កីឡាជាតិ
ជាតិ
ម្ចាស់ផ្ទះ​ស្ទឹងត្រែង​ចាញ់​ចំប៉ា​សាក់​របស់​ឡាវ ៣-២ ក្នុងជំនួប​មិត្តភាព​នា​ពិធីបុណ្យ​ទន្លេ​
25, Mar 2017 , 9:40 am        
រូបភាព
ដោយ:
​ខេត្តស្ទឹងត្រែង​៖ ក្រុមកីឡា​បាល់ទាត់​រប​ស់​ខេត្ត​ស្ទឺ​ង​ត្រែង​បាន​ប្រកួត​ចាញ់​ក្រុមកីឡា​បាល់ទាត់​មកពី​ខេត្ត​ចំប៉ា​សាក់​របស់​ឡាវ ៣-២ នា​ជំនួប​មិត្តភាព​អបអរ​ព្រឹត្តិការណ៍​ពិធីបុណ្យ​ទន្លេ​លើក​ទី​៣​នៅ​ខេត្ត​ស្ទឺ​ង​ត្រែង​។



​ដើម្បី​អបអរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៣​នៅ​ខេត្តស្ទឹងត្រែង ដែលមាន​ទីតាំង​ជាប់​ដង​ទន្លេមេគង្គ និង​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ឡាវ​។ ភាគី​ឡាវ​បាន​បញ្ជូន​ក្រុមបាល់ទាត់ និង​បាល់ទះ​របស់​ខេត្ត​ចំប៉ា​សាក់​មក​ចូលរួម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុមបាល់ទាត់ និង​បាល់ទះ​របស់​ខេត្តស្ទឹងត្រែង​។​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែមីនា ដែលជា​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​ទន្លេ ក្រុមបាល់ទាត់​របស់​ម្ចាស់ផ្ទះ​ស្ទឹងត្រែង ចាញ់​ក្រុម​ភ្ញៀវ​មកពី​ខេត្ត​ចំប៉ា​សាក់​ក្នុង​លទ្ធផល ៣-២ ខណៈ​ក្រុម​បាល់ទះ​ខេត្ត​ស្ទឺ​ង​ត្រែង​ក៏​ចាញ់​ក្រុម​របស់​ចំប៉ា​សាក់​ដូចគ្នា​។



​តែ​យ៉ាងណា ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ខេត្ត​ទាំងពីរ​មិនទាន់​បញ្ចប់​នោះទេ ពោលគឺ​ក្រុមបាល់ទាត់​វ័យចាស់​របស់​ខេត្ត​ស្ទឺ​ង​ត្រែង នឹង​បើកទ្វារ​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ភ្ញៀវ​វ័យចាស់​របស់​ខេត្ត​ចំប៉ា​សាក់​។ ក្រៅពី​ការប្រកួត​មិត្តភាព​អន្តរជាតិ ទាំង​វិញ្ញាសា​បាល់ទាត់ និង​បាល់ទះ​ក៏មាន​ការប្រកួត​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ផងដែរ​។ សម្រាប់​វិញ្ញាសា​បាល់ទាត់​មាន​១៤​ក្រុម​ចូលរួម​ក្នុងនោះ​ប្រុស​មាន​៨​ក្រុម ស្រី​មាន​៦​ក្រុម ខណៈ​បាល់ទះ​ក៏មាន​១៤​ក្រុម​ចូលរួម​ដូចគ្នា​ក្នុងនោះ​ប្រុស​មាន​៩​ក្រុម និង​ស្រី​មាន​៥​ក្រុម​។​

​គិត​ត្រឹម​ថ្ងៃទី​២៤ មីនា ក្នុងចំណោម​កីឡា​១១​ប្រភេទ មាន​កីឡា​មួយចំនួន​បាន​ប្រកួត និង​សម្តែង ក្នុងនោះ​រួមមាន​កីឡា​រត់ប្រណាំង​, ប្រដាល់​គុន​ខ្មែរ​, ទាញព្រ័ត្រ​, កីឡា​រាំ​, បាល់ទះ​, បាល់ទាត់ និង​កីឡា​វាយ​សី​។ ប៉ុន្តែ​ក្នុងចំណោម​កីឡា​ទាំងនេះ​កីឡាបាល់ទាត់​, បាល់ទះ និង​វាយ​សី​ជាដើម មិនទាន់​ប្រកួត​ចប់​នោះទេ​។ កីឡា​ដែល​មិនទាន់​ប្រកួត និង​សម្តែង​រួមមាន​កីឡា​ជិះ​កង់​, ល្បុក្កតោ ចំបាប់ និង​ទូក​កា​នូ​៕   


Tag:
 បាល់ទាត់​
  បុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង​
  ចំប៉ា​សាក់
© រក្សាសិទ្ធិដោយ thmeythmey.com