ជាតិ
មន្ត្រីជាន់ខ្ពស់​CNRP៖ លោក នេ​ត ណាត មិនមែនជា​សមាជិគ​ណៈ​ក​ម្មា​ធិ​ការ​នាយក​
24, Mar 2017 , 4:51 pm        
រូបភាព
​ភ្នំពេញ​៖ សារព័ត៌មាន Fresh News បាន​ផ្សាយ​លិខិត​ចំហ​មួយ​ដែលមាន​ហត្ថលេខា​ឈ្មោះ នេ​ត ណាត ហើយ​អះអាងថា​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក នេ​ត ណាត បានទាមទារ​ឲ្យឯកឧត្តម ​កឹម សុខា ចុះ​ចេញពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា លោក នេ​ត ណាត មិនមែនជា​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​នាយ​កឡើ​យ​។​



​ទាំង​លោក ប៉ុល ហំ​ម និង​ទាំង​លោក អេង ឆៃអ៊ាង អ្នក​ទាំងពីរ​បាន​បដិសេធ​ថា លោក នេ​ត ណាត មិនមែនជា​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

​ក្រោយពី​ក្រសួងមហាផ្ទៃ​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សម្រេច​ឲ្យ​ឯកឧត្តម កឹម សុខា ឡើង​ធ្វើជា​ប្រធាន​គណបក្ស និង​ជ្រើសតាំង​អនុប្រធាន​៣​រូប​ទៀត​នោះ ស្រាប់​តែមាន​លិខិត​ចំហ​របស់​ឈ្មោះ នេ​ត ណាត ដែល​ចុះហត្ថលេខា​ខ្លួនឯង​ថា ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស ហើយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន Fresh News បានទាមទារ​ឲ្យ​ឯកឧត្តម កឹម សុខា ចុះ​ពី​តំណែង​ប្រធាន​គណបក្ស​។​

​លោក អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មាធិកា​រ​នាយក និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​២៤​មីនា​ថា លោក នេ​ត ណាត គ្រាន់តែ​សមាជិក​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តកណ្តាល​តែប៉ុណ្ណោះ​។ នៅ​ថ្ងៃទី​២៤​មីនា​នេះ គេ​អាច​អាន​សារ​របស់លោក អេង ឆៃអ៊ាង នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដែល​និយាយ​ពី​លោក នេ​ត ណាត នេះ​យ៉ាង​ដូច្នេះ​៖«​កន្លងមក​ធ្លាប់តែ​ឃើញ និង​ឮ​គេ​និយាយ​រឿង​សញ្ញាប័ត្រ​សេះ​ហោះ ឬ ទំនិញ​ក្លែងក្លាយ ឥឡូវ ស្រាប់តែ​ក្រុម​អ្នកខ្លាំង បាន​បង្កើត​ឲ្យ​មាន​សមាជិក​គណៈកម្មាធិកា​រ​នាយក​បក្ស​សង្គ្រោះ​ជាតិ​សេះ​ហោះ​ទៀត​»​។​

​លោក ប៉ុល ហំ​ម ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូចគ្នា​ដែរ​ថា លោក នេ​ត ណាត មិនមែនជា​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ​។ លោក ប៉ុល ហំ​ម សង្កត់ធ្ងន់ថា កន្លងមក លោក​មិនដែល​ឃើញ​សកម្មភាព​ណាមួយ របស់លោក នេ​ត ណាត ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនដែល​ស្គាល់​គាត់​ទេ​។ មិនដឹង​ជា​គាត់​មកពីណា​ផង​?»​។

​ទោះយ៉ាងណា​ក៏ដោយ បើតាម​លោក អេង ឆៃអ៊ាង គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិនមាន​វិធានការ​ជាក់ស្តែង​ណាមួយ​ប្រកាស​បដិសេធ​ជា​ផ្លូវការ​នូវ​សមាជិកភាព​លោក នេ​ត ណាត នោះទេ​។ សម្រាប់​លោក លិខិត​ចំហ​របស់លោក នេ​ត ណាត ក៏​មិន​អាចធ្វើ​ឲ្យ​លោក នេ​ត ណាត នៅ​ជា​សមាជិក​ក្រុមការងារ​របស់​គណបក្ស​ទៀត​ដែរ​៕


Tag:
 អេង ឆៃអ៊ាង​
  ប៉ុល ហំ​ម​
© រក្សាសិទ្ធិដោយ thmeythmey.com