ជាតិ
សង្គមជាតិ
ជប៉ុន​ផ្តល់​ថវិកា​ជាង ៣​សែន​ដុល្លារ​សម្រាប់សង់​អគារសិក្សា​ចំនួន​បួន​ខ្នង​
24, Mar 2017 , 11:52 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ចំនួន ៣១៩,៤០៩​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារសិក្សាថ្មី​ចំនួន ៤​ខ្នង ក្នុង​ខេត្តកំពង់ស្ពឺ រតនគិរី  និង​ខេត្តកណ្តាល ក្រោម​ជំនួយ​ឧបត្ថម្ភ​លើ​គម្រោង​ទ្រង់ទ្រាយ តូច​សន្តិសុខ​មនុស្សជាតិ (​គូ​សាណូ​ណិ​)​របស់​ជប៉ុន​។​



​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្ដល់ជំនួយ នៅ​ថ្ងៃទី​២៤ ខែមីនា​នេះ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា  បាន​ថ្លែង​ឲ្យ​ដឹងថា គម្រោង​ទីមួយ​គឺ ការសាងសង់​អគារសិក្សា​មួយ​ខ្នង នៅ​អនុវិទ្យាល័យ​ស្លាប​លែង ស្ថិតក្នុង​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​ដែល​ចំណាយ​ថវិកា​ចំនួន ៧៥,៤១៥​ដុល្លារ​អាមេរិក​។ លោក​រំពឹង​ថា ជំនួយ​សង់​អគារសិក្សា​លើក​ទី​៣៩ ដែល​ជប៉ុន​ផ្តល់​ដល់​ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​នេះ នឹង​កែលម្អ​បរិស្ថាន​អប់រំ​សម្រាប់​សិ​ស្សា នុ​សិស្ស​ប្រមាណ ១១៣៩​នាក់​។​

​ដោយឡែក ជំនួយ​ទី​ពីរ និង​ទី​បី​វិញ លោក​បន្ត​ឲ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន​ផ្តល់​សម្រាប់​សង់​អគារសិក្សា ចំនួន​ពីរ​ខ្នង ក្នុង​ខេត្តរតនគិរី​នោះ រួមមាន អគារសិក្សា​មួយ​ខ្នង​ក្នុង​អនុវិទ្យាល័យ​​សម្តេចឪ​សម្តេចម៉ែ ក្នុង​ក្រុង​បាន​លុង​ដែល​ចំណាយ​ថវិកា​ចំនួន ៨៣,០០០​ដុល្លារ​អាមេរិក និង​គម្រោង​សង់​អគារសិក្សា​មួយ​ខ្នង​ទៀត ក្នុង​សាលា​មេ​ត្ត​យ្យ និង​បឋមសិក្សា​យ៉ា​ដាវ ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​ដែល​ចំណាយ​ថវិកា ចំនួន ៨០,៧៥០​ដុល្លារ​អាមេរិក​។ លោក​រំពឹងថា គម្រោង​អគារសិក្សា​លើកដំបូង​ដែល​ជប៉ុន​ផ្តល់​ដល់ ពលរដ្ឋ​ខេត្តរតនគិរី នឹង​ជួយ​កែលម្អ​បរិស្ថាន​អប់រំ​សម្រាប់​សិស្សានុសិស្ស​ចំនួន​ប្រមាណ ២៥០០​នាក់​។​

​រីឯ​ជំនួយ​ទី​បួន គឺ​គម្រោង​សាងសង់​អគារសិក្សា​មួយ​ខ្នង នៅ​សាលាបឋមសិក្សា​គគីរ ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ដែល​ចំណាយ​ថវិកា​ចំនួន ៨២,២៤៤​ដុល្លារ​អាមេរិក​។ លោក​រំពឹងថា ជំនួយ​អគារសិក្សា​លើក​ទី​២៦​ដែល​ជប៉ុន​ផ្តល់​ដល់​ពលរដ្ឋ​ខេត្តកណ្តាល​នេះ នឹង​ជួយ​កែលម្អ​បរិស្ថាន​អប់រំ​ដល់​សិស្សានុសិស្ស ចំនួន ១៣៥៦​នាក់​។ ក្រៅពី​ការសាងសង់​អគារសិក្សា ជប៉ុន​នឹង​បំពាក់​សម្ភារៈ​សិក្សា​ដល់​ពួកគេ​ផងដែរ​។​

​ជាមួយគ្នា លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា រំពឹងថា គ​ម្រា​ង​ជំនួយ​ជប៉ុន​ទាំងអស់ នឹង​អនុវត្ត​ដោយ​រលូន ហើយ​សំណង់ និង​សម្ភារៈ​បរិក្ខារ​ទាំងអស់​ទទួល​ការថែទាំ​ល្អ​ត្រឹមត្រូវ សម្រាប់​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរ យូរអង្វែង​។ បន្ថែម​លើសពីនេះ លោក​បាន​ថ្លែង​ចំពោះមុខ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទាំង ៣ ក្នុង​ស្ថានទូត​ជប៉ុន​ថា លោក​សង្ឃឹមថា គម្រោង​ទាំងនេះ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀតផង​។​

ឱកាសនេះដែរ ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តតាម​ទាំងបី សុទ្ធតែ​បាន​អរគុណ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែលតែង​ផ្តល់ជំនួយ​ដល់​កម្ពុជា​។ ពួកគេ​បាន​សន្យា​នឹង​អនុវត្ត និង​រក្សា​គម្រោង​ជំនួយ​របស់​ជប៉ុន​ឲ្យ​បានល្អ​ប្រសើរ​៕



Tag:
 ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា​
  គូ​សាណូ​ណិ​
  អប់រំ​
  ជប៉ុន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com