កីឡាជាតិ
ជាតិ
ការប្រកួតកីឡាវាយសីមិត្តភាពនគរបាលធ្វើឡើងក្នុងពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែង
×
ខេត្តស្ទឹងត្រែង៖ អង្គភាពកីឡារបស់ក្រសួងមហាផ្ទៃបានយកការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់មិត្តភាពនគរបាលជាតិប្រចាំឆ្នាំ២០១៧ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន មកប្រកួតអបអរបុណ្យទន្លេដែលរៀបចំនៅខេត្តស្ទឺងត្រែង។ ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០១៧។
លោក ជា ប៊ុនហេង ប្រធានអង្គភាពកកីឡាក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីអបអរព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តស្ទឹងត្រែង ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លោក បានយកព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមជើងឯកមិត្តភាពនគរបាលជាតិ ដែលជាព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំរបស់ខ្លួនមកប្រកកួតនៅខេត្តមួយនេះ។
«ដោយផ្អែកលើបុណ្យទន្លេនៅទីនេះ(ស្ទឺងត្រែង) ដូច្នេះដើម្បីចូលរួមអបអរសាទរ ខ្ញុំបានយកការប្រកួតកីឡាវាយសីមិត្តភាពនគរបាលជាតិប្រចាំឆ្នាំ២០១៧ ដែលជាព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំរបស់អង្គភាពក្រសួងមហាផ្ទៃមកធ្វើនៅទីនេះ»។ នេះជាសម្តីរបស់ លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាវាយសីក្រសួងមហាផ្ទៃ។
ដោយសារភាគីឡាវ និងវៀតណាមមិនបានចូលរួមក្រោមហេតុផលរវល់ បានធ្វើឲ្យការប្រកួតកីឡាវាយសីអបអរបុណ្យទន្លេនៅខេត្តស្ទឺងត្រែង ដែលធ្វើឡើងក្រោមប្រធានបទ«ទន្លេផ្សារភ្ជាប់ជាមួយប្រជាជន និងទេសចរណ៍»មានតែ២៤ក្រុម(១២គូ)ចូលរួម។ ក្រុមទាំងនេះមកពីក្រសួងមហាផ្ទៃ, ខេត្តរតនៈគីរី និងម្ចាស់ផ្ទះស្ទឹងត្រែង ដោយការប្រកួតបែងចែកជា៤កម្រិតអាយុរួមមានអាយុ៣០ឆ្នាំ, ៤០ឆ្នាំ, ៥០ឆ្នាំ និង៦០ឆ្នាំ។
សម្រាប់ប្រាក់រង្វាន់ក្រុមជើងឯកទទួលបាន៥០ម៉ឺនរៀល, លេខ២បាន៤០ម៉ឺនរៀល និងលេខ៣ទទួលបាន៣០ម៉ឺនរៀល អមជាមួយមេដាយ និងសម្ភារកីឡាជាច្រើនទៀត។ ប្រាក់រង្វាន់ និងសម្ភារលើកទឹកចិត្តទាំងនេះ ដោយទទួលបានការឧបត្ថម្ភពី សមេ្តច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ទោះបីភាគីឡាវ និងវៀតណាមមិនបានចូលរួមយ៉ាងណាក៏ដោយ ប៉ុន្តែលោក ជា ប៊ុនហេង បានបញ្ជាក់ថា៖«ទោះបីមិត្តឡាវ និងវៀតណាមមិនបានចូលរួមមែន ខ្ញុំសង្កេតឃើញថា មានការចូលរួមផុលផុសពីម្ចាស់ផ្ទះស្ទឺងត្រែង ដែលបានប្រមែរប្រមូលកីឡាករចូលរួមយ៉ាងច្រើន ធ្វើឲ្យវាមានការសាកសមនៅនឹងការប្រកួតមួយនេះ ហើយភាគច្រើននៃអ្នកចូលរួមគឺជាមន្ត្រីប៉ូលិស»៕
Tag:
វាយសី
ជា ប៊ុនហេង
បុណ្យទន្លេនៅខេត្តស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com