជាជន​អង់គ្លេស​ផងដែរ​។​
 
​ទាក់ទិន​ភេរ​វ​កម្ម​ថ្ងៃទី​២២ បុរស​ជា​ឧក្រិដ្ឋជន ដែល​នាយករដ្ឋមន្ត្រី Theresa May បញ្ជាក់ថា​កើត​នៅ​អង់គ្លេស បាន​បើកឡាន​បុក​រះ​មនុស្ស​លើ​ស្ពាន Westminster ហើយ​បន្ត​បុក​របង​សភា​ទៀត ដោយ​បង្ក​ឲ្យ​មនុស្ស​យ៉ាងតិច ៥​នាក់​ស្លាប់ និង​ជាង​៤០​នាក់​ទៀត​របួស​។ បន្ទាប់មក​ជន​នោះ បាន​យក​កាំបិត​កាប់​ប៉ូលិស​ម្នាក់ ដែល​ស្ថិតនៅក្នុង​សភា​តែម្តង​។ ប៉ូលិស​បានបញ្ជាក់​អត្តសញ្ញាណ​ជនដៃដល់​ឈ្មោះ Khalid Masood និង​មាន​អាយុ​៥២​ឆ្នាំ​។​
 
​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ករណី​វាយប្រហារ​នេះ កើតឡើង​ចំ​ថ្ងៃ​តែមួយ ជាមួយ​ការវាយប្រហារ​នៅ​ក្រុង​ព្រុ​ច​សែ​ល កាលពី​ឆ្នាំមុន​ដែរ​។ គោលដៅ​នៃ​ភេរវកម្ម​នៅ​ទីក្រុង​ឡុង​ដ៍ ទំនងជា​មិន​ត្រឹមតែ​សម្លាប់ ឬ​ធ្វើ​ឲ្យ​ពិការ​អ្វី​ឡើយ តែ​ដើម្បី​បង្កើត​ចលាចល និង​ការភ័យខ្លាច​នៅក្នុង​ប្រទេស​នេះ​។ ជាមួយ​ការ​ស្ងប់ស្ងាត់​ជាច្រើន​ឆ្នាំ ការវាយប្រហារ​ភេរវកម្ម​លើក​នេះ ពិតជា​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​ប្រជាជន​អង់គ្លេស​មិនខានឡើយ​។​
 
​ភេរវកម្ម​ដ៏​ធំ​ចុងក្រោយ​ដែល​វាយប្រហារ​ទីក្រុង​ឡុង​ដ៍ កើតឡើង​ក្នុង​ឆ្នាំ​២០០៥ ដែល​ភេរវកម្ម​ដាក់​គ្រាប់បែក​បំផ្ទុះ ដែល​សម្លាប់​មនុស្ស​អស់​៥២​នាក់ និង​៧០០​នាក់​ទៀត​រងរបួស​។ នៅពេលនោះ ភេរវជន​៤​នាក់ ដែលជា​ជនជាតិ​អង់គ្លេស បានដាក់​គ្រាប់​បំផ្ទុះ​បី​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី ខណៈដែល​មួយគ្រា​ប់​ទៀត​ដាក់​បំផ្ទុះ​លើ​រថយន្តក្រុង​២​ជាន់​។ 
 
​ចាប់ពីពេលនោះ​មក គេ​មិនឃើញ​មានការ​វាយប្រហារ​ធំដុំ​អ្វី​លើទឹក​ដី​អង់គ្លេស​។ នេះ​ក៏​ព្រោះ ផែនការ​វាយប្រហារ​ភាគច្រើន ត្រូវបាន​ប៉ូលិស​សម្ងាត់​បំបែក​បាន ខណៈ​គម្រោង​វាយប្រហារ​ខ្លះទៀត មិន​បង្ក​ផលប៉ះពាល់​ដល់​សតិអារម្មណ៍​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​អង់គ្លេស​ឡើយ​។ យ៉ាងណាក្ដី ទី​ក្រង​ធំៗ​របស់​អឺរ៉ុប​ដូចជា​រដ្ឋធានី​ប៉ារីស និង​ក្រុង​នី​សរ​បស់​បារាំង​, ទីក្រុង​ព្រុ​ច​សែ​ល​របស់​បែលហ្ស៊ិក​ជាដើម រង​ការវាយប្រហារ​ជា​ញឹកញាប់ និង​បាន​ឆក់យក​ជីវិត​មនុស្ស​ជាច្រើន​ទៀតផង​។​
 
១. ក្រុម​ភេរវជន ដូរ​យុទ្ធសាស្ត្រ​វាយប្រហារ​
​ដូច​ការរៀបរាប់​ខាងលើ បុរស​ដែលជា​ឧក្រិដ្ឋជន​នោះ បាន​បើកឡាន​បុក​រះ​មនុស្ស​លើ​ស្ពាន Westminster ហើយ​បន្ត​បុក​របង​សភា​ទៀត មុននឹង​យក​កាំបិត​ចាក់​សម្លាប់​មនុស្សម្នា​។ ស្រដៀង​គ្នា​នេះ ការវាយប្រហារ​នៅ​ប៉ារីស និង​នី​ស ក៏​ធ្វើឡើង​ដោយ​ការប្រើ​កាំបិត និង​ការបើក​រថយន្ត​បំ​បុក​ហ្វូងមនុស្ស​តែម្ដង​។ ចាប់ពីពេលនេះ កាំបិត និង​រថយន្ត ក្លាយជា​ឧបករណ៍​ប្រសិទ្ធភាព​ដើម្បី​បង្កចលាចល និង​ការតក់ស្លុត​មិន​ខាន​។​
 
​មិនមែនជា​រឿង​ចម្លែក​ទេ​ដែល​ភេរវជន​ប្រើ​កាំបិត​ដើម្បី​សម្លាប់​មនុស្ស ឬក៏​បើកឡាន​ជាន់​មនុស្ស​ស្លាប់​តែម្ដង​។ យុទ្ធសាស្ត្រ​វាយប្រហារ​បែបនេះ ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ប្រើ​ពី​សំណាក់​ក្រុម​អាល់​កៃ​ដា​នៅ​តំបន់​ឧបទ្វីប​អារ៉ាប់ និង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ផងដែរ​។ យុទ្ធសាស្ត្រ​នេះ​ងាយស្រួល ព្រោះ​កាំបិត​ងាយស្រួល​លាក់ តែ​ពិបាក​ស្វែងរក និង​អាច​ប្រើ​បាន​គ្រប់ពេលវេលា​។ ចំណែក​ការបើក​រថយន្ត​បំ​បុក ក៏​ងាយស្រួល​ដែរ និង​មិន​ពិបាក​ដូច​ការប្រើ​គ្រឿងផ្ទុះ​ឡើយ​។​
 
​សូម​រម្លឹក​ដែរ​ថា ក្នុងការ​ផែនការ​វាយប្រហារ​ភេរវកម្ម​ចំនួន​១៣​លើក ដែល​ប៉ូលិស​បំបែក​បាន ភេរវជន​ភាគច្រើន តែង​គ្រោង​វាយប្រហារ​ដោយ​ប្រើប្រាស់​រថយន្ត ឬក៏​អាវុធ​មុត​ស្រួច ជំនួស​ឲ្យ​ការប្រើប្រាស់​គ្រឿងផ្ទុះ​ដូចជា​គ្រាប់បែក ឬ​រំសេវ​។ ការប្រើ​គ្រឿងផ្ទុះ​ជា​ឧបករណ៍​វាយប្រហារ ជា​វិធីសាស្ត្រ​ពេញនិយម​របស់​ភេរ​វករ​តាំង​យូរយារ​មកហើយ ព្រោះ​អាច​សម្លាប់​មនុស្ស​បាន​ច្រើន និង​អាច​បង្ក​អស្ថិរភាព​ទៀតផង ប៉ុន្តែ​ប្រឈមមុខ​ខ្លាំង​នឹង​ការតាមដាន​របស់​ប៉ូលិស​។​
 
២. នាយករដ្ឋមន្ត្រី May ប្រកាសថា អង់គ្លេស​មិន​ទន់​ទេរ​តាម​ភេរវកម្ម​ឡើយ​
​មួយថ្ងៃ​ក្រោយ​ការវាយប្រហារ​ភេរវកម្ម​កណ្ដាល​ក្រុង​ឡុង​ដ៍ នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May បាន​និយាយ​ចំពោះមុខ​សមាជិកសភា​ថា អង់គ្លេស នឹងមិន​ទន់​ទេរ​ទៅតាម​ការគំរាមកំហែង​របស់​ក្រុម​ភេរវ​ករ​ឡើយ​។ លោកស្រី​បាន​ហៅ​ភេរវកម្ម​ថ្ងៃទី​២២ ខែមីនា ជាការ​ប៉ុនប៉ង​បង្អាក់​ដំណើរការ​ប្រជាធិបតេយ្យ ប៉ុន្តែ​អង់គ្លេស​មិន​ខ្លា​ចឡើយ ហើយ​ការតាំង​ចិត្ត​របស់​អង់គ្លេស ក៏​មិន​ប្រែប្រួល​អ្វី​ទាំងអស់​។​
 
​បើតាម​សារព័ត៌មាន BBC លោកស្រី​នាយករដ្ឋមន្ត្រី May ជឿថា ជនដៃដល់​ធ្វើ​សកម្មភាព​តែម្នាក់ឯង​ប៉ុណ្ណោះ ហើយក៏​គ្មាន​គម្រោង​វាយប្រហារ​ជា​សាធារណៈ​ដទៃទៀត​ដែរ​។ លើសពីនេះ លោកស្រី ក៏​អរគុណ​មេដឹកនាំ​ពិភពលោក ដែល​ប្រកាស​ថ្កោលទោស​ករណី​ភេរវកម្ម និង​ឈរ​ប្រកៀក​ស្មា ជាមួយ​ប្រជាជន​អង់គ្លេស ក្នុង​កាលៈទេសៈ​អាសន្ន​នេះ​។ ពួកគេ​ក៏​ប្រកាស​ឈរ​នៅ​ជាមួយ​ប្រជាជន និង​រដ្ឋាភិបាល​អង់គ្លេស ដើម្បី​ប្រឈម និង​ប្រឆាំង​ចលនា​ភេរវកម្ម​អន្តរជាតិ​នេះ រួមគ្នា​ផងដែរ​។​៕
 

Tag:
 អឺរ៉ុប​
  អង់គ្លេស​
  ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com