កីឡាជាតិ
ជាតិ
ម្ចាស់ផ្ទះ​ស្ទឹងត្រែង​ឈ្នះ​មេដាយមាស​ច្រើនជាងគេ​នា​ការប្រកួត​កីឡា​វាយ​សី​ដើម្បី​អបអរ​បុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង​
25, Mar 2017 , 4:23 pm        
រូបភាព
ដោយ:
​ខេត្តស្ទឹងត្រែង​៖ ក្រុមកីឡា​វាយ​សី​ខេត្តស្ទឹងត្រែង​ឈ្នះ​មេដាយមាស​ច្រើនជាងគេ នា​ការប្រកួត​កីឡា​វាយ​សី​មិត្តភាព​នគរបាលជាតិ ដើម្បី​អបអរ​បុណ្យ​ទន្លេ​លើក​ទី​៣​នៅ​ខេត្តស្ទឹងត្រែង​។ រីឯ​ក្រុម​ក្រសួងមហាផ្ទៃ​ឈរ​លេខ​រៀង​ទី​២ ខណៈ​ខេត្ត​រតនគីរី​ឈរ​លេខ​រៀង​បន្ទាប់​។



​ក្រោយ​ធ្វើការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​មួយថ្ងៃ​កន្លះ​ការប្រកួត​កីឡា​វាយ​សី​ដណ្តើម​ពានរង្វាន់​មិត្តភាព​នគរបាលជាតិ ដើម្បី​អបអរ​បុណ្យ​ទន្លេ​នៅ​ខេត្ត​ស្ទឺ​ង​ត្រែង​បានបញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​២៥ ខែមីនា នេះ​។ ក្នុងនោះ​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ស្ទឺ​ង​ត្រែង​ឈ្នះ​មេដាយមាស​៣ ប្រាក់​៣ និង​សំរឹទ្ធ​៣​។ រីឯ​ក្រុម​ក្រសួងមហាផ្ទៃ​ឈ្នះ​មេដាយមាស​១ និង​ប្រាក់​១ ចំណែក​ខេត្ត​រតនៈគីរី​ទទួលបាន​តែ​មេដាយ​សំរឹទ្ធ​តែមួយ​ប៉ុណ្ណោះ​។​



​មេដាយមាស​ទាំង​៣​របស់​ម្ចាស់ផ្ទះ​ស្ទឹងត្រែង​ឈ្នះ​លើ​វិញ្ញាសា​វាយ​គូ​បុរស​(​កីឡាករ ឈូ ឡុង និង​កីឡាករ ចាន់ សុភ​ក្ត្រា​)​អាយុ​៤០​ឆ្នាំ​ឡើង​ចំនួន​មួយ​, វាយ​គូ​បុរស​(​កីឡាករ ឡា ឌី​ណា និង​កីឡាករ ស៊ី សុធី​) អាយុ​៥០​ឆ្នាំ​ឡើង​ចំនួន​មួយ និង​វាយ​គូ​បុរស​(​កីឡាករ ឃួន លី​វី និង​កីឡាករ ម៉ៅ តារា​)​អាយុ​៦០​ឆ្នាំ​ឡើង​ចំនួន​១​។

​ចំណែក មេដាយប្រាក់​ទាំង​៣​ទទួលបាន​លើ​វិញ្ញាសា​វាយ​គូ​បុរស​(​កីឡាករ គង់ ឆៃ​យ៉ា និង​កីឡាករ គីន សង្សា​ឧ​ត្ត​ម​)​អាយុ​៣០​ឆ្នាំ​ឡើង​, វាយ​គូ​បុរស​(​កីឡាករ សុខ រិទ្ធី និង​កីឡាករ ទី ចាន់​ធា​)​អាយុ​៤០​ឆ្នាំ​ឡើង និង​វាយ​គូ​បុរស​(​កីឡាករ គង់ លី និង​កីឡាករ ឡូត ជុន​សុង​)​អាយុ​៥០​ឆ្នាំ​ឡើង​។ រីឯ​មេដាយ​សំរឹទ្ធ​ឈ្នះ​លើ​វិញ្ញាសា​វាយ​គូ​បុរស​អាយុ​៣០​ឆ្នាំ​, វាយ​គូ​បុរស​អាយុ​៥០​ឆ្នាំ​ឡើង និង​វាយ​គូ​បុរស​អាយុ​៦០​ឆ្នាំ​ឡើង​ម្នា​ក់មួយ​។

​ដោយឡែក មេដាយមាស​១ របស់​ក្រុម​ក្រសួងមហាផ្ទៃ​ឈ្នះ​លើ​វិញ្ញាសា​វាយ​គូ​បុរស​អាយុ​៣០​ឆ្នាំ​ដោយ​កីឡាករ ជា ចាន់​បុល រួម​ដៃ​ជាមួយ​កីឡាករ ជា សែន​វិស្សុត ខណៈ​មេដាយប្រាក់​ឈ្នះ​លើ​វិញ្ញាសា​វាយ​គូ​អាយុ​៦០​ឆ្នាំ​ឡើង​ដោយ​កីឡាករ ជា ប៊ុនហេង សហការ​ជាមួយ​កីឡាករ អាំង សំបូរ​។ ចំណែក​មេដាយ​សំរឹទ្ធ​១​របស់​ខេត្ត​រតនៈគីរី​ដណ្តើមបាន​លើ​វិញ្ញាសា​វាយ​គូ​បុរស​អាយុ​៤០​ឆ្នាំ​ឡើង ដោយ​កីឡាករ ខេង ទិ​ត្យ​សីហា ចាប់ដៃ​ជាមួយ​កីឡាករ គង់ ផល្លី​។



​សម្រាប់​ប្រាក់រង្វាន់​ចំណាត់ថ្នាក់​លេខ​១​ទទួលបាន​៥០​ម៉ឺន​រៀល​, លេខ​២​ទទួលបាន​៤០​ម៉ឺន​រៀល និង​លេខ​៣​បាន​៣០​ម៉ឺន​រៀល​អម​ជាមួយ​មេដាយ និង​សម្ភារ​កីឡា​មួយចំនួនទៀត​។ ការប្រគល់​ប្រាក់រង្វាន់ និង​បំពាក់​មេដាយ​ធ្វើឡើង​ក្រោម​វត្តមាន​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​៕ 


Tag:
 វាយ​សី​
  បុណ្យ​ទន្លេ
  ​ខេត្ត​ស្ទឺ​ង​ត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com