ជាតិ
ក្រសួង​ការងារ ចេញ​វិធានការ​ដើម្បី​បញ្ជៀ​ស​ការដួលសន្លប់ ដែល​បណ្ដា​លពី​ការកើនឡើង​កម្ដៅ​
25, Mar 2017 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញ​សេចក្ដីណែនាំ ស្ដីពី​ការបញ្ជៀ​ស​ការដួលសន្លប់​ជាយ​ថ​ហេតុ ដែល​បណ្ដាលមកពី​ការកើនឡើង​កម្ដៅ ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន ជាពិសេស​សហគ្រាស កាត់ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​



​ដើម្បី​បញ្ជៀ​ស​ការដួលសន្លប់ ដែល​បណ្ដាលមកពី​ការកើនឡើង​កម្ដៅ​នារ​ដូង​ប្រាំង ក្រសួង​មាន​វិធានការ​៩​ចំនុច សម្រាប់​ម្ចាស់​សហគ្រាស និង​គ្រឹះស្ថាន​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​។ ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​មើលថែទាំ និង​ត្រួតពិនិត្យ​ជាប្រចាំ និង​បើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បញ្ចេញ​ប​ញ្ជូ​ល​ខ្យល់​នៅតាម​អាគារ​ផលិតកម្ម​ទាំងអស់​។ ជាពិសេស ត្រូវដាក់​ឲ្យ​មាន​ឧបករណ៍​វាស់​ស្ទង់កម្ដៅ នៅ​កន្លែងធ្វើការ ដើម្បី​ងាយស្រួល​ក្នុងការ​តាមដាន​ការវិវត្ត​នៃ​កម្ដៅ​។​

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បញ្ជាក់ទៀតថា ម្ចាស់​សហគ្រាស​ទាំងអស់ ត្រូវ​រៀបចំ​ទុកដាក់​សម្ភារៈ កុំ​ឲ្យ​បាំង​ខ្យល់​ចេញចូល និង​ត្រូវ​បើក​បង្គួ​ច ទ្វា  ឲ្យ​បាន​ទូលំទូលាយ​។ បន្ថែម​លើ​នេះ ម្ចាស់​សហគ្រាស ត្រូវ​រៀបចំ​ទឹក​សម្រាប់​ស្រោច​នៅលើ​ដំបូល​អាគារ និង​ផ្ដល់​ទឹកស្អាត​សម្រាប់​បរិភោគ​ឲ្យ​បាន​គ្រប់គ្រាន់​ដល់ក​ម្មករ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​មើលថែទាំ និង​ត្រួតពិនិត្យ​ប្រព័ន្ធ​បង្ការ​អគ្គិភ័យ និង​រៀបចំ​ការជម្លៀស​ខ្លួន ឬ​សញ្ញា​សុវត្ថិភាព​នៅតាម​បុ​ស្ដិ៍​ការងារ  និង​អប់រំ​បណ្ដុះបណ្ដាល​កម្មករ​ជាដើម​។ ម្យ៉ាងទៀត ចំពោះ​ម្ចាស់​សហគ្រាស ដែលមាន​ប្រើប្រាស់​សារធាតុ​គីមី​ងាយ​ឆាបឆេះ ត្រូវ​រៀបចំ​ឲ្យ​មាន​ប្រុងប្រយ័ត្ន និង​រក្សា​ទុកដាក់​ឲ្យ​ដាច់ដោយឡែក​ពីគ្នា​។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សង្ឃឹមថា ម្ចាស់​សហគ្រាស និង​គ្រឺះ​ស្ថាន​ទាំងអស់ នឹង​អនុវត្តតាម​សេចក្ដីជូនដំណឹង​នេះ​៕


Tag:
 ក្រសួង​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com