អន្តរជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ អាមេរិកជាសម្ព័ន្ធមិត្តរឹងមាំ ឯចិនជាមិត្តភក្តិដ៏ល្អ នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង និងសមភាគីអូស្ត្រាលី Malcolm Turnbull ក្នុងសន្និសីទកាសែតរួមគ្នានៅទីក្រុង Canberra (រូបថត Xinhua)
× ការប្រជែងឥទ្ធិពលគ្នារវាងអំណាចពិភពលោកអាមេរិក និងមហាយក្សចិន បានធ្វើឲ្យប្រទេសជាច្រើនពិបាកសម្រេចចិត្ត តើគួរជ្រើសរើសឈរខាងអ្នកណា។ សម្រាប់អូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តស្អិតល្មួតអស់ពេលយូរឆ្នាំរបស់អាមេរិក និងជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់ចិន នឹងមិនជ្រើសរើសឈរនៅខាងភាគីណាមួយ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull និយាយថា អូស្ត្រាលីមិនចាំបាច់ត្រូវងាកទៅខាងណាឡើយ ព្រោះអូស្ត្រាលីមានទំនាក់ទំនងល្អទាំងជាមួយអាមេរិក ទាំងជាមួយចិន។
ខណៈដែលប្រទេសខ្លះងាកទៅរកអាមេរិក ខ្លះទៀតងាកទៅរកចិន អូស្ត្រាលីឯណោះ បានសម្រេចចិត្តចាប់យកមហាអំណាចទាំង២ តែម្ដង។ នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull នៅថ្ងៃទី២៤ ខែមីនា និយាយថា អូស្ត្រាលី មិនជ្រើសរើសមហាអំណាចណាមួយឡើយ មិនថាចិន ឬអាមេរិកឡើយ ព្រោះអូស្ត្រាលី មានទំនាក់ទំនងល្អជាមួយមហាយក្សទាំង២ ស្រេចទៅហើយ។ លោកនិយាយបែបនេះ ស្របពេលដែលនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង ទស្សនកិច្ចផ្លូវការនៅអូស្ត្រាលីនោះ។
ចំពោះមុខអ្នកកាសែតជាច្រើនក្នុងទីក្រុង Canberra នាយករដ្ឋមន្ត្រីអូស្ត្រាលីនិយាយពីការឱបក្រសោបមហាអំណាចទាំង២ ថា៖ «យើងមានសម្ព័ន្ធដ៏ខ្លាំងរឹងមាំនៅក្រុងវ៉ាស៊ីនតោន និងមានមិត្តភក្តិដ៍ល្អមួយទៀតនៅក្រុងប៉េកាំង។ ដូច្នេះគំនិតដែលលើកឡើងថា អូស្ត្រាលី ត្រូវជ្រើសរើសរវាងអាមេរិក និងចិន គឺមិនត្រឹមត្រូវឡើយ»។
គំនិតមិនជ្រើសរើសអ្នកណាទាំងអស់របស់នាយករដ្ឋមន្ត្រី Turnbull ក៏ត្រូវបានប្រមុខរដ្ឋាភិបាលចិនគាំទ្រជំហរដែរ។ បើតាមសារព័ត៌មាន RT នាយករដ្ឋមន្ត្រី លី ខឺឈាំង ដែលទស្សនកិច្ចនៅអូស្ត្រាលី បញ្ជាក់ថា ចិនគោរពនយោបាយការបរទេសរបស់ប្រទេសជាមិត្ត ហើយចិនផ្ទាល់ក៏មិនចង់ឃើញអ្នកណាឈរនៅខាងភាគីណាទៀតដែរ។
នាយករដ្ឋមន្ត្រី លី គឺជាមន្ត្រីជាន់ខ្ពស់ទី១ ដែលទស្សនកិច្ចនៅអូស្ត្រាលីចាប់ទាំងពីទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនភីង ក្នុងឆ្នាំ២០១៤ មក។ ក្នុងដំណើរទស្សនកិច្ចលើកនេះ អូស្ត្រាលី និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដោយរួមទាំងលើកលែងការព្យួរការនាំចូលសាច់គោអូស្ត្រាលីចូលទីផ្សារចិនដែរ។ កន្លងមក មានតែក្រុមហ៊ុនអូស្ត្រាលី១១ប៉ុណ្ណោះ ដែមានសិទ្ធិនាំចូលសាច់គោទៅកាន់ទឹកដីចិនបាន។
ងាកមកទំនាក់ទំនងការទូតវិញ អូស្ត្រាលី គឺជាមិត្តរបស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិក ហើយជារឿយៗនោះ អូស្ត្រាលីក៏មិនត្រូវគ្នាជាមួយចិន ជាពិសេសជម្លោះសមុទ្រចិនខាងត្បូងតាមការអូសទាញរបស់អាមេរិក។ ប៉ុន្តែដោយសារទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មយ៉ាងធំជាមួយចិន អូស្ត្រាលី ហាក់នៅចំកណ្ដាលផ្លូវបំបែករវាងអាមេរិក និងចិន។ ពោល គឺខ្នងដៃក៏សាច់ បាតដៃក៏សាច់។ ប៉ុន្តែចំពេលទំនាក់ទំនងជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ រអាក់រអួល អូស្ត្រាលី ក៏ចាប់ផ្ដើមពង្រឹងទំនាក់ទំនងជាមួយចិនកាន់តែខ្លាំង៕
Tag:
អូស្ត្រាលី
អាមេរិក
ចិន
Malcolm Turnbull
© រក្សាសិទ្ធិដោយ thmeythmey.com