ជាតិ
សំណើសុំដាក់លោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រជំនួសសម្តេច សុខ អាន ទៅដល់រដ្ឋសភាហើយ
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនឈ្មោះលោក ជា វ៉ាន់ដេត ដែលជាបេក្ខជនតំណាងរាស្ត្រ ជំនួសសម្តេច សុខ អាន ទៅកាន់រដ្ឋសភា កាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភា បានទទួលសំណើពីគ.ជ.ប រួចហើយ។ លោក អះអាងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ត្រូវបើកកិច្ចប្រជុំមួយ ដើម្បីទទួលស្គាល់បេក្ខភាពតំណាងរាស្ត្រ របស់លោក ជា វ៉ាន់ដេត។
លោក ឡេង ប៉េងឡុង បន្តថា ក្រោយទទួលស្គាល់រួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវបញ្ជូនឈ្មោះលោក ជា វ៉ាន់ដេត ចូលទៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ អ្នកនាំពាក្យរដ្ឋសភារូបនេះ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ចុងក្រោយ គឺយើងនាំគាត់ (លោក ជា វ៉ាត់ដេត) ទៅស្បថនៅក្នុងព្រះបរមរាជវាំង មុននឹងក្លាយជាតំណាងរាស្ត្រ ជាផ្លូវការ។ រឿងហ្នឹង គឺយើងត្រូវធ្វើអ៊ីចឹង ព្រោះវា ជាកិច្ចការផ្នែករដ្ឋបាល គ្មានពាក់ព័ន្ធនឹងនយោបាយអ្វីទេ»។
សូមបញ្ជាក់ថា ក្រោយពីសម្តេច សុខ អាន ដែលជាតំណាងរាស្ត្រប្រចាំនៅមណ្ឌលខេត្តតាកែវ ទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជូនលិខិតទៅកាន់គ.ជ.ប ដើម្បីសុំដាក់លោក ជា វ៉ាន់ដេត ជំនួស។ លោក ជា វ៉ាន់ដេត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាទី ខេត្តតាកែវ គឺជាបេក្ខជនបម្រុងទីមួយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានឈរឈ្មោះនៅមណ្ឌលខេត្តតាកែវ សម្រាប់ការអណត្តិទី៥ ៕
Tag:
ជា វ៉ាន់ដេត
សុខ អាន
© រក្សាសិទ្ធិដោយ thmeythmey.com