ជាតិ
ទូត​អាមេរិក​នៅ​កម្ពុជា ជិះទូក​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប ដើម្បី​ស្វែងយល់​ពី​ភាព​អស្ចារ្យ​របស់​ទន្លេ​នៅ​កម្ពុជា​
26, Mar 2017 , 9:39 am        
រូបភាព
រូបភាពពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា
រូបភាពពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា
​លោក William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Zeb Hogan ម្ចាស់​គម្រោង «​អច្ឆរិយ​ទន្លេមេគង្គ​» និង​ក្រុមយុវជន នៃ​ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​(AYC) និង​អេកូ​យុវ​ទូត បាន​ជួបជុំគ្នា ស្វែងយល់​ពី​សារៈសំខាន់​នៃ​វត្តមាន​ប្រភេទ​ត្រី​ធំៗ នៅក្នុង​ទន្លេ និង​ភាព​ប្រយោជន៍​របស់​ទន្លេ​នេះ​សម្រាប់​ពលរដ្ឋ​កម្ពុជា​។​



​ជំនួប​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ដោយ​ទូត​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមីនា​កន្លងទៅ​។
​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា William Heidt បានបញ្ជាក់​នា​ដំណើរ​ដោយ​ទូក​នេះ​ថា លោក​រីករាយ​ដែល​បាន​ចូលរួម​ជាមួយ លោក Zeb Hogan ជាពិសេស​គឺ​បាន​ស្វែងយល់​ពី​សារៈសំខាន់​រប​ស់​ទន្លេ​នៅ​កម្ពុជា​។ 

​លោក Zeb Hogan ដែលមាន​បទពិសោធន៍​ជិត​២០​ឆ្នាំ​រស់នៅ និង​ធ្វើការ​នៅ​តំបន់​ទន្លេមេគង្គ បាន​បញ្ជាក់ថា នៅ​ទន្លេមេគង្គ​មាន​ប្រភេទ​ធំៗ និង​ត្រី​កម្រ​ដូចជា ត្រី​រាជ ត្រី​គល់រាំង និង​បបែល​ទឹកសាប​ជាដើម ដែលជា​ប្រភេទ​ត្រី​ទឹកសាប​ដែល​ធំជាងគេ​ក្នុង​ពិភពលោក​។ ប្រភេទ​ត្រី​ទាំងនេះ​ក៏មាន​នៅ​កម្ពុជា​ដែរ​។ 



​លោក Zeb Hogan  ដែល​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ការធ្វើជា​ម្ចាស់​កម្មវិធី «​ត្រី​យក្ស​» នៃ​កម្មវិធី​ទូរទស្សន៍ Nat Geo Wild បាន​ថ្លែង​ទៀតថា ប្រភេទ​ត្រី​យក្ស​ទាំងនេះ គឺមាន​សារៈសំខាន់​ណាស់ ពោល​វា​អាច​ឲ្យ​គេ​ដឹង​ពី​ស្ថានភាព ឬ​មាន​បញ្ហា​អ្វីមួយ​នៅក្នុង​ទឹកទន្លេ​។ 

​លោក Zeb បញ្ជាក់​ដូច្នេះ​៖«​ប្រសិនបើ​ត្រី​ធំៗ​នៅ​បន្ត​រស់នៅក្នុង​ទន្លេ មានន័យថា​ប្រភេទ​ត្រីភាគ​ច្រើន​នៅក្នុង​ទន្លេ​ក៏​រស់នៅ​បានដែរ​។ ការរក្សា​ប្រភេទ​ត្រី​ធំៗ​នៅក្នុង​ទន្លេ មានន័យ​ស្មើនឹង​រក្សា​ទាំង​ប្រភេទ​ត្រី​តូចៗ ឬ​មធ្យម ដែលជា​ប្រភព​អាហារ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​»​។​



​យ៉ាងណាក៏ដោយ ម្ចាស់​គម្រោង​រូបនេះ ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ក្នុងការ​អភិរក្ស​ប្រភេទ​ត្រី​យក្ស និង​ប្រភេទ​ត្រី​ផ្សេងទៀត នៅក្នុង​ទន្លេមេគង្គ និង​ប្រភេទ​ត្រី​កម្រ​នៅ​កម្ពុជា​ដែរ​។ បញ្ហា​ទាំងនោះ មានដូចជា បញ្ហា​អ្វី​កើតឡើង​នៅក្នុង​ទន្លេ ដូចជា​ការសង់​ទំនប់​វា​រី​អគ្គិសនី​នៅ ដែល​រារាំង​ការ​បំលាស់​ទី​របស់​ត្រី​ទៅ​បង្ក​កំណើត ការបំពុល​ទឹក និង​ការនេសាទ​ខុសច្បាប់​ជាដើម​។ 

​សូមបញ្ជាក់ថា គម្រោង​«​អច្ឆរិយ​ទន្លេមេគង្គ​» គាំទ្រ​ដោយ​USAID ត្រូវ​បានប្រកាស​អនុវត្តន៍​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ​កន្លងទៅ​។ គម្រោង​នេះ​មាន​រយៈពេល​៥​ឆ្នាំ រៀបចំឡើង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ទន្លេមេគង្គ និង​ប្រព័ន្ធ​អេកូឡូស៊ី​របស់​វា ដែលជា​ផ្នែក​ដ៏​សំខាន់ ដល់​សេដ្ឋកិច្ច និង​សុខភាព​សង្គម​នៃ​តំបន់​អាស៊ីអាគ្នេយ៍​៕


© រក្សាសិទ្ធិដោយ thmeythmey.com