ជាតិ
សុវត្តិភាព ចរាចរណ៍
បើក​ហួស​ល្បឿន គ្មាន​បណ្ណ​បើកបរ និង​ប្តូរ​ពណ៌​យានយន្ត​ត្រូវ​រង​ពិន័យ​ពី​៣​ម៉ឺន​ដល់​ជាង​១​សែន​រៀល
25, Mar 2017 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកបើកបរ​យានយន្ត​ត្រូវ​រង​ពិន័យ​ប្រាក់​ពី ៣​ម៉ឺន ដល់ ១​សែន​២​ម៉ឺន​៥​ពាន់​រៀល ប្រសិនបើ​ពួកគេ​បើកបរ​យានយន្ត​ហួស​ល្បឿន​កំណត់​ចាប់ពី ៤០ (​សែសិប​) គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឡើងទៅ ឬ​បើកបរ​គ្មាន​បណ្ណ​បើកបរ ឬ​បើក​ផ្ទុក​ជាតិ​អាកុល និង​ប្តូរ​ពណ៌​យានយន្ត​ដោយ​គ្មាន​ការអនុញ្ញាត ឬ​បិទ​ពណ៌​យានយន្ត​ខុសពី​បណ្ណ​សម្គាល់​យានយន្ត ។ នេះ​បើតាម​មាត្រា​៩ នៃ​អនុក្រឹត្យ​ស្តីពី ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​។​



​តាម​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ថ្មី រដ្ឋាភិបាល​បាន​បង្គាប់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឲ្យ​ពិន័យ​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ទឹកប្រាក់​ចំនួន ៣០០០០ (​បី​ម៉ឺន​)​រៀល​, អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន ៦០ ០០០ (​ប្រាំមួយ​ម៉ឺន​) រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ចំនួន ១២៥ ០០០ (​មួយ​សែន​ពីរម៉ឺន​ប្រាំ​ពាន់​) រៀល​។​

​សមត្ថកិច្ច​នឹង​ពិន័យ​អ្នកបើកបរ​យានយន្ត​ចំនួន​ទឹកប្រាក់​ដូចគ្នា ក្នុងករណី​ពួកគេ បើកបរ​ល្មើស​មួយចំនួន រួមមាន អ្នកបើកបរ​ទោចក្រយានយន្ត​មាន​ទំហំ​ស៊ីឡាំង​លើសពី ១២៥ (​មួយរយ​ម្ភៃ​ប្រាំ​) សង់ទីម៉ែត្រ​គូប ឬ​មាន​ថាមពល​អគ្គិសនី​លើសពី ១១ (​ដប់​មួយ​) គីឡូវ៉ាត់ ឬ​ទោច​ក្រ យានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ដោយ​គ្មាន​បណ្ណ​បើកបរ ឬ​ក្នុង​រយៈពេល​ដែល​បណ្ណ​បើកបរ ត្រូវបាន​ដក​ហូ​ព្យួរទុក ឬ​ទុកជាមោឃ​។​

​ក្រៅ​ករណី​ល្មើស​ខាងលើ រួមមាន អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រី ចក្រយានយន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់ និង​ស្លាក​លេខ​, ម្ចាស់​យានយន្ត​មិនបាន​ផ្ទេរកម្មសិទ្ធិ​យានយន្ត លើស​រយៈពេល​កំណត់​ដែល​មានចែង​ក្នុង​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, អ្នកបើកបរ​យានយន្ត​បើកបរ​ដោយ​ពុំមាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន ឬ​ប្រើ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ហួស​សុពលភាព​, អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ប្តូរ​ពណ៌​ដោយ​គ្មាន​ការអនុញ្ញាត​ឬ​បិទ​ពណ៌​មិន​ត្រឹមត្រូវ​តាម​បណ្ណ សម្គាល់​យានយន្ត​, ករណី​ប្រើប្រាស់​បណ្ណ​បើកបរ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យាន​, ករណី​ប្រើ​បណ្ណ​បើកបរ ហួស​សុពលភាព​។​

​បន្ថែម​លើសពីនេះ តាម​មាត្រា​៩ នៃ​អនុក្រឹត្យ អ្នកបើកបរ​នឹងរង​ការពិន័យ​ចំនួន​ទឹកប្រាក់​ដូចគ្នា​ក្នុងករណី​ផ្សេងទៀត រួមមាន ករណី​អ្នកបើកបរ​យាន​មាន​កង់​ច្រ​វ៉ា​ក់​ដែក​បើកបរ​លើ​ទ្រូងផ្លូវ​ថ្នល់​ក្រាល​កៅស៊ូ​ដោយផ្ទាល់​, អ្នកបើកបរ​យានយន្ត​ហួស​ល្បឿន​កំណត់​ចាប់ពី ៤០ (​សែសិប​) គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឡើងទៅ​, ករណី​អ្នកបើកបរ​យានយន្ត​ប្រើប្រាស់​សា្ល​ក​លេខ​សម្គាល់​យាន​ដែល​រចនា​ខុសពី​លក្ខណៈ​ដើម ឬ​រលុប​លេខ ឬ​បាក់​ស្លាក​បាត់​លេខ ឬ​ដាក់​សម្ភារៈ ឬ​វត្ថុ​ផ្សេងៗ​បាំង​ស្លាក​លេខ​, អ្នកបើកបរ​យានយន្ត​មាន​អត្រា​ជាតិ​អាកុល​ចាប់ពី ០,២៥ ទៅ ០,៣៩​មី​លី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី​០,៥ ទៅ ០,៧៩​ក្រាម ក្នុង​មួយ​លីត្រ​ឈាម​, អ្នកបើកបរ​រថយន្ត​ឲ្យ​មនុស្ស​ជិះ​លើ​យាន​ដែល​កំពុង​សណ្តោង ក្រៅពី​អ្នកបើកបរ​, អ្នកបើកបរ​យានយន្ត​កែច្នៃ​យានយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស និង​អ្នកបើកបរ​យានយន្ត​ប្រណាំង​យាន​ដោយ​គ្មាន​ការអនុញ្ញាត​លើផ្លូវ​សម្រាប់ធ្វើ​ចរាចរណ៍​ជា​សាធារណៈ​។​

​តាម​អនុក្រឹត្យ​ចុះ​នៅ​ថ្ងៃទី​២១ មីនា​នេះ ឪពុកម្តាយ ឬ​អាណាព្យាបាល ត្រូវ​បង់ប្រាក់​ពិន័យ​អន្តរការណ៍ ប្រសិនបើ​អនីតិជន​មាន​អាយុ ក្រោម ១៥​ឆ្នាំ បាន​ប្រព្រឹត្តល្មើស​នឹង​អនុក្រឹត្យ​។ តាម​អនុក្រឹត្យ​ដដែល បុគ្គល​ដែល​មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ពេល​អនុវត្ត​ច្បាប់ មាន​សិទ្ធិ​ប្តឹងតវ៉ា​ទៅ​ប្រធាន​អង្គភាព​ដែល​គ្រប់គ្រង​មន្ត្រី​អនុវត្ត​នោះ​ផ្ទាល់​នៅ​ទូទាំងប្រទេស រយៈពេល ៣០​ថ្ងៃ​យ៉ាងយូរ គិតពី​ថ្ងៃ​ទទួល​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍​៕


Tag:
 ច្បាប់​
  ចរាចរណ៍​
  មហាផ្ទៃ​
  សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com