ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកបើកបរយានយន្តគ្មានបណ្ណបើកបរត្រូវរងពិន័យពី ៤សែន ដល់ជាង ៨សែនរៀល
× ភ្នំពេញ៖ អ្នកបើកបរយានយន្តត្រូវរងពិន័យប្រាក់ពី ៤សែនដល់ ៨សែនរៀល ប្រសិនបើពួកគេបើកបរយានយន្តគ្មានបណ្ណបើកបរក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូតព្យួរទុក ឬទុកជាមោឃ។ នេះបើតាមមាត្រា១០ នៃអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
តាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ថ្មី រដ្ឋាភិបាលបានបង្គាប់សមត្ថកិច្ចអនុវត្តច្បាប់ឲ្យពិន័យចំពោះអ្នកបើកបរយានយន្តធុនស្រាលចំនួន ៤០០ ០០០ (បួនសែន) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ៨០០ ០០០ (ប្រាំបីសែន)រៀល។
បន្ថែមលើសពីនេះ មាត្រា១០ នៃអនុក្រឹត្យនេះបានចែងបញ្ជាក់ទៀតថា សមត្ថកិច្ចត្រូវកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង ក្នុងករណីជនល្មើសធ្លាប់ទទួលរងពិន័យម្តងរួច ហើយគេនៅតែបន្តប្រព្រឹត្តល្មើសក្នុងអំឡុងពេល ៦ (ប្រាំមួយ)ខែ គិតចាប់ពីការពិន័យអន្តរការណ៍លើកមុន។
ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តវិញ សមត្ថកិច្ចត្រូវអនុវត្តតាមប្បញ្ញត្តិនៃមាត្រា ៩ នៃអនុក្រឹត្យ។ អនុក្រឹត្យ ស្តីពីការពិន័យអន្តរការណ៍ថ្មី ចែងបញ្ជាក់។
តាមអនុក្រឹត្យចុះនៅថ្ងៃទី២១ មីនានេះ ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ ប្រសិនបើអនីតិជនមានអាយុ ក្រោម ១៥ឆ្នាំ បានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យ។ តាមអនុក្រឹត្យដដែល បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់មន្ត្រីមានសមត្ថកិច្ចពេលអនុវត្តច្បាប់ មានសិទ្ធិប្តឹងតវ៉ាទៅប្រធានអង្គភាពដែលគ្រប់គ្រងមន្ត្រីអនុវត្តនោះផ្ទាល់នៅទូទាំងប្រទេស ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ គិតពីថ្ងៃទទួលបង្កាន់ដៃពិន័យអន្តរការណ៍៕
Tag:
ច្បាប់
ចរាចរណ៍
មហាផ្ទៃ
សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com