អន្តរជាតិ
មី​យ៉ាន់​ម៉ា ទាត់ចោល​គម្រោង​ស្វែងរក​ការពិត​របស់ UN លើ​ករណី​ហិង្សា​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​
25, Mar 2017 , 8:00 pm        
រូបភាព
យោធាមីយ៉ាន់ម៉ាក្នុងប្រតិបត្តិការនៅរដ្ឋ Rakhine (រូបថត AFP)
យោធាមីយ៉ាន់ម៉ាក្នុងប្រតិបត្តិការនៅរដ្ឋ Rakhine (រូបថត AFP)
​មី​យ៉ាន់​ម៉ា បាន​ទាត់ចោល​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​ការបើក​ការស៊ើបអង្កេត​ស្វែងរក​ការពិត​លើ​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស និង​អំពើហិង្សា​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ពី​ទាហាន​មី​យ៉ាន់​ម៉ា​នៅ​រដ្ឋ Rakhine ។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​២៥ ខែមីនា ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា​និយាយ​ការពារ​ជំហរ​របស់ខ្លួន​ថា ការស៊ើបអង្កេត​រក​ការពិត​នេះ បានត្រឹមតែ​ដុត​កម្ដៅ​បញ្ហា​នេះ​ប៉ុណ្ណោះ​។

 


​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា ដែលមាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​រដ្ឋមន្ត្រី បានប្រកាសថា ខ្លូន​មិន​អនុញ្ញាត​ឲ្យ​មានការ​ស៊ើបអង្កេត​ស្វែងរក​ការពិត​របស់​អង្គការសហប្រជាជាតិ​លើ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ក្រោម​ស្នាដៃ​របស់​កម្លាំង​សមត្ថកិច្ច​មី​យ៉ាន់​ម៉ា​ឡើយ​។ មី​យ៉ាន់​ម៉ា និយាយថា ការស៊ើបអង្កេត នឹងធ្វើ​ឲ្យ​បញ្ហា​កាន់​ធ្ងន់ធ្ងរ ហើយ​មួយទៀត​នោះ ខ្លួន​ក៏បាន​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​លើ​បញ្ហា​រួចហើយ​ដែរ​។​

​ក្នុង​កិច្ចប្រជុំ​របស់ខ្លួន ក្រុមប្រឹក្សា​សិទ្ធិ​អង្គការសហប្រជាជាតិ បានសម្រេច​កាលពី​ថ្ងៃទី​២៤ ខែមីនា បញ្ជូន​ក្រុម​បេសកកម្ម​ស៊ើបអង្កេត​រក​ការពិតជា​បន្ទាន់​ទៅកាន់​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ ដើម្បី​បញ្ជាក់ថា​ពិតជា​មាន​ករណី​បំពាន​របស់​កងទ័ព​មី​យ៉ាន់​ម៉ា​។ បេសកកម្ម​នេះ នឹង​ផ្ដោតលើ​ការចោទប្រកាន់​លើ​ប៉ូលិស និង​ទាហាន​មី​យ៉ាន់​ម៉ា ដែល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យា់ង​និយាយថា បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ដូចជា​ការរំលោភ​សិទ្ធិមនុស្ស បំពាន​ផ្លូវភេទ ដុត​ផ្ទះសម្បែង និង​សម្លាប់​មនុស្ស​ជាដើម​។ 

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ទាត់ចោល​គម្រោង​នេះ ហើយ​មី​យ៉ាន់​ម៉ា ក៏បាន​ដកខ្លួន​មិន​គោរព​សេចក្ដីសម្រេច​នេះហើយ​។ ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា​បន្ថែមថា ការបង្កើត​បេសកកម្ម​ស្វែងរក​ការពិត​របស់​អន្តរជាតិ បានត្រឹមតែ​ធ្វើ​ឲ្យ​បញ្ហា​រីក​រាលដាល ជាជាង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​។ មី​យ៉ាន់​ម៉ា បានលើកឡើង​ពី​ការប្រឹងប្រែង​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ រួម​តាំង​ការបង្កើត​គណៈកម្មការ​មួយ​ទៀតផង​។​

​យ៉ាងណាមិញ ក្រុម​ការពារ​សិទ្ធិមនុស្ស និង​អន្តរជាតិ មិនបាន​ទទួលស្គាល់​គ​ណៈ​កម្ម​ការដែល​ដឹកនាំ​ដោយ​អនុ​ប្រធានាធិបតី Myint Swe ឡើយ ព្រោះ​គ្មាន​ប្រសិទ្ធភាព​អ្វី​ទេ​។ គណៈកម្មការ​ដឹកនាំ​ដោយ​លោក Myint Swe អតីត​ឧ​ត្ត​ម​សេនីយ៍ ហាក់​មិនបាន​រកឃើញ​មូលហេតុ​ដុំកំភួន​អ្វី​ឡើយ ដែល​រឿងនេះ​ធ្វើ​ឲ្យ​គេ​យល់ថា រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា ជួយ​បិទបាំង​សកម្មភាព​ហិង្សា​របស់​កងកម្លាំង​យោធា​តែម្ដង​។​

​កងទ័ព​មី​យ៉ាន់​ម៉ា បាន​បើក​យុទ្ធនាការ​បង្ក្រាប​ដ៏​ធំ​មួយ​កាលពី​ខែតុលា បន្ទាប់ពី​ក្រុម​ប្រដាប់អាវុធ​មួយក្រុម​សម្លាប់​ប៉ូលិស​៩​នាក់ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ក្បែរ​ព្រំដែន​បង់​ក្លា​ដែ​ស​។ យុទ្ធនាការ​នេះ បាន​បង្ខំ​ឲ្យ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់ រត់ចោល​ភៀសខ្លួន​ឆ្លង​ព្រំដែន​ចូល​ទឹកដី​បង់​ក្លា​ដែ​ស​។ ជនភាគតិច​នេះ កំពុងតែ​រក​ការរើសអើង​ស្រាប់​ទៅហើយ​នៅ​រដ្ឋ Rakhine ជាទី​ដែលមាន​ការផ្ទុះ​អំពើហិង្សា​រវាង​ពួកគេ និង​សហគមន៍​ពុទ្ធសាសនិក​ភាគច្រើន​៕


Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com