ជាតិ
នយោបាយជាតិ
ឃុំ-សង្កាត់៖ បក្សធំទាំងពីរលែងនិយាយពីលេខ ៤ ឬ ៧ ទៀតហើយ!
× ភ្នំពេញ៖ លេខរៀងពីមុន ដែលតំណាងឲ្យបក្សកាន់អំណាច និងបក្សប្រឆាំង នឹងត្រូវផ្លាស់ប្តូរ នៅពេលការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ក្នុងអាណត្តិទី៤ ឈានមកដល់។ ដូច្នេះ លេខ៤ និងលេខ៧ គ្មានន័យអ្វី សម្រាប់បក្សធំៗទាំងពីរនេះ ទៀតទេ។
ចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិ ក្នុងអាណត្តិទី៥ កាលពីឆ្នាំ២០១៣ មក លេខ៤ តំណាងឲ្យគណបក្សប្រជាជនកម្ពុជា ហើយលេខ៧ តំណាងឲ្យគណបក្សសង្គ្រោះជាតិ។ អ្នកនយោបាយ រួមទាំងអ្នកគាំទ្រ បានចាត់ទុកលេខរៀងខាងលើ ថាជាលេខដ៏ល្អ និងនាំសំណាងឲ្យគណបក្សរបស់ពួកគេ។
លើសពីនេះ ពួកគេ បានយកលេខ៤ និងលេខ៧ មកនិយាយឌឺដងនិងបង្អាប់គ្នាទៅវិញទៅមក ផងដែរ។ ពេលខ្លះ អ្នកគាំទ្រ ក៏ទាស់ទែងគ្នា ដោយសារតែលេខ៤និងលេខ៧នេះ។
ប៉ុន្តែ ពេលនេះ លេខ៤ និងលេខ៧ បានក្លាយទៅជាលេខធម្មតាវិញហើយ សម្រាប់គណបក្សទាំងពីរ។ មូលហេតុនោះគឺថា គណបក្សនីមួយៗ នឹងមានលេខថ្មី ដែលតំណាងឲ្យខ្លួន សម្រាប់ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាពេលខាងមុខ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា លោក មិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ចំពោះលេខលេងរៀង។ លោក និយាយដូច្នេះថា៖«វា គ្មានសំខាន់អ្វីទេ រឿងហ្នឹងនោះ។ លេខចាស់ នឹងត្រូវផ្លាស់ប្តូរហើយ។ ឃុំ-សង្កាត់នីមួយៗ គឺយើងមានលេខរៀង មិនដូចគ្នាទេ។ ហើយប្រជាពលរដ្ឋ ក៏គាត់យល់ដែរ។ ដូច្នេះ វា គ្មានបញ្ហាអ្វីស្មុគស្មាញ ឡើយ»។
ដោយចាត់ទុកថាលេខរៀង មិនមែនជារឿងសំខាន់ លោក សុខ ឥសាន ក៏បែរមកនិយាយពី គោលការណ៍ ដែលគណបក្ស ត្រូវបំពេញ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ពេលបោះឆ្នោត។ លោក សង្កាត់ធ្ងន់ថា រឿងសំខាន់ គឺត្រូវធ្វើយ៉ាងណា ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពជឿជាក់ ហើយបន្តបោះឆ្នោតជួនគណបក្សប្រជាជនកម្ពុជា។
ចំណែកឯ គណបក្សសង្គ្រោះជាតិវិញ បានប្រកាសត្រង់ៗតែម្តង ថា លេខ៧ មិនមែនជាតំណាងឲ្យគណបក្សសង្គ្រោះជាតិ ទៀតទេ។ ឯកឧត្តម កឹម សុខា ក្នុងនាមជាប្រធានបក្សសង្គ្រោះជាតិ ព្រួយបារម្ភចំពោះការភាន់ច្រឡំ ប្រសិនបើមិនបញ្ឈប់ការហៅលេខ៧ ថាជាតំណាងឲ្យគណបក្សសង្គ្រោះជាតិ នោះទេ។
ប្រធានបក្សប្រឆាំងរូបនេះ បញ្ជាក់ដូច្នេះថា៖«សូមបញ្ឈប់ទម្លាប់ជាទូទៅថា គណបក្សសង្គ្រោះជាតិលេខ៧ទៀតទៅ នាំឲ្យមានការភាន់ច្រឡំ ព្រោះលេខរៀងគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧នេះ អាស្រ័យលើការចាប់លេខរៀងតាមឃុំ-សង្កាត់នីមួយៗ ហើយមិនមែនសុទ្ធតែលេខ៧គ្រប់ឃុំ-សង្កាត់ ដូចការបោះឆ្នោតតំណាងរាស្ដ្រឆ្នាំ២០១៣ទេ»។
សូមញ្ជាក់ថា ការបោះឆ្នោតឆ្នោតថ្នាក់ឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។ លេខរៀង ដែលតំណាងឲ្យគ្រប់គណបក្សនយោបាយ ក្នុងឃុំ-សង្កាត់ ទាំង១៦៤៦ គឺមិនដូចគ្នាទេ។ នៅក្នុងឃុំ-សង្កាត់មួយ គណបក្សនយោបាយ មានលេខរៀង ដែលតំណាងឲ្យខ្លួន។ នៅក្នុងឃុំ-សង្កាត់មួយផ្សេងទៀត គណបក្សដដែលនោះ ត្រូវមានលេខរៀងផ្សេងទៀត ដែលតំណាងឲ្យខ្លួន៕
Tag:
CPP
CNRP
លេខរៀង
បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com