អន្តរជាតិ
បុរស​អង់គ្លេស​ម្នាក់​ប្រឈម​ជាប់ពន្ធនាគារ​ពីបទ​សម្លាប់​មេអំបៅ​
25, Mar 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​បុរស​អង់គ្លេស​ម្នាក់​ត្រូវបាន​តុលាការ​នៅ​ក្រុង Bristol ចោទប្រកាន់​ពីបទ​សម្លាប់សត្វ​មេអំបៅ​ពីរ​ក្បាល ប្រភេទ Maculinea Arion (​ឬ Large Blues) ដែល​កំពុង​ប្រឈម​ផុត​ពូជ និង​កម្រ​បំផុត​នៅ​ចក្រភព​អង់គ្លេស​។ នេះ​បើតាម​ការផ្សាយ​​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​លោក Philip Cullen អាយុ​៥៧​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់ និង​សម្លាប់សត្វ​មេអំបៅ Large Blues (​មហា​ខៀវ​) ចំនួន​ពីរ​ក្បាល​។ មេអំបៅ​ប្រភេទ​នេះ សំបូរ​ច្រើន​បំផុត​នៅ​សម័យ​ព្រះមហាក្សត្រី​យ៍ Victoria (១៨៣៧-១៩០១) ប៉ុន្តែ​បច្ចុប្បន្ន កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​។​

​លោក Kevin Withey ដែល​ព្រះរាជអាជ្ញា បាន​អះអាងថា នេះ​ជា​ករណី​លើកដំបូង​បំផុត​ដែលមាន​មនុស្ស​រង​ការចោទប្រកាន់​ពីបទ​សម្លាប់សត្វ​មេអំបៅ​។ បើតាម​ច្បាប់ លោក Cullen ប្រឈម​ជាប់ពន្ធនាគារ​ផងដែរ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា ចៅក្រម​សម្រេច​យ៉ាងណា​នោះឡើយ ខណៈ​សាលក្រម​នឹងត្រូវ​ប្រកាស​នា​ថ្ងៃទី​៧ ខែមេសា ខាងមុខ​។​

​បើតាម AFP លោក Cullen ត្រូវបាន​គេ​មើលឃើញថា លោក​បាន​ចាប់​មេអំបៅ Large Blues នៅក្នុង​តំបន់​ការពារ​ចំនួន​២ គឺ​តំបន់ Gloucestershire និង Somerset ។ ប៉ូលិស​បាន​តាមដាន​លោក Cullen រហូតដល់​ផ្ទះ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​បាន​រកឃើញ​សត្វ​មេអំបៅ​ងាប់​ជាច្រើន ក្នុងនោះ​មាន Large Blues ចំនួន​២​ក្បាល​។

​ក្រុម​អ្នកស៊ើប​អង្កេត បាន​រកឃើញ​ដាន​មួយចំនួន​ទាក់ទង​នឹង​សកម្មភាព​របស់លោក Withey ដែលជា​អ្នក​ចូលចិត្ត​ប្រមូល​របស់របរ​ម្នាក់​។ បុរស​រូបនេះ បាន​ដាក់លក់​មេអំបៅ​នៅលើ e-Bay ដោយបាន​អះអាង​ប្រាប់​អតិថិជន​ខ្លួន​ថា បាន​ទិញ​ពី​ការ​កសិដ្ឋាន​ចិញ្ចឹម​មេអំបៅ​នៅ​អឺរ៉ុប ជាពិសេស​បារាំង​។​

​មេអំបៅ Large Blues ត្រូវបាន​រកឃើញ​ដំបូង​នៅ​អង់គ្លេស​ក្នុង​ឆ្នាំ​១៧៩៥ ហើយ​បាន​បាត់​ស្ទើរតែ​អស់​ពូជ​នៅ​ឆ្នាំ​១៩៧៩ ។ នៅ​ឆ្នាំ​១៩៨៣ មេអំបៅ​ប្រភេទ​នេះ មាន​វត្តមាន​នៅក្នុង​ប្រទេស​ស៊ុយអែត ជាពិសេស​នៅ​តំបន់​អភិរក្ស​ជាង​១០​កន្លែង​។​

​អង្គការ Butterfly Conservation បាន​អះអាងថា មាន​ទីផ្សារងងឹត​ទាក់ទង​នឹង​ការជួញដូរ​មេអំបៅ Large Blues ដោយ​មួយ​ក្បាល​មានតម្លៃ​ចន្លោះ​ពី​ជាង ២៤៨​ដុល្លារ​អាមេរិក ទៅ ជាង ៣៧៨​ដុល្លារ​អាមេរិក​៕


Tag:
 ប្លែកៗ​
  មេអំបៅ​
  Large Blues
© រក្សាសិទ្ធិដោយ thmeythmey.com