ជាតិ
ក្រសួង​អប់រំ​៖ សិស្ស​ប្រជុំជន ពូកែ​ជាង​សិស្ស​ជនបទ​
25, Mar 2017 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានបង្ហាញ​លទ្ធផល​តេស្ត​វាយតម្លៃ​លទ្ធផល​សិក្សា​ថ្នាក់ជាតិ ថ្នាក់​ទី​៦ ឆ្នាំ​២០១៦ ថា សិស្ស​នៅ​ទីប្រជុំជន រៀន​ពូកែ​ជាង​សិស្ស​នៅ​ជនបទ​។ តេស្ត​នេះ វាយតម្លៃ​តាម​លទ្ធផល​សិក្សា និង​វឌ្ឍនភាព​របស់​សិស្ស​លើ អំ​ណាន សំណេរ និង​គណិតវិទ្យា ចំនួន ៥៩៣៩​នាក់ ដោយ​ជ្រើសរើស​ចេញពី​សាលា​ចំនួន ២១០​សាលា តំណាង​ឲ្យ​ទូទាំងប្រទេស​កម្ពុជា​។



​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​សំណួរ​តេស្ត​សាកល្បង​ជាមួយ​សិស្ស​ចំនួន ១២០០​នាក់ ដើម្បី​ទទួលបាន​ទំនុកចិត្ត និង​សុពលភាព​ច្បាស់លាស់ ជា​មូលដ្ឋាន មុននឹង​យកទៅ​ធ្វើតេស្ត​វាយតម្លៃ​ទូទាំងប្រទេស​។ តេស្ត​វាយតម្លៃ​នេះ បង្កើតឡើង​ដោយ​កិច្ចសហការ​រវាង​នាយកដ្ឋាន​ធានា​គុណភាព​អប់រំ នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា នាយកដ្ឋាន​បឋមសិក្សា និង​ប្រធាន​ក្រុមបច្ចេកទេស​ថ្នាក់​ទី​៦​។

​លោក អ៊ុង ជិន​ណា ប្រធាន​នាយកដ្ឋាន​ធានា​គុណភាព​អប់រំ នៃ​ក្រសួង​អប់រំ ក៏បាន​បញ្ជាក់​ពី​មូលហេតុ​ដែល សិស្ស​នៅតាម​ទីប្រជុំជន​រៀន ពូកែ​ជាង​សិស្ស​នៅ​ជនបទ​ផងដែរ​។ លោក អ៊ុង ជិន​ណា លើកឡើងថា ដោយសារតែ​កត្តា​ផ្ទាល់ខ្លួន​របស់​សិស្ស រួមទាំង​កត្តា​អាណាព្យាបាល និង​ឱកាស​ទៅ​សិក្សា​នៅ​សាលារៀន​។ ប្រធាន​នាយកដ្ឋាន​ធានា​គុណភាព​អប់រំ​រូបនេះ បន្តថា សិស្ស​នៅតាម​ទីជនបទ មាន​កម្រិត​ជីវិត​ភាពមិន​ល្អប្រសើរ​ដូច​សិស្ស​នៅ​ទីប្រជុំជន​នោះទេ ម្យ៉ាងទៀត ពួកគេ​មិនសូវ​បាន​ទៅ​សិក្សា​ទៀងទាត់ និង​មានឱកាស​សិក្សា​តិចតួច​។ ចំណែក​សិស្ស​នៅ​ទីប្រជុំជន មានឱកាស​ទៅ​សិក្សា​ច្រើន និង​មាន​សាលារៀន​ល្អៗ​ផងដែរ​។ លោក អ៊ុង ជិន​ណា បញ្ជាក់ទៀតថា កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ក៏បាន​រួមចំណែក ដល់​ការសិក្សា​របស់​សិស្ស​ផងដែរ​។

​ប្រធាន​នាយកដ្ឋាន​ធានា​គុណភាព​អប់រំ លោក អ៊ុង ជិន​ណា អះអាងថា ដោយសារ​ការសិក្សា និង​ការធ្វើ​តេស្ដ​លើ​សិស្សានុសិស្ស​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក្រសួង​អប់រំ បាន​ខិតខំ​ពង្រឹងសមត្ថភាព​គ្រូ និង​សិស្ស​នៅតាម​ជនបទ ឲ្យ​ទទួលបាន​ការអប់រំ​ដ៏​ល្អ ដូច​សិស្ស​នៅ​ទីប្រជុំជន​ផងដែរ​។ លោក បញ្ជាក់ថា ការបង្រៀន​នាពេល​បច្ចុប្បន្ន បាន​ផ្លាស់ប្ដូរ​បែបបទ​នៃ​ការបង្រៀន​សិស្ស ពី​ការ​ទន្ទេញមេរៀន​ឲ្យ​ចាំ មកជា​ការពន្យល់​មេរៀន​ឲ្យ​ពួកគេ​យល់ និង​ជំរុញ​ឲ្យ​ចូលចិត្ត​អាន​សៀវភៅ​ជាដើម​។​

​បើតាម​លទ្ធផល​វាយតម្លៃ​តេស្ដ​សមត្ថភាព  បាន​បង្ហាញថា ការសិក្សា​គណិតវិទ្យារ​បស់​សិស្ស​ថ្នាក់​ទី​៦ មាន​ភាព​រីកចម្រើន​ជាង​មុន ខណៈដែល​ពិន្ទុ​អំ​ណាន​នៅមាន​ការប្រែប្រួល​តិចតួច​នៅឡើយ​។ នេះ​បើ​ធៀប​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦​។ ការធ្វើ​តេស្ដ​វាយតម្លៃ​នេះ បានបញ្ជាក់​ទៀតថា សិស្ស​នៅ​ទីប្រជុំជន ពូកែ​ជាង​សិស្ស​នៅតាម​ជនបទ  ជាពិសេស សិស្សស្រី​រៀន​ពូកែ​ជាង​សិស្ស​ប្រុស​ចំពោះមុខ​វិជ្ជា​ភាសា​ខ្មែរ​។ ចំណែកឯ​ផ្នែក​គណិតវិទ្យា​វិញ ទាំង​ពីរភេទ​ទទួលបាន​លទ្ធផល​ដូចគ្នា​។​

​គួរ​បញ្ជាក់ថា ចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦ លទ្ធផល​សិក្សា​របស់​សិស្ស​ថ្នាក់​ទី​៣ មុខវិជ្ជា​គណិតវិទ្យា​មានការ​កើនឡើង ប៉ុន្តែ​មុខវិជ្ជា​ភាសា​ខ្មែរ​វិញ មានការ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ​។ នេះ​បើតាម​លទ្ធផល​វាយតម្លៃ​តេស្ដ​សមត្ថភាព​សិស្ស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​៕


Tag:
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com