ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា សុំ​ឲ្យ​ឈប់​ថា​លេខ​៧ ជា​តំណាង​សង្គ្រោះ​ជាតិ ព្រោះ​ខ្លាច​ច្រឡំ​
25, Mar 2017 , 3:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តាមរយៈ​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម កឹម សុខា បានស្នើ​ឲ្យ​មន្ត្រី​របស់ខ្លួន រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ចាត់ទុក​លេខ​៧ ថា​ជា​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ តទៅទៀត​។ ឯកឧត្តម កឹម សុខា ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លេខ​រៀង ដែល​តំណាង​ឲ្យ​គណបក្ស​នីមួយៗ តែងតែ​ត្រូវបាន​ផ្លាស់ប្តូរ ពីមួយ​អាណត្តិ ទៅមួយ​អាណត្តិ​។​



​បើតាម​ការយល់ឃើញរ​បស់​ឯកឧត្តម កឹម សុខា ប្រជាពលរដ្ឋ នឹងមាន​ការភាន់ច្រឡំ ប្រសិនបើ​មិន​បញ្ឈប់​ការហៅ​លេខ​៧ ថា​ជា​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។ ប្រធាន​បក្សប្រឆាំង​រូបនេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៥ មីនា​នេះ​ថា​៖«​សូម​បញ្ឈប់​ទម្លាប់​ជាទូទៅ​ថា គណបក្ស​សង្គ្រោះ​ជាតិ​លេខ​៧​ទៀត​ទៅ នាំ​ឲ្យ​មានការ​ភាន់ច្រឡំ ព្រោះ​លេខ​រៀង​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​នេះ អាស្រ័យ​លើ​ការចាប់​លេខ​រៀង​តាម​ឃុំ​-​សង្កាត់​នីមួយៗ ហើយ​មិនមែន​សុទ្ធតែ​លេខ​៧​គ្រប់​ឃុំ​-​សង្កាត់ ដូច​ការបោះឆ្នោត​តំណាងរាស្ដ្រ​ឆ្នាំ​២០១៣​ទេ​»​។

​ការបោះឆ្នោត​ឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ លេង​រៀង​ដែល​តំណាង​ឲ្យ​គ្រប់​គណបក្សនយោបាយ ក្នុង​ឃុំ​-​សង្កាត់ ទាំង​១៦៤៦ គឺ​មិន​ដូចគ្នា​ទេ​។ នៅក្នុង​ឃុំ​-​សង្កាត់​មួយ  គណបក្សនយោបាយ មាន​លេខ​រៀង ដែល​តំណាង​ឲ្យ​ខ្លួន​។ នៅក្នុង​ឃុំ​-​សង្កាត់​មួយ​ផ្សេងទៀត គណបក្ស​ដដែល​នោះ ត្រូវមាន​រៀង​ផ្សេងទៀត ដែល​តំណាង​ឲ្យ​ខ្លួន​។

​លេខ​៧ គឺជា​លេខ​ដ៏​ល្អ​និង​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នកគាំទ្រ តែងតែ​នាំគ្នា និយាយ និង​បង្ហាញ​ពី​លេខ​៧ ដើម្បី​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់តាំងពី​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​អាណត្តិ​ទី​៥ កាលពី​ឆ្នាំ​២០១៣ មកម្ល៉េះ​។

​ចំណែកឯ​លេខ ៤ គឺជា​លេខ ដែល​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងតែ​ដឹកនាំ​រដ្ឋាភិបាល នាពេល​បច្ចុប្បន្ន​។ ពេលខ្លះ អ្នកគាំទ្រ​នៃ​គណបក្ស​ទាំងពីរ បាន​ឌឺដង​និង​បង្អាប់​គ្នា​ទៅវិញទៅមក តាមរយៈ​ការប្រើ​លេខ លេខ​៤ និង​លេខ​៧  នេះឯង​៕


Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com