ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហេតុអ្វី​យុវជន​បោះបង់​ការសិក្សា ចាំបាច់​ត្រូវ​យល់ដឹង​ពី​សុខភាព​បន្ត​ពូជ​?
25, Mar 2017 , 7:39 pm        
រូបភាព
​សៀមរាប​៖ យុវជន​បោះបង់ចោល​ការសិក្សា​នៅ​កម្ពុជា មានឱកាស​តិចតួច​ណាស់ ក្នុង​ការទទួល​បានកា​រ​បណ្តុះបណ្តាល ពី​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត​។ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានផ្តល់​ការបណ្តុះបណ្តាល​ពី​បញ្ហា​នេះ ទៅដល់​យុវជន​ដែល​បោះបង់ចោល​ការសិក្សា​មួយចំនួន នៅក្នុង​ខេត្តសៀមរាប​។

 


​យុវជន​ដែល​បោះបង់ចោល​ការសិក្សា​ប្រមាណ​៥០​នាក់  កំពុង​ទទួល​បានការ​អប់រំ​ពី​បញ្ហា​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត បន្ថែម​លើ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​វិជ្ជាជីវៈ​ភូមិភាគ​តេ​ជោ​សែន ក្នុង​ខេត្តសៀមរាប​។ គម្រោង​នេះ​គាំទ្រ​ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​។

​ការផ្តល់​ការអប់រំ​បន្ថែម ស្តីពី​បញ្ហា​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត ដល់​យុវជន​បោះបង់ចោល​ការសិក្សា​នេះ ធ្វើឡើង​ស្របពេល​ដែល​ការអប់រំ​ពី​បញ្ហា​នេះ​កម្ពុជា ហាក់​នៅ​មិនទាន់​ទូលំទូលាយ​នៅឡើយ​។​



​អ្នកស្រី ហោម រូ​ហ្សា ជា​គ្រូបង្រៀន​ពី​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត ទៅដល់​យុវជន​ទាំងនេះ​។ គ្រូបង្រៀន​រូបនេះ បញ្ជាក់ថា​ការបង្រៀន​ពី​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត​នេះ គឺ​ចង់​បន្ថែម​ការយល់ដឹង​ដល់​សិស្ស​បន្ថែមទៀត ឲ្យ​បាន​យល់​កាន់តែច្បាស់​ពី​ការធ្វើ​អនាម័យ និង​ការការពារ​សុខភាព​ជា​ដើម​។ បើតាម​អ្នកគ្រូ ហោម រូ​ហ្សា  សុខភាព​បន្ត​ពូជ​នេះ មាន​សារៈសំខាន់​សម្រាប់​យុវវ័យ និង​សហគមន៍​ទាំងមូល​។  អ្នកគ្រូ ហោម រូ​ហ្សា បញ្ជាក់​ដូច្នេះ​ថា​៖« ការយល់ដឹង​ពី​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត អាចជួយ​ឲ្យ​ពួកគេ​គេច​ផុតពី​បញ្ហា​ក្រីក្រ ប្រសិនបើ​ពួកគេ​មាន​ផែនការ និង​គម្រោងការ​ក្នុង​ជីវិត ពិសេស​បន្ទាប់ពី​ពួកគេ​មាន​ជំនាញ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន​»​។



​អ្នកស្រី រូ​ហ្សា បន្ថែមថា យុវវ័យ​បច្ចុប្បន្ន ឆាប់​ប្រឡូក​នឹង​ការ​រួមភេទ ទាំង​នៅ​វ័យក្មេង ដែល​មិនបាន​យល់ច្បាស់​ពី​សុខភាព​បន្ត​ពូជ អ៊ីចឹង​បានជា​បង្រៀន​ដល់​ពួកគេ​កុំ​ឲ្យ​ប្រឡូក​ជាមួយ​ការរួម​ភេទ នៅ​វ័យក្មេង ឬក៏​ពួកគេ​ចេះ​ការពារ​ខ្លួន ករណី​ពួកគេ​ប្រឡូក​នឹង​ការរួម​ភេទ​។​

​ដើមឡើយ​ពួកគេ​អៀនខ្មាស​ច្រើន​នៅពេល​និយាយ​ដល់​រឿង​រួមភេទ ឬ​សុខភាព​បន្ត​ពូជ ប៉ុន្តែ​ក្រោយពី​បានទទួល​ការបណ្តុះបណ្តាល ពួកគេ​មិន​ត្រឹមតែ​មិន​ខ្មាសអៀន​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចែករំលែក​ចំណេះដឹង​ទាំងនេះ ទៅកាន់​មិត្តភក្តិ​ទៀតផង​។

​កំពុង​អង្គុយ​ស្ដាប់​មិត្ត​រួម​ថ្នាក់​ពន្យល់​មេរៀន កញ្ញា សា​រ៉ា​យ ជា​យុវតី​ម្នាក់ ដែល​ទើបតែ​មានឱកាស​រៀនសូត្រ​ពី​បញ្ហា​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត​នេះ​។



​យុវតី​វ័យ ១៨​ឆ្នាំ​រូបនេះ​លើកឡើងថា ការសិក្សា​ពី​បញ្ហា​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​នាង ព្រោះ​វា​បានអនុញ្ញាត​ឲ្យ​រូបគេ ដឹង​ពី​ផលវិបាក​ក្នុង​គ្រួសារ​ក្រោយ​រៀបការ ការថែរក្សា​សុខភាព​ពេល​មាន​ផ្ទៃពោះ និង​ការពារ​កុំ​ឲ្យ​មាន​ផ្ទៃពោះ នៅពេល​ពួកគេ​រៀបការ​រួច​ជាដើម​។ ការយល់ដឹង​ពី​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត​នេះ កំពុង​ផ្លាស់ប្តូរ​ការគិត​របស់​សា​រ៉ា​យ​ផង​។ សា​រ៉ា​យ ដែល​ពីមុនមក​មិនបាន​គិត​ឡើយ​ពី​ការរៀបចំ​ផែនការ​គ្រួសារ​នោះ បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​សប្បាយចិត្ត​នៅពេលដែល​បាន​សិក្សា​ពី​បញ្ហា​ទាំងនេះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​គម្រោង និង​ផែនការ​ជីវិត​ច្បាស់លាស់​»​។​

​យុវជន​បោះបង់ចោល​ការសិក្សា​ម្នាក់ទៀត ក៏​រីករាយ​នឹង​វគ្គ​បណ្តុះបណ្តាល​ពី​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត​នេះដែរ​។ មាន​វ័យ​២០​ឆ្នាំ សុខ សិទ្ធ បញ្ជាក់ថា​រូបគេ​ឆ្លៀតពេល​មក​សិក្សា​បន្ថែម​ពី​បញ្ហា​ទាំងនេះ ព្រោះ​រូបគេ​យល់ថា​មាន​សារៈសំខាន់ ដើម្បី​ឲ្យ​ជីវិត​ពួកគេ​កាន់តែ​ស្រួល និង​មាន​ផែនការ​ច្បាស់លាស់ កុំ​ឲ្យ​ជួប​បញ្ហា​ក្រីក្រ​ដោយសារតែ​បញ្ហា​បែបនេះ​។


 
​យុវជន​រូប បាន​អះអាង​ទៀតថា មុនពេល​ទទួល​ការបណ្តុះបណ្តាល​ស្តីពី​បញ្ហា​នេះ រូបគេ​អៀនខ្មាស​ខ្លាំង ប៉ុន្តែ​ពេលនេះ រូបគេ​មិន​ញញើត​នឹង​ការនិយាយ​ពី​ការបន្ត​ពូជ និង​ការ​ពន្យារកំណើត​នោះឡើយ​។ លើសពីនេះ សុខ សិទ្ធ សន្យាថា​រូបគេ នឹង​ចែករំលែក​ចំណេះដឹង​ទាំងនេះ ទៅដល់​យុវវ័យ​ផ្សេងទៀត នៅក្នុង​សហ​គន៍​របស់គេ​ផង​។​

​បញ្ហា​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត​ជា​បញ្ហាសំខាន់​ដែល​សិស្ស​បោះបង់​ការសិក្សា និង​សិស្ស​ទូទៅ គួរតែ​ស្វែងយល់​។ នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា អឿ​ម ផល្លី​។



ក្រៅពី​យល់ដឹង​ពី​បញ្ហា​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត ផល្លី បញ្ជាក់ថា នាង​ក៏បាន​យល់ដឹង​ពី​ផល​អវិជ្ជមាន​នៃ​ការប្រើប្រាស់​អំពើហិង្សា​ក្នុង​គ្រួសារ និង​ស្វែងយល់​ពី​ជំងឺអេដស៍ និង​បញ្ហា​ជាច្រើន​ទៀត​ដែរ​។  យុវតី​រូបនេះ ក៏​អះអាង​ដែរ​ថា នាង​ធ្លាប់​ផ្ទេរ​ចំណេះ​ទាក់ទង​នឹង​សុខភាព​បន្ត​ពូជ និង​ការ​ពន្យារកំណើត​នេះ​ទៅដល់​យុវវ័យ​ផ្សេង​ទៀតផង​៕


Tag:
 យុវវ័យ​
 ​ សុខភាព​
 ​ បន្ត​ពូជ​
© រក្សាសិទ្ធិដោយ thmeythmey.com