ពីនេះ ពីនោះ
អ្នក​ដែល​ធ្លាប់​រស់​នៅឯ​បរទេស ហើយ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ មិន​ហៅថា «​អាណិកជន​» ទេ​
26, Mar 2017 , 7:30 am        
រូបភាព
​ភ្នំពេញ​៖ ប្រសិនបើ​ជនជាតិខ្មែរ​ណា​ម្នាក់ កំពុង​រស់នៅ​និង​ធ្វើការ​ក្នុងប្រទេស​ដទៃ ជនជាតិខ្មែរ​រូបនោះ អាចមាន​ឈ្មោះថា «​អាណិកជន​»​។ ប៉ុន្តែ ប្រសិនបើ​ត្រឡប់​មកដល់​កម្ពុជា​វិញ ជនជាតិខ្មែរ​រូបនោះ លែងមាន​ឈ្មោះថា «​អាណិកជន​» ទៀតហើយ ទោះបីជា​ធ្លាប់​រស់​នៅឯ​បរទេស​ក៏ដោយ​។



​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន នៅតែ​ហៅ​ជនជាតិខ្មែរ​ដូចគ្នា ដែល​ធ្លាប់​ទៅ​រស់​នៅឯ​បរទេស​ថា​ជា «​អាណិកជន​» ដដែល ខណៈ​ជនជាតិខ្មែ​រូបនោះ កំពុងមាន​វត្ត​មាននៅ​លើ​ទឹកដី​កម្ពុជា​។ ឧទាហរណ៍​ថា​៖«​ដា​នី បាន​រៀបការ​ជាមួយ​បុរស​ខ្មែរ​ម្នាក់ ជា​អាណិកជន ដែល​ធ្លាប់​ទៅ​រស់​នៅឯ​សហរដ្ឋអាមេរិក​។ ឥឡូវ ពួកគេ​ទាំងពីរ​នាក់ កំពុង​រស់នៅក្នុង​រាជធានី​ភ្នំពេញ​»​។

​ការបន្ត​ហៅ​បុរស​នោះ​ថា «​អាណិកជន​» ខណៈ​រូបគេ កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ដូច្នេះ គឺ​មិន​ត្រឹមត្រូវ ឡើយ​។ ប៉ុន្តែ យើង អាច​និយាយថា​៖«​ដា​នី បាន​រៀបការ​ជាមួយ​បុរស​ខ្មែរ​ម្នាក់ ជា​អតីត​អាណិកជន ដែល​ធ្លាប់​ទៅ​រស់​នៅឯ​សហរដ្ឋអាមេរិក​។ ឥឡូវ ពួកគេ​ទាំងពីរ​នាក់ កំពុង​រស់នៅក្នុង​រាជធានី​ភ្នំពេញ​»​។

​ការប្រើ​ពាក្យ​ថា «​អតីត​អាណិកជន​» បែបនេះ គឺ​បញ្ជាក់ថា បុរស​នោះ ធ្លាប់ជា «​អាណិកជន​» ដែល​បាន​ទៅ​រស់​នៅឯ​បរទេស ប៉ុន្តែ​ឥឡូវ រូបគេ លែង​ជា «​អាណិកជន​» ទៀតហើយ​។​

​វចនានុក្រម​សម្តេច ជួន ណាត ពន្យល់ថា «​អាណិកជន​» គឺជា​ជនជាតិ​នានា ដែល​នៅ​អាស្រ័យ​ប្រកបមុខរបរ​ក្នុងប្រទេស​ដទៃ​។ ឧ​ទារ​ហណ៍​ថា​៖«​អាណិកជន​ជាតិខ្មែរ នៅក្នុង​សហរដ្ឋអាមេរិក ត្រូវបាន​ការពារ​ដោយ​ស្ថានទូត​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក​»​។  ដូច្នេះ​ពាក្យ «​អាណិកជន​» គឺ​យើង​និយាយ​ដោយ​សំដៅ​ទៅលើ​ជនជាតិខ្មែរ​ណា​ម្នាក់ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ដទៃ​។ នៅពេល ជនជាតិខ្មែរ​រូបនោះ មកកាន់​កម្ពុជា​វិញ គឺ​លែងមាន​ឈ្មោះថា «​អាណិកជន​» ទៀតហើយ​៕




Tag:
 ពន្យល់ពាក្យ
  អាណិកជន
© រក្សាសិទ្ធិដោយ thmeythmey.com