ជាតិ
សេដ្ឋកិច្ច
ប្រធាន​សមាគម CMA៖ ពលរដ្ឋ​ជាប់បំណុល​ច្រើន​ជា​រឿង​ល្អ ក្នុងស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​
25, Mar 2017 , 2:11 pm        
រូបភាព
លោក ហួត អៀងតុង (ឆ្វេង) និង​លោក ប៊ុន មុនី នាសន្និសីទកាសែត​ស្តីពីអាត្រាការប្រាក់​១៨ភាគរយ
លោក ហួត អៀងតុង (ឆ្វេង) និង​លោក ប៊ុន មុនី នាសន្និសីទកាសែត​ស្តីពីអាត្រាការប្រាក់​១៨ភាគរយ
ដោយ:
​ភ្នំពេញ​៖ លោក ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) មានប្រសាសន៍ថា ប្រទេស​កាន់តែ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន ប្រជាជន​ជំពាក់​បំណុល​គេ​កាន់តែច្រើន ជា​រឿង​ល្អ​ទៅវិញ​ទេ​។ នេះ​ជាការ​ឆ្លើយតប​នឹង​ក្ដីកង្វល់​របស់​សាធារណជន ក្នុងពេល​កន្លងមក ជុំវិញ​ការកើនឡើង​នូវ​ទំហំ​បំណុល​របស់​ប្រជាជន​កម្ពុជា​។ លោក​ថែមទាំង​បញ្ជាក់ថា ពលរដ្ឋ​ដែល​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដល់​ទៅ​ចំនួន ៩៧​ភាគរយ​ឯណោះ​ដែល​ទទួលបាន​ការរីក​ចម្រើន​សេដ្ឋកិច្ច​គ្រួសារ​។ ប៉ុន្តែ​សម្រាប់​អ្នកជំនាញ​សេដ្ឋកិច្ច​យល់ថា តួលេខ​នេះ​មិនបាន​ឆ្លុះបញ្ចាំង​ស៊ីជម្រៅ​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​អ្នក​ជាប់បំណុល​នោះឡើយ​។



​ការលើកឡើង​របស់ លោក ហួត អៀង​តុង គឺធ្វើឡើង​នាឱកាស​លោក​ធ្វើជា​វាគ្មិន​ក្នុង​សន្និសីទកាសែត​របស់ CMA ស្ដីពី​«​ការកំណត់​អត្រា​ការប្រាក់ ១៨​ភាគរយ​របស់​រដ្ឋាភិបាល​» នៅ​ថ្ងៃ​២៣​ខែមីនា​។ គិត​មកដល់​បច្ចុប្បន្ន ប្រជាន​ជន​ចំនួន ២​លាន​គ្រួសារ ស្មើ​ជាង ៦០​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​នៅ​កម្ពុជា ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ លើ​កម្ចី​សរុប​ប្រមាណ ៣៥០០​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ដែល​លើកឡើង​ដោយ​តំណាង CMA ក្នុង​សន្និសីទកាសែត​ខាងលើ ។ របាយការណ៍​បង្ហាញថា កម្ពុ​ជាមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ចំនួន ៨៣ ។

​លោក ហួត អៀង​តុង ឲ្យ​ដឹងថា ប្រទេស​កាន់តែ​រីកចម្រើន ពលរដ្ឋ​ចាយវាយ​កាន់តែច្រើន​។ លោក​បន្ថែមថា ពលរដ្ឋ​ត្រូវការ​ខ្ចីប្រាក់​កាន់តែច្រើន យកទៅ​ពង្រីក​មុខរបរ​របស់​ខ្លួន ដើម្បី​ឲ្យ​មានលទ្ធភាព​បង្កើន​ប្រាក់ចំណូល​។ លោក​បន្តថា ប្រទេស​រីកចម្រើន ទំនិញ​កាន់តែ​សំបូរ ពលរដ្ឋ​កាន់តែ​បំពេញ​សេចក្ដីត្រូវការ​របស់​ពួកគេ​ម្នាក់ៗ​ក្នុង​ជីវភាព​ដ៏​សមរម្យ​មួយ​។​

​ប្រធាន CMA និង​ជា​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​រូបនេះ​បញ្ជាក់ថា ពលរដ្ឋ​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ យ៉ាងហោចណាស់​ក៏មាន ៩៦​ភាគរយ ឬ ៩៧​ភាគរយ​ដែរ ដែល​ខ្ចីប្រាក់​យកទៅ​ប្រើប្រាស់​បាន​រីកចម្រើន​ឡើងៗ ហើយ​មានតែ​ពីរ​បី​ភាគរយ​ប៉ុណ្ណោះ​ដែល​មិនបាន​រីកចម្រើន​ពី​ការខ្ចីប្រាក់ និង​ជួប​ការលំបាក់​ក្នុង​ការសង​ត្រឡប់​។ លោ​កថា​សូម​ឲ្យ​មើល​លើ​ចំនួន​ទូទៅ​ដែល​រីកចម្រើន​ពី​ការខ្ចីប្រាក់ និង​កុំ​មើល​តែ​លើ​ចំនួន​អតិថិជន​តិចតួច​ដែល​ជួប​ការលំបាក​ក្រោយ​ការខ្ចីប្រាក់​។​

សូម​ស្ដាប់​ប្រសាសន៍ លោក ហួត អៀង​តុង ខាងក្រោម​នេះ​៖




​លោក ប៊ុន មុនី សមាជិក​ក្រុមប្រឹក្សាភិបាល CMA និង​ជា​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិថី បាន​បន្ថែម​លើ​ការលើកឡើង​របស់ លោក ហួត អៀង​តុង ថា ជាង​១០​ឆ្នាំមុន ពលរដ្ឋ​មិន​ជាប់បំណុល​មីក្រូហិរញ្ញវត្ថុ តែ​ចំណូល​គិត​ជា​មធ្យម​សម្រាប់​មនុស្សម្នា​ក់មាន​ត្រឹម​២០០​ដុល្លារ តែ​ឥឡូវ​ពលរដ្ឋ​ជាប់បំណុល​សរុប ៣៥០០​លាន​ដុល្លារ តែមាន​ចំណូល​គិត​ជា​មធ្យម​ឡើងដល់ ១៣០០​ដុល្លារ ដែល​លោក​ចង់​បញ្ជាក់ថា ការខ្ចីប្រាក់​របស់​ពល​រដ្ឋ​យកទៅ​ពង្រីក​មុខរបរ អាជីវកម្ម​បាន​ជួយ​បង្កើន​ចំណូល​នេះ​។​

​ប៉ុន្តែ​សម្រាប់ លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អតិថិជន​ដែល​មិនអាច​សងបំណុល ឬ​ហៅថា​កម្ចី​ខូច​លើសពី​៣០​ថ្ងៃ គឺមាន​ត្រឹម​១​ភាគរយ ទៅ ២​ភាគរយ​មែន ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​មានការ​វិភាគ​ស៊ីជម្រៅ​លើ​បញ្ហា​បំណុល​របស់​ពលរដ្ឋ ជាជាង​មើល​តែ​តួលេខ​នេះ​។ លោក​ប្រាប់ថា បើតាម​ការស្រាវជ្រាវ​មួយ​ក្នុង​ឆ្នាំ​២០១៣ អតិថិជន​ជាង ៥១​ភាគរយ​នៃ​អ្នកផ្ដល់​សម្ភាសន៍ គឺ​ពួកគាត់​ជួប​ការលំបាក​ក្នុងការ​សងបំណុល​។ ចំណែក​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​របស់លោក EMC ក្នុងពេល​ថ្មីៗ​បង្ហាញថា អតិថិជន​ចំនួន ៦៦​ភាគរយ​ខ្ចីប្រាក់​យកទៅ​ប្រើប្រាស់​លើ​ម្ហូបអាហារ និង​សុខភាព ដែលជា​ការចំណាយ​មិន​ផ្ដល់​ចំណូល​។



​លោក ង៉ែត ជូ មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​«​អ៊ីចឹង​បើ​គ្រាន់តែ​ចំណាយ​លើ​ម្ហូបអាហារ និង​សុខភាព (៦៦​ភាគរយ​) មិនមាន​ផល​វិជ្ជមាន​អ្វី​ដល់​សេដ្ឋកិច្ច​គ្រួសារ​នោះទេ គឺ​គ្រាន់តែ​ជួយ​ដោះ​ទាល់​។ ដូចនេះ​ការ​អះអាងថា​បង្កើន​សេដ្ឋកិច្ច​របស់​ពួកគាត់ មិន​ប្រាកដ​១០០​ភាគរយ​ទេ ព្រោះ ៦៦​ភាគរយ​មិនបាន​យកទៅ​រកស៊ី​ឯណា​»​។ លោក​ជំរុញ​ឲ្យ​មានការ​សិក្សា​ស៊ីជម្រៅ​បន្ថែម និង​បង្កើន​ការប្រុងប្រយ័ត្ន​ជុំវិញ​ការជាប់​បំណុល​របស់​ព​ល​រដ្ឋ​នេះ​។

​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ ក៏​ស្នើ​ឲ្យ​គ្រឹះស្ថាន​ផ្ដល់​កម្ចី​បន្ថយ​កំណើន​កម្ចី ដោយ​លោក​ថ្លែង​ដូច្នេះ​ថា​៖«​កន្លងមក​កំណើន​ឥណទាន​វា​លឿន​ពេក ដោយ​គ្រឹះស្ថាន​នីមួយៗ​មាន​ម​ហ​ច្ឆិ​តា​ខ្លាំង ចង់​បង្កើន​ទំហំ​ប្រាក់កម្ចី ៥០​ភាគរយ​ក្នុង​១​ឆ្នាំ​ជាដើម ពីមុន​ធ្វើបាន ប៉ុន្តែ​ឥឡូវ​ដល់​ដំណាក់កាល​ជិត​ស្អែ​ត (​ទីផ្សារ​) ៕


Tag:
 ការប្រាក់​
  ឥណទាន​
  ង៉ែត ជូ
  ហួត អៀង​តុង​
  ប៊ុន មុនី
© រក្សាសិទ្ធិដោយ thmeythmey.com