ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ខេត្តសៀមរាប​គ្រោង​ដូរ​ទីលាន​ចាក់សំរាម​ថ្មី​ទៅកាន់​ស្រុក​បន្ទាយស្រី​
25, Mar 2017 , 9:39 pm        
រូបភាព
«កម្មករមួយរូប កំពុងប្រមូល បោះសំរាមនៅតាមដងផ្លូវមួយនៅទីក្រុងសៀមរាប»
«កម្មករមួយរូប កំពុងប្រមូល បោះសំរាមនៅតាមដងផ្លូវមួយនៅទីក្រុងសៀមរាប»
​សៀមរាប​៖ បច្ចុប្បន្ន​ខេត្តសៀមរាប​មាន​ទីលាន​ចាក់សំរាម​តែមួយ​ប៉ុណ្ណោះ គឺ​ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង​។ ដោយសារ​ទីលាន​ចាក់សំរាម​បាន​ពេញ​ទៅហើយ ហើយ​បច្ចុប្បន្ន​អាជ្ញាធរខេត្ត​កំពុង​ស្វែងរក​ទីតាំង​ថ្មី ដើម្បី​ជំនួស​ទីតាំង​ចាស់​។ ក្នុង​គម្រោង​ទីលាន​ចាក់សំរាម​ថ្មី អាច​នៅ​ក្នុងស្រុក​បន្ទាយស្រី ហើយ​ទីលាន​ថ្មី​នេះ​អាជ្ញាធរខេត្ត​គ្រោង​នឹង​រៀបចំ​ឲ្យ​ទៅជា​ទីលាន​ចាក់សំរាម​ស្តង់ដា ដោយ​ក្នុងនោះ​អាច​ច្នៃ​សំរាម​ធ្វើជា​ជីកំប៉ុស​ក៏បាន ធ្វើជា​ហ្គាស​ក៏បាន​។​ល​។​



​អភិបាលរង​ខេត្តសៀមរាប​ទទួលបន្ទុក​ផ្នែក​ការងារ​បរិស្ថាន លោក គឹម ឆៃ​ហៀ​ង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទីលាន​ចាក់សំរាម​ថ្មី​មាន​ចំងាយ​ពី​រដ្ឋបាល​ខេត្តសៀមរាប​ប្រមាណ ៤០​គីឡូម៉ែត្រ គឺ​ឆ្ងាយ​ជាង​ទីតាំង​ចាស់​១០​គីឡូម៉ែត្រ​។ យ៉ាងណា បច្ចុប្បន្ន​អាជ្ញាធរខេត្ត​កំពុង​ស្វែងរក​ដៃគូ​សហការ​ក្នុង​គម្រោង​រៀបចំ​ទីលាន​ចាក់សំរាម​ថ្មី​នេះ ដោយ​ត្រូវ​រៀបចំ​ជាទី​លាន​ស្តង់ដា​មួយ​។ ទីលាន​ចាក់សំរាម​ថ្មី អាច​ច្នៃ​សំរាម​ធ្វើជា​ជី​ក៏បាន ធ្វើ​ហ្គាស​ក៏បាន និង​ធ្វើ​អគ្គិសនី​ក៏បាន​។ នេះ​ជាការ​បញ្ជាក់​របស់លោក​អភិបាលរង​ខេត្តសៀមរាប​។​

​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បរិស្ថាន​វិញ  លោក គឹម ឆៃ​ហៀ​ង បាន​ពន្យល់ថា គឺ​ត្រូវគោរព​តាម​ចំណុច​ស្នូល​៣​សំខាន់ៗ​។ ទីមួយ ធ្វើ​ឲ្យ​ទឹកស្អាត ទី​ពីរ ធ្វើ​ឲ្យ​ដី​ស្អាត និង​ទី​បី ធ្វើ​ឲ្យ​ខ្យល់​ស្អាត​។ ហើយ​ដើម្បី​សម្រេចបាន​លទ្ធផល​ល្អ​នោះ គឺ​ត្រូវ​ការធ្វើការងារ​ជាច្រើន ដែល​រួមមាន​ការចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​ច្បាប់​ព្រៃឈើ ធនធានធម្មជាតិ ជំរុញ​ឲ្យ​មាន​ការដាំ​ដើមឈើ​ឡើងវិញ​។​ល​។ រក្សា​ប្រភពទឹក​នៅលើ​ភ្នំ​គូ​លេន និង​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការងារ​ការពារ​ព្រៃឈើ​។​ល​។​

​សម្រាប់​ការងារ​ប្រមូល​សំរាម​វិញ បច្ចុប្បន្ន​ខេត្តសៀមរាប​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​តែមួយ​អត់ គឺ​ក្រុមហ៊ុន Gaea (​ហ្គា​អីយ៉ា​)​។ ក្រុមហ៊ុន​នេះ​បាន​ប្រតិបត្តិ​ការប្រមូល​សំរាម​ក្នុង​៦​សង្កាត់​ធំៗ​នៅ​ក្រុង​សៀមរាប​។ ក្រៅពី​ក្រុមហ៊ុន​នេះ គឺ​រដ្ឋបាលខេត្ត​មាន​កញ្ចប់​ថវិកា​មួយចំនួន សម្រាប់​ប្រមូល​សំរាម​នៅតាម​សួនច្បារ​សាធារណ និង​ស្ថាប័នរដ្ឋ​មួយចំនួន​ផង តែ​ទំហំ​កញ្ចប់​ថវិកា​នេះ​មិនទាន់​ឆ្លើយតប​នៅឡើយ​។​

​ដើម្បី​ជ្រាប​ច្បាស់​ពី​ព័ត៌មាន​នេះ សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប​ដូចតទៅ​៖





Tag:
 សំរាម​
  គឹម ឆៃ​ហៀ​ង​
© រក្សាសិទ្ធិដោយ thmeythmey.com