កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ត្រៀមថវិកា៥២លានរៀលផ្តល់ជូនជើងខ្លាំងអុកអង្គរសង្ក្រាន្តបន្ថែមលើប្រាក់រង្វាន់ប្រចាំឆ្នាំ
× ដើម្បីលើកទឹកចិត្ត និងបង្កើនការប្រកួតកីឡាអុកចត្រង្គក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តប្រចាំឆ្នាំ២០១៧ ឲ្យកាន់តែមានភាពស្វិតស្វាញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រៀមថវិកាចំនួន៥២លានរៀល ដើម្បីឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករដែលបានចូលរួមប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយនៅលើទឹកដីអង្គរ ខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រៅពីប្រាក់រង្វាន់របស់គណៈកម្មការក្រោមកិច្ចសហការរវាង NOCC និងក្រុមហ៊ុនគៃគូឯកជន ដែលផ្តល់ជូនម្ចាស់ជ័យលាភី១២លានរៀល, លេខពីរ ៨លានរៀល, លេខបី ៤លានរៀល និងលេខបួន ៣លានរៀល។ ម្ចាស់ជ័យលាភីទាំងនេះ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ក្នុងនោះចំណាត់ថ្នាក់លេខ១ទទួល ២០លានរៀល, លេខ២បាន ១២លានរៀល, លេខ៣បាន ៨លានរៀល និងលេខ៤លានរៀល។ ហើយក្រៅពីនេះសម្តេចក៏ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករពីលេខ៥ដល់លេខ៨ម្នាក់២លានរៀលផងដែរ។ សរុបជារួមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចំណាយថវិកាទាំងអស់ចំនួន៥២លានរៀល។
កីឡាករម្ចាស់ជ័យលាភីស្តេចអុកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ នឹងទទួលបានប្រាក់រង្វាន់សរុបចំនួន៣២លានរៀល(៨ពាន់ដុល្លារ), លេខ២ទទួលបាន២០លានរៀល(៥ពាន់ដុល្លារ), លេខ៣បាន១២លានរៀល(៣ពាន់ដុលា្លរ) និងលេខ៤បាន៧លានរៀល(១,៧៥០ដុល្លារ)។
បើយោងតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្នុងដំណាក់កាលជម្រុះដំបូងដែលធ្វើនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា មានអត្តពលិកចូលរួមចំនួន១៥៣នាក់។ ក្នុងចំណោមអត្តពលិកទាំងនេះនឹងចម្រាញ់យកជើងខ្លាំងចំនួន៨នាក់ឡើងទៅប្រកួតប្រជែងនៅដំណាក់ផ្តាច់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចន្លោះពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា នៅមុខប្រាសាអង្គរ ខេត្តសៀមរាប៕
Tag:
អុកចត្រង្គ
ហ៊ុន សែន
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com