ជាតិ
ព័ត៍មានសុខភាព
ក្រសួង​ច្រានចោល​ព័ត៌មាន​ដែលថា ថ្នាំ Paracetamol «P 500» មាន​ផ្ទុកមេរោគ​ចម្លង​មនុស្ស​
24, Mar 2017 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ច្រានចោល​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ជា​បន្តបន្ទាប់​ថា ថ្នាំ Paracetamol ប្រភេទ P 500 មាន​ផ្ទុកមេរោគ Machupo ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ស្លាប់​។​ម្យ៉ាងទៀត​ក្រសួងសុខាភិបាល អះអាងថា ថ្នាំ Paracetamol ប្រភេទ P 500 នេះ ក៏​មិនទាន់មាន​ចរាចរ​លក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​ទេ​។​



​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង (CDC) បាន​ពន្យល់ថា មេរោគ Machopo នេះ គឺជា​វិ​រុស​ម្យ៉ាងដែ​លវា​អាច​ចម្លង​មក​មនុស្ស​តាមរយៈ​ការប៉ះពាល់​ទៅលើ​ទឹកនោម លាមក ទឹក​សរីរាង្គ​ផ្សេងទៀត​របស់​សត្វ​កកេរ​ដែលមាន​ផ្ទុកមេរោគ Machupo ដែល​ជួនកាល​ក៏​អាច​ឆ្លងតាម​ខ្យល់ និង​ចំណីអាហារ​ដែលមាន​ផ្ទុកមេរោគ​បានដែរ ។ ប៉ុន្តែ​មេរោគ Machupo នេះ​មិនអាច​រស់នៅក្នុង​កន្លែង​ស្ងួត ដូចជា​ម្សៅ​ស្ងួត ឫ​ក៏​គ្រាប់​ថ្នាំ​បាន​នោះទេ ។

​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លូន​ដូច្នេះ​ថា​៖« ដូច្នេះ​ពត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​កន្លងមកនេះ​ជា​ពត៌មាន​មិន​ពិត​ទេ ។ ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ចំពោះ​ឱសថ Paracetamol ប្រភេទ P 500 មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ដែល​មិន​ត្រឹមត្រូវ​ចំពោះ​ឱសថ paracetamol ប្រភេទ P 500 កន្លងមកនេះ គឺជា​ឱសថ​នេះ​មិនមាន​ចុះ​បញ្ជិកា​ជាមួយ​ក្រសួងសុខាភិបាល​ទេ​។ ហើយ​ក្រោយពី​ស្រាវជ្រាវ​ឃើញថា មិនមាន​ឱសថ​ប្រភេទ​នេះ​ចរាចរ​លើ​ទីផ្សារ​យើង​នោះទេ​»​។​

​មេរោគ Machupo ជា​ប្រភេទ​មេរោគ​វិ​រុស ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺគ្រុនឈាម ហើយ​ត្រូវបាន​គេ​រក​ឃើ ញ​ជំងឺ​នេះ​កើតមាន​ក្នុងប្រទេស Bolivia ដែលជា​ប្រទេស​ស្ថិតក្នុង​ទ្វីបអាមេរិក​ខាងត្បូង​មួយគត់ ដែល​ពុំទាន់​មាន​មេរោគ​ប្រភេទ​នេះ​នៅក្នុង​តំបន់​អាស៊ី​នោះទេ ។ មេរោគ Machupo ភាគច្រើន​ត្រូវបាន​គេ​រកឃើញ​មាន​ផ្ទុក​នៅក្នុង​ទឹកនោម ,​លាមក ,​ជំពូក​សត្វ​កកេរ ដូចជា​កណ្តុរ ទន្សាយ កំប្រុក ជាដើម​។ នេះ​បើតាម​ការបកស្រាយ​រប​ស់​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​៕



Tag:
 សុខាភិបាល​
  Paracetamol
  Machupo
© រក្សាសិទ្ធិដោយ thmeythmey.com