ជាតិ
មេធាវី នឹង​ទៅ​សួរ ជួប សម្លាប់ ថា​ប្តឹង​ជំទាស់​សាលាដំបូង ដែល​ផ្តន្ទាទោស​មួយជីវិត ឬ​មិន​ប្តឹង​
25, Mar 2017 , 11:04 am        
រូបភាព
លោក យុង ផានិត មេធាវីរបស់ជួប សម្លាប់ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលស្តាប់ការប្រកាសសាលក្រម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
លោក យុង ផានិត មេធាវីរបស់ជួប សម្លាប់ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលស្តាប់ការប្រកាសសាលក្រម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក អឿ​ត អាង ហៅ​ជួប សម្លាប់ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី នៅ​មិនទាន់​ស​ម្រេ​ចិត្ត​ថា ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ឬ​យ៉ាងណា​នោះទេ​។ លោក​មេធាវី យុង ផានិត គ្រោង​ទៅ​ជួប​កូនក្តី​របស់ខ្លួន គឺ​លោក ជួប សម្លាប់ នៅ​សប្តាហ៍​ក្រោយ ដើម្បី​ពិភាក្សា​ពី​បណ្តឹងឧទ្ធរណ៍​នេះ​។



​លោក យុង ផានិត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក នឹងដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រសិនបើ​លោក ជួប សម្លាប់ អនុញ្ញាត​។ ផ្ទុយទៅវិញ លោក នឹងមិន​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​នោះទេ ប្រសិនបើ​កូនក្តី សុខចិត្ត​ទទួលយក​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​លោក​មេធាវី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​មិនទាន់​ឃើញ​គាត់ (​ជួប សម្លាប់​) ប្រតិកម្ម​អ្វី​ទេ ចាប់តាំងពី​គេ​កាត់ក្តី​មក​។ ទាល់តែ​ខ្ញុំ​ទៅ​ជួប​គាត់​សិន ហើយ​សួរ​គាត់ ថា​គាត់ ចង់​ធ្វើ​អ្វី​បន្ត​។ បើ​គាត់ ចង់​ប្តឹង​ឧទ្ធរណ៍ ខ្ញុំ​នឹងធ្វើ​តាម​គាត់​»​។

​លោក យុង ផានិត សង្កត់ធ្ងន់ថា ក្នុង​រយៈពេល​មួយខែ សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កំណត់​ឲ្យ​លោក ជួប សម្លាប់ ជាប់ពន្ធនាគារ​អស់​មួយជីវិត នឹង​ចូល​ជា​ស្ថាពរ​។ ដូច្នេះ មុននឹង​សាលក្រម​ចូល​ជា​ស្ថាពរ លោក និង​កូនក្តី ត្រូវតែ​សម្រេចចិត្ត​រួមគ្នា​ថា ប្តឹង​ឧទ្ធរណ៍ ឬ​មិន​ប្តឹង​។​

​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ ដោយ​ឲ្យ​លោក ជួប សម្លាប់ ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្រោម​បទ​ចោទ «​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ខុសច្បាប់​»​។ នៅក្នុង​សវនាការ​កន្លងមក លោក​មេធាវី យុង ផានិត ធ្លាប់​ស្នើ​ឲ្យ​ចៅក្រម សម្រាលទោស ដល់​លោក ជួប សម្លាប់​។ លោក​មេធាវី ខកចិត្ត ដែល​ចៅក្រម មិនបាន​ធ្វើតាម​សំណើ​នេះ​។

​លោក កែម ឡី អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ ត្រូវបាន​បាញ់សម្លាប់ ក្នុង​ស្តា​ម៉ា​ត​មួយកន្លែង ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ក្រោយ​ឃាតកម្ម​នេះ កើតឡើង សមត្ថកិច្ច បាន​ចាប់​លោក ជួប សម្លាប់ នៅក្នុង​ថ្ងៃនោះ​តែម្តង​។ ក្រៅពី​លោក ជួប សម្លាប់ សមត្ថកិច្ច និង​តុលាការ នៅ​មិនទាន់​រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេង នោះទេ​៕


Tag:
 ជួប សម្លាប់​
  កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com