ព័ត៍មានសុខភាព
អន្តរជាតិ
ការសិក្សា៖ ការផឹកស្រាលាយភេសជ្ជៈប៉ូវកម្លាំង ប្រឈមគ្រោះថ្នាក់កាន់តែខ្លាំង
× អ្នកដែលចូលចិត្តលាយភេសជ្ជៈប៉ូវកម្លាំង ជាមួយសុរា ប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង។ នេះបើតាមការសិក្សាមួយរបស់ក្រុមអ្នកស្រាវជ្រាវកាណាដា ដែលផ្សាយក្នុងព្រឹត្តិបត្រ Journal of Studies on Alcohol and Drugs សម្រាប់ខែមីនា។
ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យ Victoria (CARBC) បានសិក្សាលើប្រធានបទសុរា និងភេសជ្ជៈប៉ូវកម្លាំង ដោយផ្អែកលើឯកសារដែលចុះផ្សាយចន្លោះពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០១៦ ។ ក្នុងចំណោម១៣ករណីដែលយកមកវិភាគ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ១០ករណី បង្ហាញពីការប្រឈមគ្រោះថ្នាក់ពាក់ព័ន្ធនឹងការលាយសុរាជាមួយភេសជ្ជៈប៉ូវកម្លាំង (Alcohol mixed with Energy Drinks-AmED)។
ការសិក្សាបានបែងចែកចាញ់ពីគ្នារវាងគ្រោះថ្នាក់ដោយអចេតនា (ការធ្លាក់ ការដួល ឬគ្រោះថ្នាក់ចរាចរណ៍ ជាដើម) និងគ្រោះថ្នាក់ដោយចេតនា ដូចជា ការវាយគ្នា ឬអំពើហិង្សាផ្សេងៗលើរាង្គកាយ។
អ្នកស្រី Audra Roemer ដែលជាអ្នកដឹកនាំការសិក្សា បានបញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លាំង មានផ្ទុកសារធាតុកាហ្វេអ៊ីន។ អ្នកស្រីបានកត់សម្គាល់ថា៖ «ជាអ្នកធម្មតានៅពេលអ្នកផឹកស្រាស្រវឹង អ្នកអស់កម្លាំង ហើយត្រឡប់ទៅផ្ទះ។ ប៉ុន្តែនៅពេលផឹកភេសជ្ជៈប៉ូវកម្លាំង មនុស្សជាច្រើនចូលចិត្តអង្គុយនៅយូរ ហើយពួកគេផឹកសុរាបន្ថែមទៀត ដែលធ្វើឲ្យឥរិយាបទរបស់ពួកគេប្រឈមបញ្ហា និងអាចប្រព្រឹត្តទង្វើប្រកបដោយគ្រោះថ្នាក់»។
ក្រុមអ្នកស្រាវជ្រាវ រកឃើញថា ការផឹកសុរាលាយភេសជ្ជៈប៉ូវកម្លាំង (AmED) មានការពេញនិយមបំផុតនៅអាមេរិកខាងជើង ដូចជាការលាយភេសជ្ជៈ Red Bull និងស្រា Vodka ជាដើម។ ការផឹកសារធាតុទាំងពីរនេះចូលគ្នា បានធ្វើឲ្យមនុស្សស្រវឹងផង និងមានកម្លាំងផង ដូច្នេះ ពួកគេអាចប្រព្រឹត្តទង្វើមិនគម្បីជាច្រើន។
អ្នកស្រីបានសម្តែងការសោកស្តាយដែលមិនសូវមានការសិក្សាលើករណីនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យ Victoria (CARBC) មិនបានបង្ហាញលម្អិតទាក់ទងនឹងគ្រោះថ្នាក់ដែលប្រឈមជាញឹកញាប់នោះឡើយ ដោយពួកគេគ្រាន់តែចង់បង្ហាញថា ការផឹកសុរាលាយជាមួយភេសជ្ជៈប៉ូវកម្លាំង គ្រោះថ្នាក់ជាងផឹកស្រាតែមួយមុខ។
«យើងសង្ឃឹមថា នឹងរកបានចម្លើយបន្ថែមទៀតទាក់ទងនឹងគ្រោះថ្នាក់សុខភាពសាធារណដែលបណ្តាលមកពីការផឹកលាយឡំ»។ នេះជាការបញ្ជាក់របស់អ្នកស្រី Roemer ដោយអះអាងថា ក្រុមការងាររបស់អ្នកស្រីនៅតែបន្តដំណើរការស្រាវជ្រាវរបស់ខ្លួន៕
Tag:
សុរា
ភេសជ្ជៈប៉ូវកម្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com