អន្តរជាតិ
ដូ​ណា​ល់ ត្រាំ បរាជ័យ​ក្នុងការ​លុបចោល Obamacare
25, Mar 2017 , 9:59 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ បរាជ័យក្នុងការនិរាករណ៍បញ្ញត្តិសុខាភិបាលលរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា (រូបថត Xinhua)
ប្រធានាធិបតី ដូណាល់ ត្រាំ បរាជ័យក្នុងការនិរាករណ៍បញ្ញត្តិសុខាភិបាលលរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា (រូបថត Xinhua)
​គម្រោង​និរាករណ៍​ច្បាប់​សុខាភិបាល Obamacare ពី​សំណាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់ ក្រោយ​រដ្ឋសភា​អាមេរិក សម្រេចចិត្ត​ដក​សំណើ​ច្បាប់​ថ្មី​ដែល​លើកឡើង​ដោយ​រដ្ឋបាល​លោក ត្រាំ ផ្ទាល់​។ សមាជិក​ជាច្រើន​របស់​បក្ស​សាធារណរដ្ឋ បាន​ជំទាស់​សំណើ​ច្បាប់​ថ្មី បើទោះជា​លោក ត្រាំ គំរាម​ពួកគេ​ឲ្យ​គាំទ្រ​លើ​គម្រោង​និរាករណ៍​បទបញ្ញត្តិ​សុខាភិបាល​នេះ​ក្ដី​។ សមាជិក​ទាំងអស់​រប​ស់​បក្ស​ប្រជាធិបតេយ្យ សុទ្ធតែ​គាំទ្រ​ការរក្សា​ទុក Obamacare នេះ​។​



​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិនមាន​លទ្ធភាព​លុបចោល​បញ្ញត្តិ​សុខាភិបាល​របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ឡើយ ព្រោះ​ក្រុម​សាធារណរដ្ឋ​មិនមាន​សំឡេង​គ្រប់គ្រាន់​ទេ​។ សំណើ​ច្បាប់​ថ្មី​របស់លោក ត្រាំ ត្រូវបាន​ដកចេញ​វិញ នៅមុន​ការបោះឆ្នោត​ក្នុង​សភា ខណៈដែល​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ជាច្រើន ជំទាស់​មហិច្ឆតា​លុបចោល​មរតក​សុខាភិបាល​លោក អូ​បា​ម៉ា ។ នេះ​ជា​បរាជ័យ​ដ៏​ធំ​សម្រាប់​រដ្ឋាភិបាល​លោក ត្រាំ ដែល​ចង់​រំលាយចោល​អ្វីដែល​លោក អូ​បា​ម៉ា បន្សល់ទុក​នោះ​។​

​តាមពិតទៅ ក្រុម​សាធារណរដ្ឋ ដែលមាន​សំឡេង​ភាគច្រើន​នៅ​សភា ចង់​បោះឆ្នោត​និរាករណ៍ Obamacare តាំងពី​ថ្ងៃទី​២៣ ខែមីនា ម្ល៉េះ មុននឹង​សម្រេច​បោះឆ្នោត​នៅ​ថ្ងៃទី​២៤ ខែមីនា វិញ ដ្បិត​លោក ត្រាំ កំពុង​អូសទាញ​សមាជិកសភា​ដែល​ប្រឆាំង​គំនិត​របស់លោក​សិន​។ ប៉ុន្តែ​បើទោះជា​មានការ​លួងលោម​ពី​សំណាក់​សេត​វិមាន ប្រធានសភា Paul Ryan នៅតែ​មិនអាច​ប្រមូល​សំឡេង​បាន​គ្រប់​ចំនួន​២១៦ ដែរ​។

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា លោក​ប្រធានាធិបតី ត្រាំ ខកចិត្ត​ខ្លាំង ក្រោយ​សំណើ​ច្បាប់​ថ្មី​របស់លោក មិនអាច​ចេញ​ជា​រូបរាង​បាន​។ លោក​បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ពី​បន្ទប់​ពងក្រពើ​របស់​សេត​វិមាន​ថា អ្វីៗ​ជិត​ដល់​គោលដៅ​ទៅហើយ​។ ប៉ុន្តែ​លោក​ហាក់​មិនបាន​ទម្លាក់កំហុស​នេះ​លើ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ឡើយ តែ​បែ​ជា​និយាយថា ដោយ​មិនមាន​ការគាំទ្រ​ពី​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ ទើប​សំណើ​ច្បាប់​ថ្មី​បរាជ័យ​។​

​ការលុបចោល Obamacare ជា​នយោបាយ​សំខាន់បំផុត​មួយ​របស់លោក ត្រាំ អំឡុង​យុទ្ធនា​ការស្វែងរក​សំឡេងឆ្នោត​មក​។ នៅមុន​ការបោះឆ្នោត​នៅ​សភា​នេះ លោក ត្រាំ បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​សម្រេច​គោលដៅ​នេះ​ឲ្យ​បាន​។ មិន​ត្រឹមតែ​អូសទាញ​ឡើយ លោក ត្រាំ ក៏​ថែមទាំង​គំរាម​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ថែមទៀត​។ ប៉ុន្តែ​លោក​បែរជា​បរាជ័យ​ទៅវិញ ហើយ​វា​ក៏​ជា​បទពិសោធ​សម្រាប់​លោក ដែល​គ្មាន​បទពិសោធ​ដឹកនាំ​ប្រទេស​អ្វី​សោះ​។

​នៅពេលនេះ Trumpcare មិនអាច​ជំនួស Obamacare បានឡើយ ហើយ​គេ​ក៏​មិនដឹងថា​លោក ត្រាំ នឹង​ព្យាយាម​ម្ដងទៀត​នៅ​ណេ​ល​ខ្លី​ខាងមុខ​ឬ​យ៉ាង​ដែរ​។ មាន​សារព័ត៌មាន​មួយចំនួន​ផ្សាយ​ថា លោក ដូ​ណា​ល់ ត្រាំ បាន​គំរាម​បណ្តា​សមាជិកសភា​បក្ស​ខ្លួន​ដែល​ហ៊ាន​ជំទាស់​គម្រោង​របស់លោក​ផង​។ លោក​គំរាមថា បើសិន​មិន​ចង់​អស់​កៅអី អ្នក​ទាំងនោះ​ត្រូវ​បោះឆ្នោត​លុប​បទបញ្ញត្តិ​សុខ​ភិ​បាល​របស់លោក​។ ជាមួយ​បរាជ័យ​នេះ លោក ត្រាំ ទំនងជា​ប្ដូរ​ទិសដៅ​កែទម្រង់​ប្រព័ន្ធ​ពន្ធ​វិញ​ម្តង​៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Obamacare
© រក្សាសិទ្ធិដោយ thmeythmey.com