កីឡាជាតិ
ជាតិ
ចំបាប់ និង​ល្បុក្កតោ​ទទួលបាន​ការទាក់ទាញ​យ៉ាងខ្លាំង​ពី​មហាជន​នា​បុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង​
26, Mar 2017 , 10:03 am        
រូបភាព
រូបភាពពីសហព័ន្ធកីឡាចំបាប់កម្ពុជា
រូបភាពពីសហព័ន្ធកីឡាចំបាប់កម្ពុជា
ដោយ:
​ខេត្តស្ទឹងត្រែង​៖ ចំបាប់​បុរាណ និង​ក្បាច់គុន​ល្បុក្កតោ ដែលជា​មរតក​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ ត្រូវបាន​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដាក់​ឲ្យ​ប្រកួត និង​សម្តែង​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នៅ​ខេត្ត​ស្ទឺ​ង​ត្រែង​។ តាមរយៈ​ការបង្ហាញ​ខ្លួន​នេះ កីឡា​ទាំងពីរ​ទទួលបាន​ការ​គាំទ្រ​យ៉ាងច្រើន ពី​សំណាក់​មហាជន​ដែល​បានមក​ចូលរួម​ពិធីបុណ្យ​ទន្លេ​នេះ​។​



​កីឡា​ចំបាប់ និង​ក្បាច់គុន​ល្បុក្កតោ​បាន​ទាក់ទាញ​ទឹកចិត្ត​កុមារ និង​យុវជន ព្រមទាំង​មហាជន​ឲ្យ​ចូលរួម​ប្រកួត និង​ទស្សនា​យ៉ាងច្រើន​កុះករ​។ កីឡា​ទាំងពីរ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត និង​សម្តែង​ក្នុង​ថ្ងៃទី​២​នៃ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៧​។ ពិធីបុណ្យ​ទន្លេ​ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ទន្លេ​ផ្សារភ្ជាប់​ប្រជាជន វប្បធម៌ និង​បរិស្ថាន​»​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៦ ខែមីនា នេះ​។​

​បើ​យោងតាម​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា លោក ធិ​ន វិចិត្រ ក្រៅពី​ការប្រកួត និង​សម្តែង​របស់​កីឡាករ​ជំនាញ​ពី​សហព័ន្ធ ចំបាប់​បាន​ទាក់ទាញ​កុមារ និង​យុវជន​ឲ្យ​ចូលរួម​ប្រកួត​រហូតដល់​៤៥​គូ ក្នុងនោះ​ក៏មាន​នារី​ចូលរួម​ផងដែរ​។ លើសពីនេះ កីឡា​ដែលជា​មរតក​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​ទាំងពីរ​នេះ បានធ្វើ​ឲ្យ​មហាជន​ដែល​ចូលរួម​ទស្សនា​មាន​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង​តាម​ករ​យៈ​ការចូលរួម​ប្រកួត​របស់​កុមារ​តូចៗ និង​យុវជន​។



​សម្រាប់​ការចូលរួម​ប្រកួត​របស់​កុមារ និង​យុវជន​នេះដែរ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ក៏មាន​ការផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ផងដែរ ក្នុងនោះ​អ្នកឈ្នះ​ទទួលបាន​១​ម៉ឺន​រៀល និង​អ្នកចាញ់​បាន​៥​ពាន់​រៀល​។ ប៉ុន្តែ​សម្រាប់​យុវនារី និង​កុមារី​អ្នកឈ្នះ​ទទួលបាន​២​ម៉ឺន​រៀល និង​អ្នកចាញ់​ទ​ទូល​បាន​១​ម៉ឺន​រៀល​។ ក្រៅពី​ប្រភេទ​កីឡា​ទាំងពីរ​នេះ កីឡាបាល់ទាត់​, បាល់ទះ​, ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​, ប្រណាំង​កង់​, រត់ប្រណាំង និង​ទាញព្រ័ត្រ​ជាដើម​ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ​ផងដែរ​។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៥ ខែមីនា ដែលជា​ថ្ងៃទី​២​នៃ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ នៅ​ខេត្តស្ទឹងត្រែង ក្នុងចំណោម​កីឡា​ទាំង​១១​ប្រភេទ​ដែល​ដាក់​ឲ្យ​ចូលរួម​ក្នុង​ព្រឺ​ត្តិ​ការណ៍​នេះ បាន​សម្តែង និង​ប្រកួត​អស់ហើយ​។ ប៉ុន្តែ​ក្នុងចំណោម​កីឡា​ទាំងនេះ បានបញ្ចប់​ជា​ស្ថាពរ​ចំនួន​៩​ប្រភេទ​កីឡា ខណៈ​បាល់ទាត់ និង​បាល់ទះ​គ្រោង​នឹង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា​៕


Tag:
 ចំបាប់​
  ល្បុក្កតោ​
  បុណ្យ​ទន្លេ​
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com